លោកអគ្គលេខាធិការអ.ស.ប លោកបាន គីមូនបានថ្កោលទោសការធ្វើឃាតមេដឹកនាំប្រឆាំងនៅក្នុងប្រទេសប៊ូរុនឌី នៅក្នុងទ្វីបអាហ្វ្រិក ហើយលោកបានសុំដល់ភាគីទាំងអស់ចៀសវៀងកុំធ្វើអំពើហិង្សា ហើយធ្វើការដើម្បីដោះស្រាយបញ្ហានយោបាយរបស់ប្រទេស។
លោកអគ្គលេខាធិការអ.ស.ប.បានមានប្រសាសន៍ថា ការធ្វើឃាតកាលពីថ្ងៃសៅរ៍ទៅលើលោក Zedi Feruzi មេដឹកនាំគណក្ស UPD «បានគម្រាមកំហែងធ្វើឲ្យការមិនទុកចិត្តគ្នាចាក់ឬសនៅក្នុងប្រទេសប៊ូរុនឌី និងនាំឲ្យមានអំពើហិង្សាថែមទៀត»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាន គីមូនបានសុំដល់អាជ្ញាធរប្រទេសប៊ូរុនឌី ឲ្យចាត់វិធានការ ដើម្បីបញ្ចៀសកុំឲ្យមានការធ្វើឃាតកម្មខាងនយោបាយ ហើយលោកបានអំពាវនាវឲ្យមានការចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចចរចាគ្នាដែលបានត្រូវសម្រួលដោយលោក Said Djinnit អ្នកតំណាងពិសេសអ.ស.ប និងក្រុមអ្នកសម្របសម្រួលនៅអាហ្វ្រិក។
លោក Feruzi បានត្រូវធ្វើឃាតជាមួយអង្គរក្សម្នាក់របស់លោកនៅក្នុងការបាញ់កាំភ្លើងពីទ្បានកំពុងបើកនៅក្នុងរដ្ឋធានី Bujumbura។
ការធ្វើឃាតលោក Feruzi ជាហេតុការណ៍ថ្មីបំផុតក្នុងបណ្តាឧប្បត្តិហេតុឃោរឃៅមួយចំនួនចាប់តាំងពីពេលដែលប្រធានាធិបតី Nkurunziza បានប្រកាសថាលោកនឹងឈរឈ្មោះសម្រាប់អណត្តិទីបីនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែក្រោយ៕