នាង Mariama Ndow គឺជាជនចំណាកស្រុកម្នាក់ក្នុងចំណោមជនចំណាកស្រុករាប់រយនាក់ ដែលបានត្រឡប់ទៅប្រទេសសៀរ៉ាឡែអូន ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ។ ប្រទេសសៀរ៉ាឡែអូនស្ថិតនៅក្នុងភាគខាងលិចនៃទ្វីបអាហ្វ្រិក។
ឥឡូវនេះ នាងកំពុងមានសេរីភាព បន្ទាប់ពីបានចំណាយរយៈពេល១០ខែ ធ្វើជាកម្មករនៅក្នុងប្រទេសគូវ៉ែត ដែលជាប្រទេសតូចមួយនិងសម្បូរប្រេងនៅមជ្ឈិមបូព៌ា។
ដំបូង នាងគិតថា នាងនឹងទៅធ្វើការជាសន្តិសុខយាមល្បាតនៅក្នុងប្រទេសគូវ៉ែត។ នៅពេលនាងទៅដល់ទីនោះ នាងត្រូវបានទីភ្នាក់ងារមួយលក់ទៅឲ្យគ្រួសារមួយចំនួនឲ្យធ្វើជាអ្នកធ្វើការងារក្នុងផ្ទះ។
«ខ្ញុំមិនសប្បាយចិត្តទេនៅក្នុងប្រទេសគូវ៉ែត។ ខ្ញុំតែងតែយំជារៀងរាល់ថ្ងៃ។ នៅពេលខ្ញុំនឹកផ្ទះ និងកូនទាំងពីររបស់ខ្ញុំ ខ្ញុំយំជារៀងរាល់ថ្ងៃ»។
នាងនិយាយថា នាងទទួលបានប្រាក់ឈ្នួលតែម្តងគត់ក្នុងរយៈពេល១០ខែដែលនាងនៅទីនោះ។ នាងត្រូវបានគេបង្ខំឲ្យធ្វើការស្ទើរតែ២៤ម៉ោងក្នុងមួយថ្ងៃ។ នៅពេលនាងឈឺ ក៏គេមិនអាណិតអាសូរនាងដែរ។
«ខ្ញុំមិនមានជម្រើសនោះទេ។ ថៅកែនឹងនិយាយថា ទៅ ទៅធ្វើការ អ្នកឯងមកទីនេះដើម្បីធ្វើការ។ អ្នកមិនត្រូវអង្គុយសម្រាកនោះទេ។ យើងទិញអ្នកមកសម្រាប់ធ្វើការងារនេះ។ ដូច្នេះអ្នកត្រូវតែធ្វើការ»។
នាងអាចរត់ចេញពីផ្ទះនោះបាន នៅពេលដែលគ្រួសារនោះមិននៅផ្ទះ។ ដោយមានការជួយពីមនុស្សមិនដែលស្គាល់ម្នាក់នៅតាមផ្លូវក្នុងប្រទេសគូវ៉ែត នាងបានទៅដល់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ។
បន្ទាប់ពីបានស្ថិតនៅក្នុងទីជម្រកផ្តល់ដោយអង្គការនេះអស់រយៈពេលប៉ុន្មានខែ នាងត្រូវបានគេនាំទៅកាន់ប្រទេសសៀរ៉ាឡែអូនវិញ ដោយមានជំនួយពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ។ អង្គការនេះបានជួយនាងឲ្យចាប់ផ្តើមជីវិតថ្មីឡើងវិញនៅក្នុងសង្គមរបស់នាង ដោយផ្តល់នូវហិរញ្ញវត្ថុមួយចំនួនដើម្បីឲ្យនាងចាប់ផ្តើមធ្វើអាជីវកម្មមួយ។ ឥឡូវនេះ នាងលក់សម្លៀកបំពាក់ ហើយនាងនិយាយថា វាគ្រប់គ្រាន់ល្មមសម្រាប់ឲ្យនាងបន្តទៅមុខទៀតហើយ។
ការរំលោភបំពានលើជនចំណាកស្រុកកំពុងកើតឡើងនៅតាមកន្លែងជាច្រើន។ ថ្មីៗនេះ នៅក្នុងប្រទេសលីប៊ី មានការចោទប្រកាន់ថា មានការលក់ជនចំណាកស្រុកឲ្យធ្វើជាទាសករ។
ជនចំណាកស្រុកប្រមាណ៦០នាក់ត្រូវបានគេនាំត្រឡប់ទៅប្រទេសវិញ តាមរយៈអង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងរដ្ឋាភិបាលសៀរវ៉ាឡែអូនកាលពីពាក់កណ្តាលខែធ្នូ ហើយមួយក្រុមទៀតកាលពីចុងខែវិច្ឆិកា។
លោក Umaru Barrie ជាជនចំណាកស្រុកម្នាក់ក្នុងចំណោមជនចំណាកស្រុកនានាដែលទើបតែបានត្រឡប់ពីប្រទេសលីប៊ីវិញ។ លោកបានចាកចេញពីប្រទេសសៀរ៉ាឡែអូន ដោយសារតែលោកមិនមានការងារធ្វើ និងមិនមានកន្លែងស្នាក់នៅ។
«នៅពេលដែលខ្ញុំអស់ប្រាក់ ខ្ញុំមិនមានកន្លែងស្នាក់នៅនោះទេ ដូច្នេះជួនកាលខ្ញុំដេកនៅតាមឆ្នេរសមុទ្រ ហើយជួនកាលដេកនៅក្នុងតំបន់អនាធិបតេយ្យជាមួយក្មេងប្រុសផ្សេងទៀត»។
ជនចំណាកស្រុកភាគច្រើនប្រើប្រាស់ប្រទេសលីប៊ីជាច្រកដើម្បីចូលទៅកាន់អឺរ៉ុប។ អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ជនចំណាកស្រុកប្រមាណ៧០០.០០០នាក់ស្ថិតនៅក្នុងប្រទេសលីប៊ី។ លោក Barrie និយាយថា លោកចង់ស្នាក់នៅក្នុងប្រទេសលីប៊ី ប៉ុន្តែក្រោយមកបន្តិច លោកបានដឹងថា ជីវិតរបស់លោកមិនមានភាពល្អប្រសើរនោះទេ។ លោកក៏បានរៀបរាប់ថា លោកមិនមែនទទួលបានប្រាក់ឈ្នួលរាល់ពេលធ្វើការនោះទេ។ ភរិយារបស់លោក ដែលបានជួបគ្នានៅក្នុងប្រទេសលីប៊ី ក៏ត្រូវគេដកប្រាក់ឈ្នួលទុកជាញឹកញាប់ដែរ។
នៅទីបំផុត ពួកគេអាចទាក់ទងទៅអង្គការទេសន្តរប្រវេសន៍អន្តរជាតិនៅក្នុងប្រទេសលីប៊ីបាន ហើយបានចាប់ផ្តើមដំណើរការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសសៀរ៉ាឡែអូនវិញ។ លោក Barrie ភរិយា និងកូនប្រុសម្នាក់ បានត្រឡប់មកកាន់ប្រទេសកំណើតវិញនៅព្រឹកថ្ងៃទី១៤ ខែធ្នូ តាមយន្តហោះដែលគេជួលមួយគ្រឿង។ វាជាបទពិសោធន៍ដ៏ជូរចត់មួយ។
«ខ្ញុំមិនមានប្រាក់ទេ ប៉ុន្តែខ្ញុំពេញចិត្តនឹងរស់នៅជាមួយនឹងភរិយានិងគ្រួសាររបស់ខ្ញុំ»។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិក៏បានផ្តល់ប្រាក់ឲ្យលោក Barrie ដែរ ហើយលោកសង្ឃឹមថា នឹងចាប់ផ្តើមបើកអាជីវកម្មមួយ។ ឥឡូវនេះ លោកកំពុងស្នាក់នៅជាមួយនឹងបងប្អូនប្រុសរបស់លោក។ ទោះជាវាលំបាកក្នុងការចាប់ផ្តើមឡើងវិញក៏ពិតមែន ក៏ប៉ុន្តែលោកសប្បាយចិត្តនិងអរគុណអង្គការទេសន្តរប្រវេសន៍អន្តរជាតិដែលបានជួយលោកឲ្យចាកចេញពីប្រទេសលីប៊ី និងបានត្រឡប់មកប្រទេសកំណើតរបស់លោកវិញ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