ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​កិច្ចប្រជុំ​សារព័ត៌មាន​អាស៊ី​ ខណៈ​សេរីភាព​ត្រូវ​រឹតត្បិត


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំមួយជាមួយលោក សម រង្ស៊ី នៅរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។

លោក ណុប វី បាន​ស្នើ​ឲ្យ​កិច្ចប្រជុំ​នេះ​ផ្តោត​ទៅ​លើ​ការ​ពិភាក្សា​អំពី​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ទូលាយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន។

ខណៈ​សេរីភាព​សារព័ត៌មាន​នៃ​ប្រទេស​កម្ពុជា​កំពុង​រងការ​រឹតត្បិត​ និង​មាន​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ប្រទេស​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ ហៅថា «កិច្ច​ប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី» (Asia Media Summit) ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១២ដល់​ថ្ងៃ​ទី​១៤ខែ​មិថុនា។

កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ តំណាង​ស្ថាប័ន​ជាតិ និង​អន្តរ​ជាតិ ប្រមាណ​៥០០​នាក់ មក​ពី​ប្រទេស​ជាង​៤០​ក្នុង​តំបន់ និងនៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​កម្ពុជា។

នេះ​ជា​កិច្ចប្រជុំ​លើក​ទី​១៦ ហើយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង ដោយ​មាន​ការ​សហការ​ជាមួយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​ផ្សព្វផ្សាយ (Asia-Pacific Institute for Broadcasting Development)។ កិច្ចប្រជុំ​លើក​ទី​១៥ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌា។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​ពី​សំណាក់វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​ផ្សព្វផ្សាយ គឺ​ដោយ​គេមើល​ឃើញ​អំពី​ «ស្ថានភាព​សន្តិភាព ស្ថិរភាព​នយោបាយ​ ​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ការ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន»។

លោក​បន្ថែម​ថា បើ​ទោះ​ជា​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​ការ​ចុះ​ឈ្មោះ​ក្នុង​ការ​ចូលរួម ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​ផ្សព្វផ្សាយ មិន​មែន​ដោយ​ក្រសួង​ព័ត៌មាន​នោះ​ទេ។

បើ​តាម​ក្រសួង​ព័ត៌មាន កិច្ច​ប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី​នេះ ក៏​មាន​ថ្នាក់​រដ្ឋមន្ត្រី​ព័ត៌មាន​នៃ​ប្រទេស​ផ្សេង​ចូលរួម​ផង​ដែរ រួម​មាន​រដ្ឋមន្ត្រី​ព័ត៌មាន​មក​ពី​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន កូរ៉េ​ខាង​ត្បូង និង​អនុរដ្ឋមន្ត្រី​ព័ត៌មាន​មក​ពី​ប្រទេស​ទីម័រ​ខាង​កើត។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​ត្រូវ​បាន​រិះគន់​ថា មាន​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​មាន​តិចតួច​នៅ​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ពុំ​មាន​សេរីភាព​សារព័ត៌មាន ដោយ​លោក​បញ្ជាក់​ថា កម្ពុជា​មាន​ភាព​សម្បូរ​បែប​នៃ​ការ​ផ្សព្វផ្សាយ និង​ទូលំទូលាយ ហើយ​ប្រទេស​ក៏​មាន​ការ​រីក​ចម្រើន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​នោះ​មាន​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ផង​ដែរ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​យល់​ថា​ទស្សនៈ​ហ្នឹង គឺ​ជា​ទស្សនៈ​ដែល​មាន​ភាព​មិន​យុត្តិធម៌​នៅ​ក្នុង​ការ​វាយ​តម្លៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»។

កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ពិភាក្សា​អំពី​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា និង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន។ ប៉ុន្តែ​អ្នក​ជំនាញ​បង្ហាញ​ក្តី​បារម្ភ​ថា នឹង​មិន​មាន​ការ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។

រូបឯកសារ៖​ លោក យាង សុធារិន (ខាងស្តាំ) និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស​ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
រូបឯកសារ៖​ លោក យាង សុធារិន (ខាងស្តាំ) និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស​ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា អ្នក​សារព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) របស់​មជ្ឈមណ្ឌល​លោក ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​នេះ​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា បាន​រង​ការបង្រ្កាប​ ដែល​លោក​ថា បាន​ធ្វើឲ្យ​អ្នក​កាសែត​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​រាយការណ៍​ព័ត៌មាន និង​អ្នក​កាសែត​មួយ​ចំនួន​ទៀត បាន​បាត់បង់​អាជីព។

