ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១ កញ្ញា


ក្រុមអ្នក​ជួយ​សង្គ្រោះ​បថម​លើកដៃ​គោរព ខណៈ​ទង់ជាតិ​អាមេរិក​ត្រូវបាន​បង្ហូត​ឡើង​នៅ​ក្រសួង​ការពារជាតិ​ដើម្បី​រំឭក​ដល់​ការវាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ២០០១ នៅ​ព្រឹក​ថ្ងៃចន្ទ ទី ១១ ខែកញ្ញា ឆ្នាំ២០២៣។
ក្រុមអ្នក​ជួយ​សង្គ្រោះ​បថម​លើកដៃ​គោរព ខណៈ​ទង់ជាតិ​អាមេរិក​ត្រូវបាន​បង្ហូត​ឡើង​នៅ​ក្រសួង​ការពារជាតិ​ដើម្បី​រំឭក​ដល់​ការវាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ២០០១ នៅ​ព្រឹក​ថ្ងៃចន្ទ ទី ១១ ខែកញ្ញា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ​ កត់សម្គាល់ខួប​លើក​ទី​២២នៃ​ការ​វាយប្រហារ​ភេរវកម្មថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០១​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជិត​៣ពាន់​នាក់។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden មាន​កំណត់នឹង​ថ្លែង​សុន្ទរកថា ដល់សមាជិក​ក្រុម​យោធា​ អ្នក​ជួយ​សង្គ្រោះ​បថម​ និងក្រុមគ្រួសាររបស់​គេ​ ​នៅឯ​មូលដ្ឋាន​កង​យោធា​អាមេរិក​ ក្នុង​ទីក្រុង Anchorage​ រដ្ឋ​ Alaska សហរដ្ឋអាមេរិក។​

ការ​ឈប់សំចត​របស់​លោក ​Biden ​ក្នុង​មូលដ្ឋានយោធា​ នៃ​រដ្ឋ Alaska ​នេះ កើត​មាន​ឡើង ខណៈ​ដែល​លោកធ្វើ​ដំណើរ​វិលត្រឡប់​មក​ពី​ក្រៅ​ប្រទេសវិញ​ ​បន្ទាប់​ពី​ចូលរួមក្នុង​កិច្ចប្រជុំកំពូល​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ G20​ ក្នុង​ប្រទេស​ឥណ្ឌា​ និង​ដំណើរ​ទស្សនកិច្ច​ដើម្បី​ជួប​ប្រជុំជា​មួយ​មេដឹកនាំ​ក្នុង​ប្រទេស​វៀតណាមរួច​មក។​

បើ​ទោះ​បី​ការ​កត់សម្គាល់ខួបថ្ងៃ​ទី​១១​ ខែកញ្ញា ​គេ​កម្រ​ឃើញ​ប្រធានាធិបតី​អវត្តមាននៅ​ទី​តាំងវាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ New York ​ ក្នុង​រដ្ឋ​ Pennsylvania ឬនៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ក្តី ក៏​អវត្តមាន​របស់​លោកJoe Biden​ ​នៅ​ទីតាំង​កើតហេតុនៅ​ថ្ងៃ​នេះ​ មិនមែន​ជា​រឿងមិន​ធ្លាប់មាន​នោះ​ឡើយ។​

កាលពី​ឆ្នាំ​២០០៥​ អតីតប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ​George W. Bush បាន​ប្រារព្ធខួប​នៃ​ការ​វាយប្រហារ​នេះនៅ​ក្នុង​សេតវិមាន ហើយអតីត​ប្រធានាធិបតី​អាមេរិក​លោក​ Barack Obama​ ​កាល​ពី​ឆ្នាំ​២០១៥​ ក៏​បានចូលរួមពិធី​ស្មឹងស្មាធ​នៅ​ថ្ងៃ​ខួបនេះ​នៅ​សេតវិមាន​ផង​ដែរ មុន​ពេល​លោកអញ្ជើញ​ទៅ​ចូលរួម​ក្នុងកម្មវិធី​មួយ​ ​ដែលផ្តល់ជា​កិត្តិយស​ដល់​យោធា​អាមេរិក​ នៅ​មូលដ្ឋាន​យោធា​ Fort Meade ​ក្នុង​រដ្ឋ​ Maryland ដែល​នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន។​

អនុប្រធានាធិបតី​អាមេរិក​ អ្នក​ស្រី​ Kamala Harris​ ​មាន​កំណត់​នឹងចូលរួមក្នុង​កម្មវិធី​មួយ​នៅថ្ងៃ​ចន្ទ​នេះ នៅសារមន្ទីរ​និង​បូជនីយដ្ឋាន​ជាតិ​ថ្ងៃ​ទី១១ ខែ​កញ្ញា​ក្នុងទីក្រុង​ New York​ ។

ក្រុម​ភេរវជន ​Al-Qaida បាន​ប្លន់យន្តហោះ​ពាណិជ្ជកម្ម២គ្រឿង​ ដោយ​ហោះ​បំបុកអគារ​ភ្លោះនៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ New York ​ ដោយធ្វើ​ឱ្យ​អគារ​ទាំង​ពីរ​នោះបាក់​រលំ។​

ដោយ​ឡែក​ស្វាមី​របស់​អនុប្រធានាធិបតី​រូប​នេះ គឺ​លោក Doug Emhoff​ មាន​គម្រោង​នឹង​ទៅ​កាន់ស្រុក​ Shanksville រដ្ឋ ​Pennsylvania​ ដើម្បី​ដាក់​កម្រងផ្កានៅ​កន្លែង​បូជនីយដ្ឋាន​មួយ​កន្លែង ដែលក្រុម​ភេរវជន​បាន​ប្លន់​យន្តហោះ​មួយ​គ្រឿង​ទៀត​ ហើយ​ធ្លាក់​នៅ​ទី​វាល​មួយ​កន្លែង បន្ទាប់​ពីអ្នក​ដំណើរ​លើ​យន្តហោះ​នោះ​បាន​វាយប្រយុទ្ធ​នឹងក្រុម​ភេរវករ។​

ទន្ទឹម​នឹង​នេះ​ដែរ​ ស្ត្រី​ទី​១​អាមេរិក​ អ្នក​ស្រី​Jill Biden​ ដែល​ជា​ភរិយា​របស់លោក​ Joe Biden ​ដោយ​រួម​ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ប្រធានអគ្គសេនាធិការយោធារួម​ លោក​ ​នាយឧត្តម​សេនីយ៍​ Mark Milley គ្រោងនឹង​ចូលរួម​ក្នុង​ពិធី​ដាក់កម្រង​ផ្កា​មួយ​ ​នៅ​វិមាន​បូជនីយដ្ឋានជាតិ​១១​កញ្ញា​ ក្នុង​ក្រសួងការពារ​ជាតិ​អាមេរិក។​ ​ ក្រុម​ភេរវករ​បានប្លន់យន្តហោះ​មួយ​គ្រឿងទៀត​ និង​បើក​បំបុក​អគារ​មួយ ដែល​ជា​ស្នាក់ការ​កណ្តាល​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក៕

XS
SM
MD
LG