អស់រយៈពេលយ៉ាងហោចណាស់មួយទសវត្សរ៍មកនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅប្រទេសស៊ីមបាវ៉េកំពុងតែធ្លាក់ចុះ សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលកំពុងតែចុះដុនដាប ការបោះឆ្នោតមិនត្រូវបានទទួលស្គាល់ ហើយហេដ្ឋារចនាសម្ព័ន្ធមិនបានដូចអ្វីដែលរដ្ឋាភិបាលបានសន្យា នៅពេលដែលស៊ីមបាវ៉េទទួលបានឯករាជ្យនៅឆ្នាំ ១៩៨០។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចលនាបាតុកម្មបានកើតឡើង និងស្ងប់ទៅវិញ អ្នកសារព័ត៌មាននិយាយលាតត្រដាង និងត្រូវបានបំបិទមាត់ទៅវិញ ហើយប្រជាពលរដ្ឋស៊ីមបាវ៉េជិតមួយលាននាក់ បានសុំសិទ្ធិជ្រកកោនដោយហេតុផលនយោបាយ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅក្បែរខាង។
ទោះជាយ៉ាងនេះក្តី វាហាក់ដូចជាមិនមានអ្វីដែលអាចតតាំងនឹងអំណាចគ្រប់គ្រងរបស់មេដឹកនាំស៊ីមប៉ាវេ ដែលគេស្គាល់តែមួយគត់គឺ លោក Robert Mugabe នោះឡើយ។
ប៉ុន្តែបន្ទាប់មក នៅពេលដែលប្រធានាធិបតីវ័យចំណាស់រូបនេះ បានបណ្តាញអនុប្រធានាធិបតីចេញពីតំណែង និងបានបង្ហាញថា លោកនឹងប្រគល់តំណែងអនុប្រធានាធិបតីនេះទៅឲ្យ ភរិយារបស់លោក ដែលមិនមានប្រជាប្រិយភាព គឺលោកស្រី Grace Mugabe ប្រមុខយោធានៅស៊ីមបាវ៉េ បានព្រមានថា លោកនឹង «ធ្វើអន្តរាគមន៍» ដរាបណា លោកប្រធានាធិបតី Mugabe បញ្ឈប់ការប៉ុនប៉ងកម្ទេចក្រុមអ្នកគាំទ្រ លោកអតីតអនុប្រធានាធិបតី នៃគណបក្សកាន់អំណាចនេះ។
អ្នកវិភាគលោក Piers Pigou នៃអង្គការវិបត្តិអន្តរជាតិ (International Crisis Group) និយាយថា កាលៈទេសៈនេះជាចំណុចរបត់មួយ។
លោក Pigou បាននិយាយថា៖ «ពិតណាស់ អ្វីមួយនឹងត្រូវកើតឡើង ជាពិសេសពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិវត្តន៍កាលពីសប្តាហ៍មុននេះ និងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលស្ថានភាពកាន់តែតានតឹងខ្លាំងជាងមុន... លោក [ប្រមុខយោធា] នឹងចូលធ្វើអន្តរាគមន៍ ហើយខ្ញុំគិតថា មនុស្សមួយចំនួនគិតថា នេះគ្រាន់តែជា ការព្រមានបញ្ឆោតតែប៉ុណ្ណោះ ដោយលោកនឹងមិនធ្វើអន្តរាគមន៍នោះទេ ហើយ លោក Mugabe នឹងនៅតែរក្សាការគ្រប់គ្រងស្ថានភាពដដែល»។
ឥឡូវនេះ គឺច្បាស់ណាស់ថា លោកឧត្ដមសេនីយ៍ Constantino Chiwenga មិនមែននិយាយលេងនោះទេ។ បន្ទាប់ពីរថក្រោះត្រូវបានគេឃើញបើកចូលរដ្ឋធានីហារ៉ារ៉េ កាលពីថ្ងៃអង្គារកន្លងទៅនេះ ហើយទាហានបានចូលកាន់កាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កាលពីពេលរំលងអាធ្រាត្រថ្ងៃពុធ។
អ្នកនាំពាក្យយោធាលោក ឧត្តមសេនីយ៍ទោ SB Moyo បានធ្វើសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយយ៉ាងដូច្នេះថា៖ «លោក Mugabe និងគ្រួសាររបស់គាត់មានសុវត្ថិភាព ហើយសន្តិសុខរបស់ពួកគេត្រូវបានធានា។ យើងគ្រាន់តែចាត់វិធានការសំដៅលើជនទុច្ចរិត ដែលនៅជុំវិញលោកប្រធានាធិបតីតែប៉ុណ្ណោះ ដែលអ្នកទាំងនោះកំពុងតែប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កឲ្យមានការប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេស ដើម្បីយកជនទាំងនោះមកប្រឈមមុខនឹងច្បាប់»។
ប៉ុន្តែរឿងរ៉ាវចម្រូងចម្រាសនេះប្រហែលជាទើបតែចាប់ផ្តើមតែប៉ុណ្ណោះ។ គណបក្សកាន់អំណាចរបស់ប្រទេសស៊ីមបាវ៉េ បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមថា អតីតអនុប្រធានាធិបតីលោក Mnangagwa នឹងត្រឡប់ចូលមកដឹកនាំរដ្ឋាភិបាល ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ទោះបីយ៉ាងណាក៏ដោយ លោក Pigou និយាយថា ការផ្លាស់ប្តូរនៅក្នុងជួរថ្នាក់ដឹកនាំ តែឯកឯង មិនអាចដោះស្រាយបញ្ហានានានៅប្រទេសស៊ីមបាវ៉េបាននោះទេ។
លោក Pigou បានមានប្រសាសន៍ថា៖ «ពិតណាស់ ឥឡូវនេះ អ្វីៗភាគច្រើនគឺ អាស្រ័យទៅលើបុគ្គលមានឥទ្ធិពលនៅក្នុងឆាកនយោបាយណាម្នាក់ចូលកាន់អំណាច។ ហើយយើងជឿថា បុគ្គលនោះគឺ លោក Mnangagwa ហើយលោកនឹងត្រូវគេឲ្យចូលកាន់តំណែងវិញ។ តើលោក Mnangagwa នឹងបើកឱកាសឲ្យមានដំណោះស្រាយនយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ឬទេ? ពីព្រោះត្រូវចាំទុកក្នុងចិត្តថា ស្ថានភាពសេដ្ឋកិច្ច និងសង្គមនៅប្រទេសស៊ីមប៉ាវេគឺ អាក្រក់ខ្លាំង ដែលការណ៍នេះត្រូវការ ការអន្តរាគមន៍ ដែលមានលើសពីឆាកនយោបាយធម្មតានេះទៅទៀត»។
ពិតណាស់ មនុស្សគ្រប់គ្នាងឿងឆ្ងល់ថា តើមានអ្វីនឹងកើតឡើងទៅលើលោក Mugabe និងភរិយា នៅក្នុងរឿងរ៉ាវចម្រូងចម្រាសនេះ។ អ្នកវិភាគតិចតួចប៉ុណ្ណោះគិតថា លោក Mugabe និងភរិយារបស់លោក នឹងប្រឈមមុខនឹងកំហឹងតបតពីសំណាក់ប្រជាពលរដ្ឋស៊ីមបាវ៉េ។ អ្នកវិភាគលោក Alex Magaisa នៃសាកលវិទ្យាល័យ University of Kent ព្យាករណ៍ថា លោក Mugabe និងគ្រួសាររបស់លោកនឹងមិនត្រូវរងការប៉ះពាល់ខ្លាំងដោយសារបញ្ហានេះទេ ក៏ប៉ុន្តែលោកគិតថា ក្រុមអ្នកគាំទ្រលោក Mugabe យូរអង្វែង នឹងប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយ។
លោក Magaisa បាននិយាយថា៖ «ប្រហែលពួកគេត្រូវតែចាកចេញពីប្រទេស ដើម្បីបញ្ចៀសការមានចន្លោះប្រហោងអំណាចមួយ ដែលនាំឲ្យមានការប្រឈមខ្លាំង។ ប៉ុន្តែខ្ញុំគិតថា អ្នកដែលគាំទ្រលោកប្រធានាធិបតី Mugabe និងភរិយារបស់លោកនឹងប្រឈមនឹងការលំបាកនៅក្នុងរបបដឹកនាំថ្មី»។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ពាក្យស្លោក «លោក Mugabe និយាយត្រូវ» គឺជា សំឡេងគាំទ្រលោកប្រធានាធិបតី ដែលចេញពីសំណាក់ក្រុមអ្នកមានអំណាចនៅក្នុងប្រទេសស៊ីមបាវ៉េ។ អ្នកដែលហ៊ានធ្វើការចោទសួរណាមួយទៅលើមេដឹកនាំដ៏មានអំណាចរូបនេះ ត្រូវបានធ្វើគេទុក្ខបុកម្នេញ ឬដាក់ពិន័យ។
ប៉ុន្តែឥឡូវនេះ ស្របពេលដែលបុរសខ្លាំងនៅស៊ីមបាវ៉េរូបនេះកំពុងតែរក្សាភាពស្ងប់ស្ងាត់ សំណួរផ្សេងៗត្រូវបានចោទសួរឡើង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា