ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ចំនួន​ត្រី​ឆ្លាម​នៅ​អូស្ត្រាលី​ធ្លាក់​ចុះ​ខ្លាំង


(រូបភាព​ឯកសារ​ ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៤​) ប្រភេទ​ត្រីឆ្លាម​ tiger ឈ្មោល​ត្រូវគេ​ចងភ្ជួរ​នឹង​កាណូត​នេសាទ​ឈ្មោះ​ ​Moses Rock នៅឆ្នេរ​ប៉ែកខាងលិច​អូស្ត្រាលី។

ចំនួន​ត្រី​ឆ្លាម​នៅ​តាម​បណ្តោយ​ឆ្នេរ​នៅ​រដ្ឋ​ Queensland បាន​ធ្លាក់​ចុះ​ជាង​៩០ភាគរយ​សម្រាប់​ពូជ​ត្រី​ឆ្លាម​មួយ​ចំនួន​ក្នុង​រយៈ​ពេល​៥​ទសវត្សរ៍​ចុងក្រោយ​នេះ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយដែល​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​កាន់​តែខ្លាំង​បន្ថែម​ទៀត​លើ​ពូជ​ត្រី​ឆ្លាម​ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​នៅ​ក្នុង​ដែន​ទឹក​ប្រទេស​អូស្ត្រាលី។

ប្រទេស​អូស្ត្រាលី​មាន​ត្រីឆ្លាម​១៧០ប្រភេទ​ក្នុង​ចំណោម​ត្រី​ឆ្លាម៤៤០ប្រភេទ​ក្នុង​ពិភពលោក។ ត្រីឆ្លាម​ប្រភេទ​ Great White និង​ Grey Nurse ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​ប្រភេទ​ត្រីឆ្លាម​ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែងក្នុង​ដែន​ទឹក​អូស្ត្រាលី។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Queensland និង​សាកលវិទ្យាល័យ​ Griffith បាន​វិភាគ​ទិន្នន័យ​ដែល​បាន​មកពី​គម្រោង​តាម​ដាន​ត្រីឆ្លាម​ដើម្បី​ប៉ាន់​ប្រមាណ​ពី​ការ​ប្រែប្រួល​ចំនួន​ត្រីឆ្លាម​ក្នុង​រយៈពេល​៥ទសវត្សរ៍​ចុង​ក្រោយ​នេះ។ មង និង​ផ្លៃ​សន្ទូច​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​នៅ​រដ្ឋ Queenslandដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​ការ​វាយ​ប្រហារ​របស់​ត្រី​ឆ្លាម​ទៅ​លើ​អ្នក​ហែល​ទឹក​និង​អ្នក​ជិះ​ក្តារតាម​រលក​ទឹក​សមុទ្រ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​នេះ​បាន​សិក្សាលើ​ចំនួន​ប្រភេទ​ត្រីឆ្លាម​ស ត្រីឆ្លាម​មាន​ក្រ​ឡា​ខ្លា ត្រីឆ្លាម​ក្បាល​ញញួរ​ និង​ត្រីឆ្លាម​ Whaler ដែល​គេ​ចាប់​បាន​ក្នុង​ចន្លោះ​ដើម​ទសវត្សរ៍​១៩៦០ ដល់​ឆ្នាំ​២០១៦។

លទ្ធផល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​រក​ឃើញ​គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ នេះ​បើ​យោង​តាម​លោក​ George Roff មក​ពី​សាកលវិទ្យាល័យ​ Queensland និង​ជា​សមាជិក​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ។

«លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដូច​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ អ្វី​ដែល​យើង​បាន​រក​ឃើញ​អំឡុងពេល​៥០ឆ្នាំ​ចុងក្រោយ​នេះ​ គឺ​ចំនួន​ប្រភេទ​ត្រីឆ្លាម​ក្នុង​ដែន​ទឹក​នៅ​បណ្តោយ​ឆ្នេរ​ ក្នុង​រដ្ឋ​Queenslandបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ចំនួនត្រីឆ្លាម​នៅ​តាម​ឆ្នេរ​សមុទ្រ​យើង​ធ្លាក់​ចុះ​ពី​ចន្លោះ​៧៤​ ទៅ​៩២​ភាគរយ​ ហើយ​ទំហំ​ត្រីឆ្លាម​ក៏​កាន់​តែ​តូច​ជាង​មុន​ដែរ។ ដូច្នេះ​ហើយ​ចំនួន​ត្រី​ឆ្លាម​នៅ​តាម​បណ្តោយ​ឆ្នេរ​នានា​ក្នុង​រដ្ឋ Queensland មាន​តិច​ជាង​មុន​និង​តូច​ជាង​មុន បើ​ប្រៀប​ធៀប​ជាមួយ​កាល​ពី៥០ឆ្នាំ​មុន។ ការ​ថយ​ចុះ​នេះ​ក៏​រាប់​បញ្ចូល​ទាំង​ចំនួន​ប្រភេទ​ត្រីឆ្លាមHammerhead ដែល​កំពុង​ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​ គឺ​បាន​ធ្លាក់​ចុះ​៩២​ភាគរយ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​ គឺ​ប្រភេទ​ត្រីឆ្លាមGreat Whiteត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​សត្វ​ងាយ​រងគ្រោះ​ក្នុង​ប្រទេស​អូស្ត្រាលី និង​គ្មាន​សញ្ញា​បង្ហាញ​ថា​ មាន​ការ​កើន​ឡើង​ឡើយ​ បើ​ទោះ​បី​ជា​វិធានការ​ការពារ​ដើម្បី​បញ្ឈប់​ការ​នេសាទ​ត្រីត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​២ទសវត្សរ៍​មុន​ក៏​ដោយ»។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ការ​ស្តីបន្ទោស​លើ​ការ​នេសាទ​ហួស​ប្រមាណ​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​ប្រភេទ​ត្រីឆ្លាម​ Hammerhead និង Great White។ ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​ក៏​និយាយ​ថា​ ការ​ធ្លាក់​ចុះ​ចំនួន​នៃ​ប្រភេទ​ត្រី​ឆ្លាម​មួយ​ចំនួន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ គុណ​ភាពទឹក​មហាសមុទ្រ​ក៏​ធ្លាក់​ចុះ​ដែរ។ ពួកគេ​បាន​ថ្លែង​ថា​ គួរ​តែ​មាន​ការ​ការពារ​ខ្លាំង​ជាង​នេះ​សម្រាប់​ប្រភេទ​សត្វ​ដែល​អាច​ចាត់​ទុក​ជា​ប្រភេទ​សត្វ​ដែល​ស៊ី​សត្វ​ដែល​ងាប់​ និង​ប្រភេទ​សត្វ​ស៊ី​សាច់​សត្វ​ជា​អាហារ។​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ទទូច​ថា​ កត្តា​នានា​ដូចជា​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ត្រីឆ្លាម​នោះ​ មិន​អាច​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ត្រី​ឆ្លាម​យ៉ាង​ខ្លាំង​នោះ​ទេ។

នៅ​តាម​បណ្តា​រដ្ឋ​ទាំងអស់​ក្នុង​ប្រទេស​អូស្ត្រាលី​ធ្លាប់​បាន​អនុវត្ត​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​វាយ​ប្រហារ​ពី​ត្រីឆ្លាម។ អាជ្ញាធរ​ក្នុង​រដ្ឋ New South Wales ជ្រើសរើស​ប្រើប្រាស់​វិធី​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ ដូចជា​ការ​ប្រើប្រាស់​ឧបករណ៍ ​Drone និង​បំពាក់​ឧបករណ៍​ស៊ើបការណ៍​តា​មដាន​ត្រីឆ្លាម​ដែល​ហែល​មក​ក្បែរ​អ្នក​ជិះ​ក្តារ​លើ​រលក​ទឹក​សមុទ្រ ដើម្បី​បន្លាច​និង​ដឹង​ពី​ការ​ហែល​ចូល​មក​ជិត​របស់​ត្រី​ឆ្លាម។ ក្នុង​ខែ​មករា​ ឆ្នាំ២០១៤​ រដ្ឋាភិបាល​ថ្នាក់​តំបន់​ប៉ែក​ខាង​លិច​អូស្ត្រាលី មាន​ចំណាត់ការ​ត​ទល់​ជា​ហូរហែ​នឹង​ត្រីឆ្លាម​ដោយ​ចាប់​និង​សម្លាប់​ចោល​តែ​ម្តង។ តាមរយៈ​ចំណាត់ការ​នេះ ត្រី​ឆ្លាម​ប្រមាណ៧០​ក្បាល​ត្រូវ​បាន​ចាប់​ និងបាញ់​សម្លាប់ ​ក្រោយ​មក​មន្ត្រី​បរិស្ថាន​បាន​ហាម​ប្រាម​វិធីសាស្ត្រ​នេះ៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី​

XS
SM
MD
LG