ក្នុងសុន្ទរកថារបស់លោក ថ្លែងទៅកាន់ពលរដ្ឋស៊ីមបាវ៉េដែលទន្ទឹងរង់ចាំយូរនោះ លោក Robert Mugabe ប្រធានាធិបតីស៊ីមបាវ៉េនិយាយកាលពីប៉ុន្មានម៉ោងមុននេះថា លោកមិនចុះចេញពីតំណែងទេទោះបីជាគណបក្សរបស់លោកអំពាវនាវឲ្យលោកចេញពីតំណែងក៏ដោយ។ ក្នុងសារផ្សាយតាមទូរទស្សន៍ លោក Mugabe និយាយតាមសម្តីដើមថា យើងត្រូវចេះអត់ឱនឲ្យគ្នា និងចេះដោះស្រាយការខ្វែងគំនិតគ្នាក្នុងស្មារតីសហជីវិន ដោយលោកកត់សម្គាល់ថា លោកទទួលស្គាល់ថា មានបញ្ហាលើកឡើងដោយគណបក្សកាន់អំណាចរបស់លោក។ គណបក្សនេះទុកពេលឲ្យលោករហូតដល់ពេលថ្ងៃត្រង់ដើម្បីពិចារណាអំពីការលាលែងពីតំណែងរបស់លោក ឬត្រូវប្រឈមបទចោទប្រកាន់។លោក Mugabe និយាយថា ព្រឹត្តិការណ៍ជាច្រើនក្នុងសប្តាហ៍នេះនៅប្រទេសស៊ីមបាវ៉េ មិនអាចគំរាមកំហែងដល់ស្ថាប័នរដ្ឋាភិបាល ឬរដ្ឋអំណាចរបស់លោកជាប្រមុខរដ្ឋ និងជាអគ្គបញ្ជាការកងទ័ពនោះទេ។
ប៉ុន្តែប៉ុន្មានម៉ោងមុននេះ គណបក្សរបស់លោកបានតែងតាំងលោកអនុប្រធានាធិបតី Emmerson Mnangagwa ធ្វើជាប្រធានគណបក្ស ក្រោយពីលោក Mugabe បានដកតំណែងកាលពីពីរសប្តាហ៍មុន។ មេដឹកនាំគណបក្សក៏ដកតំណែងលោកស្រី Grace ពីប្រធានសម្ព័ន្ធស្ត្រីគណបក្ស និងបណ្តេញចេញពីគណបក្ស។ កាលពីសប្តាហ៍មុន កងទ័ពបានធ្វើអន្តរាគមន៍ ដោយបានកាន់កាប់ស្ថាប័នមួយចំនួនប្រឆាំងនឹងលោក Mugabe ដែលតែងតាំងភរិយារបស់លោកដែលគេមិនចូលចិត្ត ឲ្យធ្វើជាអ្នកកាន់តំណែងបន្តពីលោក។ សកម្មភាពនេះបាននាំឲ្យមានការភ័យខ្លាចថា នឹងមានការដកតំណែងដូចដែលលោក Mugabeបានធ្វើចំពោះលោកMnangagwa៕