លោក Camilo Mora ដែលជាអ្នកស្រាវជ្រាវនាំមុខម្នាក់បាននិយាយថា របាយការណ៍នេះបង្ហាញពីអ្វីដែលលោកហៅថាជា «ផលប៉ះពាល់តៗគ្នាដ៏ធំ» នៃដំណឹងអាក្រក់ ខណៈដែលការប្រែប្រួលអាកាសធាតុកើនឡើងកាន់តែខ្លាំងនៅក្នុងសតវត្សរ៍ខាងមុខ ប្រសិនបើពិភពលោកមិនកាត់បន្ថយចំនួនកាបូនដែលបញ្ចេញទៅក្នុងបរិយាកាសទេនោះ។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា កន្លងទៅនេះ នៅក្នុងព្រឹត្តិប័ត្រ Nature Climate Change លោក Mora បាននិយាយថា មិនមានកន្លែងណាមានសុវត្ថិភាពនោះទេនៅលើផែនដីនេះ។
ការច្របាច់បញ្ចូលព័ត៌មានទាំងអស់ក្នុងរបាយការណ៍តែមួយ
ការសិក្សាស្រាវជ្រាវនេះមានលក្ខណៈពិសេសដោយសារតែវាមិនមានព័ត៌មានថ្មីនោះទេ ប៉ុន្តែវាជាបញ្ជីគោលដែលមានការទស្សន៍ទាយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទាំងអស់ និងច្របាច់បញ្ចូលព័ត៌មានទាំងនោះទៅក្នុងរបាយការណ៍តែមួយ។
លោក Mora បានប្រាប់ VOA ថា លោកនិងក្រុមការងាររបស់លោកដែលមានអ្នកស្រាវជ្រាវរាប់សិបនាក់បានចំណាយពេល៦ខែដើម្បីប្រមូលនិងបញ្ចូលទិន្នន័យស្តីពីបម្រែបម្រួលអាកាសធាតុទៅក្នុងប្រព័ន្ធរបស់ពួកគេ និងពិនិត្យមើលថាតើផលប៉ះពាល់ទាំងនោះនឹងជះឥទ្ធិពលដល់ផ្នែកផ្សេងទៀតនៅជុំវិញពិភពលោកដោយរបៀបណា។
អ្វីដែលពួកគេបានរកឃើញគឺថា មានវិធីចំនួន៤៦៧យ៉ាងដែលការប្រែប្រួលអាកាសធាតុនឹងផ្តល់ផលប៉ះពាល់ជាអវិជ្ជមានទៅលើធាតុអាកាស ដែលផលប៉ះពាល់ក្នុងស្រុករួមមានដូចជាគ្រោះរាំងស្ងួតច្រើនជាងមុន រលកកម្តៅ ភ្លើងឆេះព្រៃ និងព្យុះ ហើយជាលក្ខណៈសកលរួមមានដូចជាកំណើនកម្រិតទឹកសមុទ្រ និងបម្រែបម្រួលធាតុគីមីក្នុងមហាសមុទ្រជាដើម។
លោកMora ក៏បានមើលទៅលើថាតើបម្រែបម្រួលអាកាសធាតុនឹងផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះទៅលើអ្វីៗគ្រប់យ៉ាង ដែលរាប់ចាប់ពីការផ្គត់ផ្គង់ស្បៀងអាហារ រហូតដល់ភាពងាយឆ្លងជំងឺដែលកើនឡើងកាន់តែច្រើន ក៏ដូចជាផលប៉ះពាល់ដែលពិបាកនឹងប៉ាន់ស្មាន ដូចជាផលប៉ះពាល់នៃភាពមិនទៀងទាត់នៃអាកាសធាតុទៅលើសុខភាពផ្លូវចិត្តជាដើម។
អ្វីដែលលោកបានរកឃើញគួរឲ្យភ្ញាក់ផ្អើលណាស់។ លោកបានប្រាប់ VOA ថា «ខ្ញុំតែងតែមានការភ្ញាក់ផ្អើលជារៀងរាល់ថ្ងៃ ដោយសារតែបានដឹងថា ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបម្រែបម្រួលអាកាសធាតុកំពុងតែប៉ះពាល់ដល់មនុស្សជាតិនៅជុំវិញពិភពលោករួចទៅហើយ។ យើងគិតថា វានឹងកើតឡើងនៅពេលក្រោយ ប៉ុន្តែយើងបានរកឃើញថា វាបានកើតឡើងរួចទៅហើយ»។
