ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​កំពូល​ចូល​និវត្តន៍​របស់​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ


លោកប្រធានាធិបតី Joe Biden ចាប់ដៃជាមួយលោកនាយឧត្ដមសេនីយ៍ Mark Milley ដែលជា​ប្រធានក្រុមនាយសេនាធិការកងទ័ពចូលនិវត្តន៍អាមេរិក ក្នុងពិធីផ្ទេរតំណែងយោធាកំពូលនេះទៅឱ្យ​អ្នកបន្តតំណែងគឺលោកនាយឧត្ដមសេនីយ៍ Charles Q. Brown Jr. នៅឯមូលដ្ឋានយោធារួម Meyer-Henderson Hall នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
លោកប្រធានាធិបតី Joe Biden ចាប់ដៃជាមួយលោកនាយឧត្ដមសេនីយ៍ Mark Milley ដែលជា​ប្រធានក្រុមនាយសេនាធិការកងទ័ពចូលនិវត្តន៍អាមេរិក ក្នុងពិធីផ្ទេរតំណែងយោធាកំពូលនេះទៅឱ្យ​អ្នកបន្តតំណែងគឺលោកនាយឧត្ដមសេនីយ៍ Charles Q. Brown Jr. នៅឯមូលដ្ឋានយោធារួម Meyer-Henderson Hall នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា លោក​នាយ​ឧត្ដមសេនីយ៍ Mark Milley ដែល​ជា​ប្រធាន​ក្រុម​នាយ​សេនាធិការ​កងទ័ព​ចូល​និវត្តន៍​របស់​សហរដ្ឋ​អាមេរិក បាន​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំងក្លា​នៅ​ពេល​លោក​ផ្ទេរ​តំណែង​យោធា​កំពូល​នេះ​ទៅ​ឱ្យ​អ្នក​បន្ត​តំណែង​ពី​លោក​គឺ​លោក​នាយ​ឧត្ដមសេនីយ៍ Charles Q. Brown Jr.។

លោក Milley បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​មួយ​ដើម្បី​រំឭក​ដល់​កិច្ចការ​បម្រើ​ជាតិ​របស់​លោក​នៅ​ឯ​មូលដ្ឋាន​យោធា​រួម Meyer-Henderson Hall នៅ​ក្នុង​រដ្ឋ Virginia ថា៖ «យើង​មិន​មែន​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​កុលសម្ព័ន្ធ​ណា​មួយ​ទេ។ យើង​មិន​មែន​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​សាសនា​ណា​មួយ​ទេ។ យើង​មិន​មែន​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​ព្រះមហាក្សត្រ​ ឬ​ព្រះ​មហាក្សត្រិយានី ឬ​ក៏​អ្នក​កាន់​អំណាច​ផ្ដាច់ការ​ណា​ម្នាក់​នោះ​ឡើយ។ យើង​មិនមែន​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​អ្នក​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ជន​ផ្ដាច់ការ​ណា​ម្នាក់​ទេ»។

នៅ​ក្នុង​សុន្ទរកថា​មួយ លោក Milley បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យោធា​នឹង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រឆាំង​នឹង​សត្រូវ​ផ្ទៃ​ក្នុង​ផង​ដែរ។

លោក Milley បាន​និយាយ​ថា៖ «គឺ​ឯកសារ [រដ្ឋធម្មនុញ្ញ] នោះ​ហើយ​ដែល​យើង​ទាំង​អស់​គ្នា​ជា​ទាហាន​បាន​ស្បថ​សច្ចា​ប្រណិធាន​ថា ​ការពារ​ប្រឆាំង​នឹង​សត្រូវ​ទាំងអស់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស»។ លោក​បាន​សង្កត់​ធ្ងន់​លើ​ពាក្យ​ថា «ទាំងអស់» ក្នុង​ពាក្យ «សត្រូវ​ទាំងអស់» និង​ពាក្យ​ថា «និង» នៅ​ចន្លោះ​ពាក្យ «ខាង​ក្នុង​និង​ក្រៅ​ប្រទេស»។

នៅ​ក្នុង​ការ​ថ្លែង​ក្នុង​ពិធី​ផ្ដល់​កិត្តិយស​ជូន​លោក Milley ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​កោត​សរសើរ​លោក​ថា​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដែល​បាន​បម្រើការ​នៅ​ក្នុង​តំបន់​សង្គ្រាម​តាំង​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​រហូត​ដល់​ប៉ាណាម៉ា​និង​ហៃទី។

លោក Biden បាន​និយាយ​អំពី​លោក Milley ថា​ជា «មេដឹកនាំ​ម្នាក់​ដែល​ធ្លាប់​បាន​រត់​ឆ្លង​ស្ពាន​មួយ​ដែល​មាន​គ្រាប់​មីន​ដើម្បី​បញ្ឈប់​រថក្រោះ​ប្រយុទ្ធ​ពីរ​គ្រឿង​ដែល​ជម្លៀស​ទាហាន​រង​របួស​កុំ​ឱ្យ​បើក​ឆ្លង​ស្ពាន​នោះ។ លោក​ជា​អ្នក​ស្នេហា​ជាតិ​ម្នាក់​ដែល​មិន​ប្រែប្រួល​នៅ​ក្នុង​កាតព្វកិច្ច​របស់​លោក មិន​រារែក​នៅ​ក្នុង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ និង​មិន​ងាករេ​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​ជូន​ប្រទេស​ជាតិ»។

នៅ​ក្នុង​អំឡុង​ពេល​កាន់​តំណែង ៤ ឆ្នាំ​របស់​លោក លោក Milley បាន​មើល​ការ​ខុស​ត្រូវ​លើ​ការ​សម្លាប់​ជន​ឈ្មោះ Abu Bakr al-Baghdadi ដែល​ជា​មេដឹកនាំ​ក្រុម​ភេរវករ​រដ្ឋ​ឥស្លាម​កាល​ពី​ឆ្នាំ ២០១៩ ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ដ៏​ចលាចល​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ខែ​សីហា​ឆ្នាំ ២០២១ និង​ការ​ផ្ដល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន​ចាប់តាំង​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ មក។

ការិយាល័យ​របស់​លោក Milley មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណួរ​ដែល​សួរ​ថា​តើ​នរណា​ដែល​លោក​ចង់​សំដៅ​លើ​នៅ​ពេល​លោក​និយាយ​ថា «យើង​មិនមែន​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​អ្នក​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ជន​ផ្ដាច់ការ​ណា​ម្នាក់​ទេ»។

ប៉ុន្តែ អ្នក​តាមដាន​ស្ថានការណ៍​ខ្លះ​មាន​ជំនឿ​ថា ការ​ប្ដេជ្ញា​របស់​លោក​នៅ​ក្នុង​ការ​មិន​ស្មោះស្ម័គ្រ​ចំពោះ​បុគ្គល​បែប​នេះ​គឺ​ជា​ការ​និយាយ​យោង​ដល់​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​កំពុង​ប្រឹងប្រែង​ដើម្បី​ឱ្យ​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ជា​ថ្មី។ លោក Trump កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ស្ទង់​មតិ។

លោក Michael O’Hanlon អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​នៅ​ស្ថាប័ន Brookings បាន​និយាយ​ថា «វា​ហាក់​ដូចជា​លោក Milley និយាយ​អំពី​លោក [អតីត] ប្រធានាធិបតី [Donald] Trump»។

លោក O’Hanlon បាន​ថ្លែង​ប្រាប់ VOA ថា៖ «វា​គឺ​ជា​រឿង​ចម្លែក​ដែល​នាយ​ឧត្ដមសេនីយ៍​ម្នាក់​និយាយ​បែប​នេះ។ តែ​ជា​ការពិត​គឺ​លោក Trump ដែល​បាន​ចាប់ផ្ដើម​គំនុំ​នេះ​ហើយ​គឺ​ខ្លួន​លោក​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​អាមេរិក​និយាយ​បែប​នេះ»។

លោក Milley បាន​កាន់​តំណែង​ជា​ប្រធាន​នាយ​សេនាធិការ​កងទ័ព​នេះ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក Trump ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក លោក​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​លោក Trump ដោយ​លោក​បាន​សម្ដែង​កង្វល់​របស់​លោក​នៅ​ក្រោយ​ជ័យជម្នះ​របស់​លោក Biden កាលពី​ឆ្នាំ ២០២០ ថា លោក Trump អាច​ប៉ុនប៉ង​ក្ដោបក្ដាប់​អំណាច និង​ថា​ប្រសិនបើ​លោក Trump វិល​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​វិញ វា​នឹង​បង្ក​ឱ្យ​មាន​កង្វល់​ផ្សេងៗ។

លោក Milley នឹង​ផ្ទេរ​តំណែង​ជា​មេដឹកនាំ​យោធា​សហរដ្ឋ​អាមេរិក​នេះ​ទៅ​ឱ្យ​លោក Brown។ លោក Brown ត្រូវ​បាន​លោក Biden សរសើរ​ថា​ជា «យុទ្ធជន​ជើង​ចាស់​មាន​បទ​ពិសោធន៍​ខាង​ប្រយុទ្ធ​ច្រើន» និង​ជា​មេដឹកនាំ​ម្នាក់​ដែល​គេ​ស្គាល់​នៅ​ទូទាំង​កងកម្លាំង​យោធា​សហរដ្ឋ​អាមេរិក​ដោយសារ «ការ​ត្រិះរិះ​ពិចារណា​គ្មាន​អ្វី​ប្រៀប» របស់​លោក និង «អាកប្បកិរិយា​មិន​ឆេវឆាវ​របស់​លោក»។

ឥឡូវ​នេះ លោក Brown បាន​ក្លាយជា​ប្រធាន​នាយ​សេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក​ទី ២១ និង​ជា​ប្រធាន​នាយ​សេនាធិការ​កងទ័ព​ដំបូង​ដែល​មក​ពី​កងទ័ព​ជើង​អាកាស​តាំង​ពី​ពេល​ដែល​លោក​នាយ​ឧត្ដមសេនីយ៍ Richard B. Myers កាន់​តំណែង​នេះ​កាលពី​ឆ្នាំ ២០០៥ មក។ លោក Brown ក៏​ជា​នាយ​ទាហាន​ស្បែក​ខ្មៅ​ទី​ពីរ​ដែល​ដែល​បាន​ក្លាយជា​ប្រធាន​នាយ​សេនាធិការ​កងទ័ព​នេះ​ផង​ដែរ បន្ទាប់ពី​លោក Colin Powell បាន​កាន់​តំណែង​នេះ​កាល​ពី​ពីរ​ទសវត្សរ៍​មុន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG