ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ជជែក​ដេញដោល​គ្នា​ខ្លាំង​ក្លា​ដោយ​គ្មាន​ការចូលរួម​ពី​លោក​ Trump


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​ទី​ក្រុង Milwaukee រដ្ឋ​ Wisconsin កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​ទី​ក្រុង Milwaukee រដ្ឋ​ Wisconsin កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣។

បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​៨នាក់​ដែល​ចង់បាន​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកបានជជែក​ដេញ​ដោល​គ្នា​លើក​ទី​មួយរបស់​គណបក្ស​ពួកគេ​កាល​ពី​យប់​ថ្ងៃពុធ​នៅ​ក្នុង​រដ្ឋ Wisconsin ​នៅមុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

ការជជែក​ដេញ​ដោល​គ្នា​រយៈពេល​ពីរ​ម៉ោង​តាម​ទូរទស្សន៍ ដែល​ជា​ការជជែក​ដេញ​ដោល​គ្នា​លើក​ដំបូង​របស់​សមាជិក​គណបក្សសាធារណរដ្ឋ​នៅ​ក្នុងការចាត់ចែង​ការបោះឆ្នោត​នេះ ​មាន​ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នាអំពី​អ្វីដែល​អ្នកសម្របសម្រួល​ម្នាក់​បាន​ហៅ​ថា​ជា​«មនុស្ស​សំខាន់​ម្នាក់​ដែល​មិន​នៅ​ក្នុង​បន្ទប់‍»​គឺ​អវត្តមានលោក Donald Trump ​អតីត​ប្រធានាធិបតី​ដែល​នាំមុខ​គេ​ក្នុង​គណបក្ស​នេះ ​ដែល​បាន​សម្រេច​ចិត្ត​ថា​ដោយសារ​លោកនាំមុខ​គេ​ក្នុង​ការ​ស្ទង់មតិ ​ហើយលោក​មិន​ត្រូវការ​ចូលរួមលើ​ឆាក​ជជែក​ដេញ​ដោលគ្នា​នេះ​ទេ។

បេក្ខជន​ខ្លះ​ក្នុង​ចំណោម​ពួក​បេក្ខជន​ ​ទាំង​នេះ​ ដូចជាអតីត​អនុ​ប្រធានាធិបតី​របស់​លោក Trump ​គឺ​លោក​ Mike Pence ​និង​អតីត​អភិបាល​រដ្ឋ​ New Jersey ​លោក​Chris Christie​ជាដើម​ បាន​និយាយថា​លោក Trump ​គ្មានគុណវុឌ្ឍកាន់តំណែង​ប្រធានាធិបតី​ទៀត​ទេ ​ដោយសារ​អ្វីដែល​ពួកគេ​និយាយ​ថា​លោក​មិន​គោរព​រដ្ឋធម្មនុញ្ញ ​និង​មាន​ការ​ចោទ​ប្រកាន់​ចំនួន​៩១​ករណីពី​បទ​ព្រហ្មទណ្ឌដែល​លោក​ប្រឈមនៅពេល​នេះ។

លោក Trump ​មាន​កំណត់ចូលខ្លួន​ឱ្យ​គេ​ចាប់នៅក្នុង​ក្រុង Atlanta ​រដ្ឋ Georgia ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះទាក់ទិន​នឹងការ​ចោទប្រកាន់​លោក​លើក​ទី​បួន ​ដែល​បាន​ចោទ​លោក​ថា​ធ្វើ​សកម្មភាពទុច្ចរិត​និងជ្រៀតជ្រែកក្នុង​ការ​ព្យាយាមប្រែក្រឡះ​ការ​ចាញ់​ឆ្នោត​របស់​លោក​ក្នុង​រដ្ឋ​នេះ​នា​ប៉ែក​ខាងត្បូង​ប្រទេស​អាមេរិក។

លោក​ Pence បាន​និយាយប្រាប់​ក្រុមមនុស្ស​ស្តាប់​ការ​ជជែក​ដេញដោលគ្នា​នេះ​ថា​«ប្រជារាស្ត្រ​អាមេរិកាំង​ត្រូវ​ដឹងថាប្រធានាធិបតី​រូប​នេះ​បាន​សុំ​ខ្ញុំឱ្យ​ដាក់​លោក​ខ្ពស់​ជាង​រដ្ឋធម្មនុញ្ញ»​ដោយ​លោក​បាន​ទាមទារឱ្យ​លោក​ប្រកែក​មិនព្រម​ធ្វើ​ជាអធិបតីក្នុង​ការ​បញ្ជាក់​ដោយ​សភា​ថាលោក Joe Biden​ ខាងគណបក្ស​ប្រជាធិបតេយ្យ​បានឈ្នះ​លោក Trump ​ក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០។

អតីតអភិបាល​រដ្ឋ South Carolina ​លោក​ស្រី Nikki Haley ​បានប្រកាស​ថា«លោក ​Trump ​ជា​អ្នក​នយោបាយ​គេ​មិន​ចូលចិត្ត​បំផុត​ក្នុង​ប្រទេស​អាមេរិក។ យើង​មិន​អាច​ឈ្នះ​ការបោះឆ្នោត​ទូទៅ​តាម​វិធី​នេះ​ទេ‍»។

តែយ៉ាង​ណា​ក៏​ដោយ ក៏​លោក​ Vivek Ramaswamy អ្នក​នយោបាយថ្មី ​ដែល​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​ក្នុង​ការ​ស្ទង់​មតិ ​បាន​គាំទ្រលោក​ Trump ​ដោយ​លោកបាន​និយាយ​ថា​លោក​មាន​ជំនឿ​ថា​លោក Trump ​ជា​«ប្រធានាធិបតី​ល្អ​បំផុត​ក្នុង​សតវត្សរ៍​ទី២១‍»៕

XS
SM
MD
LG