លោក Mora បាននិយាយថា «ជាឧទាហរណ៍ កាលពីឆ្នាំមុន រដ្ឋ Florida បានជួបប្រទះនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ សីតុណ្ហភាពកើនឡើងក្តៅជាងមុនមិនដែលធ្លាប់មាន គ្រោះភ្លើងឆេះព្រៃកើតឡើងជាង១០០ដង និងកើតមានព្យុះដែលខ្លាំងជាងគេបំផុតមិនដែលធ្លាប់មានឈ្មោះថា ព្យុះ Michael កម្រិតទី៤ នៅក្នុងតំបន់ Panhandle។ ដូចគ្នាដែរ រដ្ឋ California ឥឡូវនេះកំពុងជួបប្រទះនឹងភ្លើងឆេះព្រៃដ៏កំណាច និងគ្រោះរាំងស្ងួតរយៈពេលដ៏យូរបំផុតមួយ បូករួមទាំងរលកកម្តៅកាលពីរដូវក្តៅមុនផងដែរ»។
លោកនិយាយថា ប្រសិនបើកម្រិតកាបូននៅក្នុងបរិយាកាសនៅតែបន្តកើនឡើងក្នុងកម្រិតនេះ គ្រប់កន្លែងនៅលើផែនដីនឹងត្រូវរងផលប៉ះពាល់។
ដោយលើកឧទាហរណ៍ពីរដ្ឋញូវយ៉ក លោក Mora បង្ហាញពីស្ថានភាពក្នុងពេលអនាគតមួយដែលអាចកើតឡើង។ នៅក្នុងឆ្នាំ២១០០ រដ្ឋ ញូវយ៉ក នឹងត្រូវប្រឈមជាញឹកញាប់នឹងផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញដែលអាចនឹងកើតមានដោយសារអាកាសធាតុដ៏គ្រោះថ្នាក់៤យ៉ាងផ្សេងៗគ្នា ដែលរួមមានទាំងធាតុអាកាសក្តៅខ្លាំងនិងកំណើនកម្រិតទឹកសមុទ្រ។
ផលប៉ះពាល់ទាំងនេះអាចប៉ាន់ស្មានបាន ហើយនៅពេលអនាគត ទីក្រុងនានាដូចជា ទីក្រុង Miami អាចនឹងត្រូវប្រឈមជាមួយនឹងគ្រោះរាំងស្ងួត ការកើនឡើងកម្តៅខ្លាំង កំណើនកម្រិតទឹកសមុទ្រ និងព្យុះកាន់តែខ្លាំងក្លានិងច្រើនជាងមុន។ លោក Mora និយាយថា «តំបន់ឆ្នេរសមុទ្រនៅក្នុងតំបន់ត្រូពិកនឹងត្រូវឆេះ។ ទីក្រុង ស៊ីដនី ទីក្រុង Los Angeles ប្រទេស ប្រេស៊ីល និងទីក្រុង Mexico City សុទ្ធតែប្រឈមនឹងហានិភ័យ ខណៈដែលផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុកើនឡើង»។
ការសិក្សារបស់លោក Mora ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយសារតែព័ត៌មានលម្អិតនានានៅក្នុងរបាយការណ៍នោះ។ លោក Mora បាននិយាយថា «យន្តហោះមិនអាចហោះបានទេក្នុងរលកកម្តៅ ដោយសារខ្សែភ្លើងនឹងឆ្លងគ្នាក្នុងពេលមានរលកកម្តៅ»។ សម្រាប់អ្នកដែលធ្វើការនៅខាងក្រៅ វាអាចនឹងក្តៅខ្លាំងហួសហេតុដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពួកគេដែលពឹងផ្អែកលើការងារនោះ។