លោក ណុប វី បាន​ស្នើ​ឲ្យ​កិច្ចប្រជុំ​នេះ​ផ្តោត​ទៅ​លើ​ការ​ពិភាក្សា​អំពី​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ទូលាយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន។

លោក​បាន​ថ្លែង​ប្រាប់​ VOAថា៖«ខ្ញុំ​យល់​ឃើញ​ថា អ្នក​សារព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុង​ជំនួប​ហ្នឹង ក៏​គួរ​ច្បិច​យក​ចំណុច​មួយ​ដែល​ធ្វើ​យ៉ាង​ណា​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ស្តារ​នូវ​មុខ​មាត់​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​វិញ​បាទ»។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​ក៏​រង​ការ​បង្រ្កាប​ផង​ដែរ ដោយ​មាន​ការ​បញ្ឈប់​ម៉ោង​ជួល​ផ្សាយ​សម្រាប់​វិទ្យុ​មួយ​នេះ។

កាល​ពីឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​បានបង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ក្នុង​នោះ​គេ​ឃើញ​មាន​ការ​បិទ​កាសែត​ The Cambodia Daily ការ​បិទ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​ភ្នំពេញ និង​វិទ្យុ​រាប់​សិប​ទៀត ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ដល់​វិទ្យុ​ឯករាជ្យ រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អតីត​អ្នក​កាសែត​អាស៊ី​សេរី​ ២នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​ផ្តល់​ព័ត៌មាន​ដល់​បរទេស។ ក្រោយ​មក​ពួកគេ​ទាំងពីរ​នាក់​ត្រូវ​បាន​ដោះ​លែង តែ​បទ​ចោទ​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​នៅ​ឡើយ​ទេ។

មួយ​សប្តាហ៍​មុន​កិច្ច​ប្រជុំ​កំពូល​នេះ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ទទួល​ស្គាល់ការិយាល័យ VOA នៅ​ភ្នំពេញ ​ជាផ្លូវ​ការ​ ក្រោយ​មាន​ការ​បង្រ្កាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធ។

សន្ទស្សន៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​ ២០១៩ របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)​ ​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​អាក្រក់​ជាង​ឆ្នាំ​២០១៧ ​មួយ​កម្រិត​ ​ដោយ​សារ​គណបក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន។

របាយការណ៍​ដដែល​ ក៏​បាន​បង្ហាញ​ថា ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ពង្រីក​នៅ​កម្ពុជា​ ដោយសារ​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​ផង​ដែរ ហើយ​កម្ពុជា​ទំនង​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​ដូច​ប្រទេស​ចិន ​យ៉ាង​គ្រោះ​ថ្នាក់ បន្ទាប់​ពី​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​មាន​ការ​ការ​បើក​ទូលាយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សារព័ត៌មាន​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែមិថុនា។

អង្គការនេះ​បាន​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​កំពុង​តែ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​មួយ​ដោយ​ពុំ​មាន​សេរីភាព​សារព័ត៌មាន។

លោក Phil Robertson នាយករង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើ​សិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះថា៖ «វា​មិន​ទំនង​ទាល់តែ​សោះ ដែល​ព្រឹត្តិការណ៍មាន​ជាប់​ទាក់ទងនឹងស្ថាប័នអង្គការ​សហប្រជាជាតិ [Unesco] មួយ​នេះ ធ្វើឡើងនៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ស្រុក​ក្នុង​នោះ​មាន​កាសែត វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន​រសើប និង​គ្រប់គ្រង​ពេញ​ទំហឹង​លើស្ថានីយ៍​ទូរទស្សន៍​ទាំង​អស់»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ប្រទេស​ដែល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី និង​អង្គការ​យូណេស្កូ គួរ​តែ​ហ៊ាន​ប្រឈម​នឹង​លោក ហ៊ុន សែន និង​អំពាវនាវ​ជា​សាធារណ:​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បើក​ឡើង​វិញ និង​បញ្ចប់​ការ​យាយី​ទៅ​លើ​អ្នក​កាសែត»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG