ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ប្រតិកម្ម​ច្រើន​ជុំវិញ​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump


​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump មក​ដល់​កន្លែង​ឃោសនា​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣។
​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump មក​ដល់​កន្លែង​ឃោសនា​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣។

ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន​៤​ករណី​ លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ​ចំពោះ​ការ​ព្យាយាម​កែប្រែ​ការ​ចាញ់ឆ្នោត​របស់​លោក​កាលពី​ឆ្នាំ២០២០​ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ផ្សេងៗ ពី​មជ្ឈដ្ឋាន​នយោបាយ​គ្រប់​ជាន់​ថ្នាក់ ​ដែល​រួមមាន​លោក​អតីត​អនុ​ប្រធានាធិបតី​របស់​លោក Trump ​គឺ​លោក Mike Pence ​ផង ​ដែល​បាន​និយាយ​ថា៖​ «ជន​ណា​ដែល​ដាក់ខ្លួន​នៅ​ពី​លើ​រដ្ឋធម្មនុញ្ញ ​មិន​ត្រូវ​ធ្វើជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទេ»។

ការ​ចោទ​ប្រកាន់​កាលពី​ថ្ងៃអង្គារ ​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ក្រោយ​ការបោះឆ្នោត​ខែ​វិច្ឆិកា ​ដែល​នៅ​ទីបំផុត​នាំ​ឱ្យ​មាន​ការ​វាយប្រហារ​លើ​វិមាន​កាពីតូល​នៅ​ថ្ងៃទី៦ ​ខែ​មករា​ឆ្នាំ២០២១ ​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក Trump។ ការ​ចោទ​ប្រកាន់​និយាយ​ថា ​មនុស្ស​ជាច្រើន​នៅ​ក្នុង​«ហ្វូង​មនុស្ស​យ៉ាង​ធំ​ដែល​មាន​ការខឹង​សម្បារ​នោះ‍» ​ត្រូវ​បាន​លោក Trump ​បញ្ឆោត​ឱ្យ​ជឿ​ថា​លោក​អនុប្រធានាធិបតី ​Mike Pence ​អាច​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការបោះឆ្នោត។

ក្នុង​ចំណោម​អ្នក​ដែល​ទទួលបន្ទុក​ក្នុង​ការ​ការពារ​វិមាន​កាពីតូល ​នៅ​ពេល​ដែល​ក្រុម​បាតុករ​វាយលុក​នោះ ​គឺ​មន្ត្រី​ប៉ូលិស​វិមាន​កាពីតូល ​លោក Harry Dunn ​ដែល​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​មេធាវី​របស់​លោក​ថា​ «អ្វី​ដែល​ខ្ញុំ​ចង់បាន​តាំងពី​ពេលនោះ​មក​ គឺ​ការ​ទទួល​ខុសត្រូវ​ និង​យុត្តិធម៌​ជូន​មន្ត្រី​ពង្រឹង​ច្បាប់​ទាំង​បុរស​និង​ស្ត្រី​ដែល​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន​ នៅ​ថ្ងៃទី៦ ខែ​មករា ​តែ​ប៉ុណ្ណោះ‍»។

មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក ​Chuck Schumer ​និង​មេដឹកនាំ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក Hakeem Jeffries ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា ​ការចោទ​ប្រកាន់​នៅ​ថ្ងៃអង្គារ ​«នឹង​ក្លាយ​ជា​ការ​រំឭក​យ៉ាង​ច្បាស់លាស់​មួយ​ ទៅកាន់​ពលរដ្ឋ​អាមេរិកាំង​ជំនាន់​ក្រោយៗ​ថា​ គ្មាន​នរណា​ម្នាក់​ រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ផង ​ដែល​ស្ថិត​នៅ​លើ​ច្បាប់​ទេ‍»។​

អតីត​ប្រធាន​រដ្ឋសភា ​លោកស្រី ​Nancy Pelosi ​ដែល​ការិយាល័យ​របស់​លោកស្រី ​ត្រូវ​ក្រុម​បាតុករ​ ថ្ងៃទី​៦ ខែ​មករា ​ចូល​រុះរើ​នោះ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ខណៈ​ដែល​ដំណើរការ​ផ្លូវ​ច្បាប់​បន្ត​ទៅមុខ​នោះ ​«យុត្តិធម៌​ចាំបាច់​ត្រូវតែ​ធ្វើឡើង​ស្រប​តាម​ការពិត ​និង​តាម​ផ្លូវ​ច្បាប់‍»។

ក្រុម​មេដឹកនាំ​នៃ​គណបក្ស​សាធារណរដ្ឋ ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​វិធី​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​មួយ ​នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២៤ ​ដែល​លោក​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​លោក Joe Biden ​កំពុង​ស្វែងរក​ការ​បន្ត​តំណែង​មួយ​អាណត្តិ​ទៀត ​ហើយ​លោក Trump ​នៅតែ​ជា​បេក្ខជន​នាំមុខ​គេ ​សម្រាប់​គណបក្ស​សាធារណរដ្ឋ៕

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press និង Reuters

XS
SM
MD
LG