តំណាងរាស្ត្រនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានអំពាវនាវឲ្យសហរដ្ឋអាមេរិកចាត់តាំងប្រេសិតថ្មីទៅកាន់តំបន់ Great Lakes ដើម្បីជំនួសលោក Russ Feingold ដែលបានចូលនិវត្ត។ នៅក្នុងសារលិខិតមួយសរសេរទៅកាន់លោក អូបាម៉ា តំណាងរាស្ត្រទាំងនោះនិយាយថា ពួកគាត់ត្រូវការប្រេសិតរបស់សហរដ្ឋអាមេរិកដើម្បីប្រឈមមុខជាមួយនឹងភាពអសន្តិសុខដែលកម្រើកឡើងវិញនៅក្នុងតំបន់នោះ។
សមាជិកសភានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដប់នាក់មកពីគណបក្សប្រឆាំងផ្សេងៗ និងក្រុមចម្រុះនៃគណបក្សកាន់អំណាចបានចុះហត្ថលេខាលើលិខិតមួយទៅកាន់ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ដែលលិខិតនោះត្រូវបានបញ្ចេញជាសាធារណៈនៅក្នុងសប្តាហ៍នេះ។
ក្នុងលិខិតនោះ ពួកគាត់បានស្នើឲ្យលោកអូបាម៉ាដាក់តំបន់ Great Lakes នៃទ្វីបអាហ្វ្រិកក្នុងរបៀបវារៈកំពូលរបស់លោក ដោយសារតែភាពអសន្តិសុខកើតឡើងសារជាថ្មី និងគ្រោះថ្នាក់ដែលកើតចេញពីការកើនឡើងនៃអំពើភេរវកម្មដោយក្រុមអ៊ីស្លាមនៅក្នុងតំបន់នោះ។
តំណាងរាស្ត្រទាំងនោះបានកត់ត្រាអំពីការសម្លាប់រង្គាលដែលបានឆក់យកជីវិតមនុស្សជាង៤០០នាក់ ចាប់តាំងពីខែតុលាមក និងការកើនឡើងនៃការចាប់ពង្រត់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត ក៏ដូចជាចលាចលដែលកើតឡើងថ្មីៗនេះក្នុងប្រទេសប៊ូរុនឌី។
ពួកគាត់បានលើកឡើងថា នេះអាចជាការចាប់ផ្តើមចលនាបះបោរថ្មីមួយទៀតនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលអាចធ្វើឲ្យការងារដែលសម្រេចឡើងដោយអតីតប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក Russ Feingold វិវត្តទៅរកភាពដើមវិញ។ ក្រុមអ្នកតំណាងរាស្រ្តជាច្រើនបានផ្តល់តម្លៃដល់ការងារទាំងនោះថា បានដើរតួយ៉ាងសំខាន់ក្នុងការយកជ័យជម្នះលើការបះបោរ M23 នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីឆ្នាំ២០១៣។
លិខិតនោះបានបញ្ចប់ដោយមានការអំពាវនាវឲ្យលោកប្រធានាធិបតីតែងតាំងប្រេសិតពិសេសថ្មីមួយទៅកាន់តំបន់នោះឲ្យបានឆាប់។
អ្នកដែលបានចុះហត្ថលេខាម្នាក់ក្នុងចំណោមអ្នកចុះហត្ថលេខាទាំងនោះ គឺលោក Juvenal Munubo Mubi ដែលជាអនុប្រធានគណបក្សប្រឆាំង UNC។ លោកបានប្រាប់វីអូអេ ថា លោកបានគិតថា លោក Feingold បានធ្វើកិច្ចការយ៉ាងប្រសើរមួយ ហើយលោកត្រូវបានកោតសរសើរដោយមនុស្សដែលរស់នៅក្នុងតំបន់នេះ។
លោកបានមានប្រសាសន៍ថា លោក Feingold បានរក្សាការទំនាក់ទំនងជាមួយបណ្តាមេដឹកនាំក្នុងតំបន់ ក្នុងទីក្រុង Kinshasa ក្រុង Kigali ក្រុង Kampala និងក្រុង Bujumbura ហើយលោកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីភាពចាំបាច់ក្នុងការបញ្ចប់ការបះបោរ M23 ក៏ដូចជាភាពចាំបាច់ក្នុងការដោះស្រាយចំពោះក្រុមបះបោរ FDLR នៅក្នុងប្រទេសរវ៉ាន់ដា។
លោក Mubi បាននិយាយថា ទំនាក់ទំនងល្អរវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា កាលពីពេលមុន គឺមានសារៈសំខាន់ចំពោះសន្តិសុខក្នុងតំបន់ ហើយវាជាពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហាសន្តិសុខឆ្លងព្រំដែនរវាងប្រទេសទាំងពីរនេះ។
លោកនិយាយថា មានហេតុផលសមរម្យដែលយើងគួរប្រុងប្រយ័ត្ន ពីព្រោះថាមានរបាយការណ៍អំពីចលនាគួរឲ្យសង្ស័យនៅតាមព្រំដែនរវាងខេត្ត North Kivu នៃប្រទេសកុងហ្គោ និងប្រទេសរវ៉ាន់ដា។
លោក Mubi បានបន្ថែមថា លោកមិនជឿពាក្យចចាមអារាមទាំងអស់នោះទេ ក៏ប៉ុន្តែលោកបានចង្អុលបង្ហាញសេចក្តីថ្លែងការណ៍មួយកាលពីខែមុនដែលចេញដោយអភិបាលខេត្ត North Kivu លោក Julien Paluku ដែលបានប្រាប់សារព័ត៌មានថា ទាហានរវ៉ាន់ដាបានឆ្លងកាត់ព្រំដែនហើយបានបាញ់តបតជាមួយកងទាហានរបស់ប្រទេសកុងហ្គោ។
ប្រទេសរវ៉ាន់ដាបានបដិសេធថា ទាហានរបស់ខ្លួនមិនបានធ្វើការលុកលុយណាមួយនោះទេ៕
ប្រែសម្រួលដោយ នៀម ឆេង