ប្រជាជនដែលប្តូរកន្លែងមួយចំនួនធំប្រមាណ៧០០.០០០នាក់ ក្នុងខេត្ត Kivu ភាគខាងជើងមិនបានរស់នៅក្នុងជំរំ និងមិនទទួលបានជំនួយផ្នែកចំណីអាហារនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ក្នុងខេត្ត Kivuខាងជើងនិយាយថា ម្ចាស់ជំនួយនានាកំពុងតែនឿយណាយក្នុងការចំណាយថវិកាលើជំរំទាំង៥៧នៅទីរួមខេត្ត។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ម្ចាស់ជំនួយបានផ្តល់ប្រាក់ទៅលើរឿងដដែលៗអស់រយៈពេលជាយូរមកហើយ មិនតែប៉ុណ្ណោះថវិកាជំនួយកាន់តែតិចទៅៗ។
មូលហេតុមួយនៃការធុញទ្រាន់របស់ម្ចាស់ជំនួយ គឺដោយសារពួកគាត់បានដឹងថា ចំនួនមនុស្សក្នុងជំរំត្រូវបានបំផ្លើស។ កាលពីឆ្នាំមុន បន្ទាប់ពីការត្រួតពិនិត្យពេលយប់ត្រូវបានអនុវត្តក្នុងតំបន់ចំនួន៣១នៅខេត្ត Kivu ខាងជើង តួលេខនៅក្នុងតំបន់ទាំងនោះត្រូវបានរកឃើញថាតិចជាង ២ភាគ៣នៃការប៉ាន់ស្មានដំបូង។ នេះបើយោងតាមរបាយការណ៏រួមមួយ ដោយបណ្តាអង្គការដែលកំពុងគ្រប់គ្រងជំរំនៅខេត្ត Kivu ខាងជើង។
មូលហេតុមួយចំនួននៃការថយចុះចំនួនមនុស្សអាចបណ្តាលមកពី ភាពប្រសើរឡើងនៃសន្តិសុខដែលធ្វើឲ្យប្រជាជនត្រឡប់ទៅផ្ទះពួកគេវិញ ប៉ុន្តែរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថាមូលហេតុផ្សេងទៀតគឺការបំផ្លើសតួលេខ។
នៅក្នុងឆ្នាំនេះ ជំរំចំនួន៥ត្រូវបានបិទ ហើយប្រជាជននៅទីនោះភាគច្រើនបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ឬតាំងទីលំនៅថ្មីក្នុងតំបន់ផ្សេងៗក្បែរទីក្រុង Goma។
VOA បាននិយាយទៅកាន់អតីតអ្នកផ្លាស់ទីលំនៅម្នាក់ គឺលោក Jean Pierre Havugimana ដែលបានចាកចេញពី ជំរំ Lac Vert នៅក្បែរទីក្រុង Gomaកាលពីខែមុន ហើយបានត្រឡប់ទៅភូមិ Kimokaរបស់គាត់វិញ។
លោកបានប្រាប់VOA ថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានត្រឡប់មកផ្ទះវិញ ពីព្រោះអ្នករស់នៅក្នុងជំរំបរិភោគមិនបានគ្រប់គ្រាន់នោះទេ ហើយការលាងសម្អាតមានការលំបាកខ្លាំងណាស់ ប៉ុន្តែជីវិតនៅក្នុងភូមិរបស់គាត់មានលក្ខណៈប្រសើរជាងឆ្ងាយណាស់។ លោកបានបន្ថែមថា លោកចង់អរគុណដល់បណ្តាអង្គការដែលបានជួយអ្នកដែលបានត្រឡប់មកវិញ ប៉ុន្តែពួកគេក៏ត្រូវការឧបករណ៍ជាច្រើនដូចជាកាំបិតផ្គាក់ ចបកាប់ ក៏ដូចជាគ្រាប់ពូជផ្សេងៗសម្រាប់ធ្វើកសិកម្មផងដែរ។
អ្នកជិតខាងម្នាក់របស់លោក ឈ្មោះ Furaka Songo ជាអនុប្រធានរបស់ក្រុមប្រជាជនដែលមកពីជំរំ Lac Vert ហើយបានផ្លាស់ទៅតំបន់ Kimoka។
នាងប្រាប់ VOA ថា នាង និងគ្រួសាររបស់នាង ត្រូវបានគេសន្យាថាផ្តល់គ្រាប់ពូជផ្សេងៗ។ គ្រាប់ពូជនោះមិនទាន់មកដល់ទេ ហើយនេះធ្វើឲ្យជីវិតរបស់ពួកគេលំបាកដោយសារតែពួកគេរស់នៅពឹងលើវិស័យកសិកម្មដើម្បីជាស្បៀងអាហាររបស់ពួកគេ។
ការចែកចាយគ្រាប់ពូជគឺជាទំនួលខុសត្រូវរបស់ អង្គការស្បៀងអាហារ និងកសិកម្មរបស់ អ.ស.ប.ហើយវាគួរតែមកដល់តាំងពីពាក់កណ្តាលខែតុលាម្ល៉េះ។ លោក Ben Oduwa នៃអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍បានប្រាប់ VOA ថាការចែកចាយគ្រាប់ពូជត្រូវបានពន្យារពេល៕
ប្រែសម្រួលដោយ ទុំ ម្លិះ