ផលប៉ះពាល់ទាំងនេះរួមបញ្ចូលគ្នា នឹងជះឥទ្ធិពលលើសេដ្ឋកិច្ចយ៉ាងខ្លាំង។ លោក Mora និយាយថា ផលប៉ះពាល់ទាំងនេះនឹងបង្កើតឲ្យមានភាពស្មុគស្មាញនៅក្នុងសហគមន៍ ដែលមានសមត្ថភាពសេដ្ឋកិច្ចទាបជាងមុនដើម្បីទប់ទល់នឹងការផ្លាស់ប្តូរ បូករួមទាំងការចំណាយផ្នែកហិរញ្ញវត្ថុកាន់តែច្រើន ដោយសារតែការបំផ្លិចបំផ្លាញ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលបណ្តាលមកធាតុអាកាសក្តៅហួសកម្រិត។
តើវាយឺតពេលហើយឬនៅ?
ទោះមានព័ត៌មានអាក្រក់ៗទាំងនេះនៅក្នុងរបាយការណ៍វាយតម្លៃនេះក៏ដោយ ក៏លោក Mora ជឿជាក់លើសមត្ថភាពរបស់យើងគ្រប់គ្នាដើម្បីគេចចេញឲ្យផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនេះ។
លោកបាននិយាយថា «វាមិនទាន់ដល់នាទីចុងក្រោយនៅឡើយទេ។ យើងមិនទាន់យឺតពេលក្នុងការផ្លាស់ប្តូរនោះទេ ហើយយើងមានផ្លូវដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ អ្វីដែលត្រូវធ្វើគឺអនុវត្តមធ្យោបាយទាំងនេះ»។
លោក Mora និយាយថា ដំណោះស្រាយចំពោះបញ្ហាកាបូនក្នុងពិភពលោកនឹងមិនកើតចេញពីបណ្តាមេដឹកនាំពិភពលោកនោះទេ ទោះណាមានកិច្ចព្រមព្រៀងផ្សេងៗ ដូចជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលមេដឹកនាំពិភពលោករាប់រយនាក់បានរួមគ្នាប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ពួកគេក៏ដោយ។
លោកនិយាយថា ការផ្លាស់ប្តូរពិតប្រាកដដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នបន្តិចម្តងៗ នឹងកើតចេញពីសាធារណជន ហើយលោកលើកឡើងពីកិច្ចប្រឹងប្រែងនានា ដូចជាការសម្រេចចិត្តរបស់រដ្ឋ Hawaii ដើម្បីក្លាយជារដ្ឋមួយដែលមិនបញ្ចេញកាបូននៅត្រឹមឆ្នាំ២០៤៥ និងផ្លាស់ប្តូរទៅប្រើថាមពលកើតឡើងវិញ១០០%។
លោក Mora ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដាំដើមឈើនៅក្នុងរដ្ឋHawaii ផងដែរ ដែលលោកនិយាយថា ប្រសិនបើការដាំដើមឈើអាចធ្វើបាននៅទូទាំងពិភពលោក វាអាចជួយស្រូបកាបូនចេញពីបរិយាកាសបាន បន្ថែមពីលើការឈប់បញ្ចេញកាបូនចូលទៅក្នុងបរិយាកាស។ លោកបានហៅវិធីនេះថាជាវិធីសាស្ត្រសាមញ្ញមួយក្នុងចំណោម «វិធីសាស្ត្រសាមញ្ញៗដទៃទៀតដើម្បីជួយសម្អាតផែនដីយើងទាំងអស់គ្នា»៕