នៅថ្ងៃសុក្រនេះ តុលាការភ្នំពេញបានបើកសវនាការជំនុំជម្រះជាលើកទីពីរ លើសំណុំរឿងអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូបគឺលោកយាង សុធារិន្ទ និងលោកអ៊ួន ឈិន ដោយសម្រេចប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែសីហាខាងមុខ។
អតីតអ្នកកាសែតទាំងពីររូបត្រូវបានចោទប្រកាន់ពីបទ«ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ដែលស្មើនឹងបទចោទប្រកាន់ពីអំពើចារកម្មរបស់រដ្ឋបរទេស។
សវនាការព្រឹកនេះជាសវនាការដែលបន្តពីសវនាការលើកទី១ កាលពីចុងខែកក្កដាកន្លងទៅ។ ក្នុងសវនាការរយៈពេលមួយម៉ោងនៅព្រឹកនេះ តំណាងអយ្យការបានសន្និដ្ឋានដោយការពារបទចោទទៅលើអតីតអ្នកយកព័ត៌មានទាំងពីររូបដោយសំអាងថា អតីតអ្នកកាសែតទាំងពីរបានបន្តផ្តល់ព័ត៌មានទៅឲ្យវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិក ក្រោយពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
សហមេធាវីគឺលោក សំ ចំរើន និងលោក គង់ ពិសី ដែលការពារក្តីឲ្យអតីតអ្នកសារព័ត៌មានទាំងពីររូប បានធ្វើសេចក្តីសន្និដ្ឋានតបថា ព័ត៌មានដែលកូនក្តីរបស់គេទាំងពីរបញ្ជូនទៅវិទ្យអាស៊ីសេរី គឺជាព័ត៌មានសាធារណៈ និងថា ទោះបីជាអាស៊ីសេរីបិទទ្វារនៅរាជធានីភ្នំពេញ ប៉ុន្តែវិទ្យុមួយនេះនៅតែជាស្ថាប័នព័ត៌មានដែលដំណើរការធម្មតានៅសហរដ្ឋអាមេរិក។
មេធាវីទាំងពីរលើកឡើងថា យោងតាមមូលហេតុនេះ មិនមានការបញ្ជាក់ណាមួយដែលថា កូនក្តីរបស់ពួកគេបានបញ្ជូនព័ត៌មានទៅរដ្ឋបរទេស ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិដូចការចោទប្រកាន់នោះទេ។
សវនាការនោះមិនមានការបង្ហាញថា តើព័ត៌មានទាំងពីរនោះបានធ្វើឲ្យអន្តរាយបែបណាដល់ការការពារជាតិ ហើយក៏មិនមានការលើកឡើងអំពីចំណុចណាមួយដែលថា វិទ្យុអាស៊ីសេរីគឺជារដ្ឋបរទេសនោះដែរ។ យ៉ាងណាក្តី តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានថា ការបន្តបញ្ជូនព័ត៌មានទៅឲ្យវិទ្យុអាស៊ីសេរីក្រោយពេលដែលវិទ្យុមួយនេះបិទទ្វារនៅរាជធានីភ្នំពេញ គឺជាចេតនាទុច្ចរិត។
លោកយាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសាលសវនាការថា លោករំពឹងថា តុលាការនឹងទម្លាក់ចោលបទចោទឲ្យលោកមានសេរីភាពពេញលេញ។
«បើសិនជាការសម្រេចហ្នឹងដោយផ្អែកលើយុត្តិធម៌ សវនាការថ្ងៃហ្នឹងគឺផ្អែកទៅលើគោលការណ៍យុត្តិធម៌នោះ ប្រាកដណាស់ ពួកខ្ញុំនឹងរួចពីការចោទប្រកាន់ទាំងអស់»។
ចំណែកលោកអ៊ួន ឈិន ក៏រំពឹងដូចគ្នាថា តុលាការនឹងទម្លាក់បទចោទដើម្បីឲ្យលោកអាចធ្វើការងារបានដូចធម្មតា។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងត្រូវបានចោទប្រកាន់ដូចគ្នាពីបទ«ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ»។ បទចោទដែលមានន័យស្មើនឹងបទធ្វើចារកម្មនេះអាចធ្វើឲ្យអតីតអ្នកកាសែតទាំងពីរប្រឈមនឹងការជាប់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកគេមានទោស។
លោកអំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានចូលស្តាប់សវនាការនៅព្រឹកមិញនេះ យល់ថា មិនមានមូលហេតុណាមួយសម្រាប់ដាក់ទោសលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីនោះទេ។
«ខ្ញុំនៅតែសង្ឃឹមថា តុលាការ លោកនឹងទម្លាក់ចោលបទចោទនេះចំពោះអ្នកទាំងពីរឲ្យមានសេរីភាព ហើយនឹងផ្តល់សម្ភារៈឲ្យអ្នកទាំងពីរវិញដើម្បីប្រកបការងារ ក៏ដូចជាធ្វើដំណើរដោយសេរីដូចប្រជាពលរដ្ឋដទៃ»។
ក្រោយពីសវនាការសន្និដ្ឋានលើបទចោទទាក់ទងនឹងបទចារកម្មលើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីររូប តុលាការក៏បានជំនុំជម្រះពួកគេអំពីសំណុំរឿងដែលពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាសផងដែរ។ ប៉ុន្តែអតីតអ្នករាយការណ៍ព័ត៌មានទាំងពីរបានឆ្លើយថា ពួកគេមិនបានធ្វើសកម្មភាពណាមួយទាក់ទងនឹងការចោទប្រកាន់នោះទេ៕