ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​កាន់​អំណាច


រូបឯកសារ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុន​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​​៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។
រូបឯកសារ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​ឈ្មោះ​នៅ​មុន​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​​៨ ខែ​សីហា ឆ្នាំ​២០១៤។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​ធ្វើ​ពហិការ​រយៈ​ពេល​១០​ខែ។

បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​អស់​រយៈពេល​ដ៏​យូរ​ មិន​ហ៊ាន​រិះគន់​ចំៗ​ទៅ​លើ​កិច្ច​ព្រមព្រៀង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤​កន្លង​ទៅដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោតនោះ លោក​កឹម សុខា​បាន​បញ្ជាក់​ជំហរ​ជា​លើក​ដំបូង​ថា​ លោក​មិន​ពេញ​ចិត្ត​នឹង​កិច្ច​ព្រមព្រៀង​នេះ​ទេ។​

នៅ​ក្នុង​ពិធី​ជួប​ប្រជុំ​គ្នា​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅទីក្រុង​ឡង់ប៉ិច​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​អាទិត្យ​ ​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ថា​ កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃទី​២២​ខែ​កក្កដា​កន្លង​ទៅ​នេះ តាម​ការណ៍​ពិត​លោក​មិន​ពេញ​ចិត្ត​ទេ។​

លោក​បាន​បញ្ជាក់​ថា​ ដោយ​សារ​តែ​លោក​គោរព​នូវគោល​ការណ៍​ គោល​ជំហរ​ ​របស់​គណបក្ស​សង្គ្រោះជាតិ​ ​លោក​ត្រូវ​តែ​ទទួល​យក​ដើម្បី​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ហា​បន្ត​ទៅ​ទៀត។​

លោក​មាន​និយាយ​ថា៖​ «យើង​បាន​កិច្ច​ព្រម​ព្រៀង​មួយ​យ៉ាង​ខ្លី​ ហើយ​អត់​បាន​ច្បាស់​លាស់​ លម្អិត​ទេ។​ ​អញ្ចឹង ​កិច្ច​ព្រម​ព្រៀង​ហ្នឹង​អាច​បក​ស្រាយ​បាន​ច្រើន​យ៉ាង​ណាស់។​ ប៉ុន្តែ​វា​ជា​មូល​ដ្ឋាន​ដែរ​សម្រាប់​ឈាន​ទៅ​រក​ការងារ​មួយ​ចំនួន​ទៀត។​ ​វាមិន​មែន​អត់​ល្អ​ទាំង​អស់​ទេ ​គ្រាន់​តែ​វា​មិន​ទាន់​ពេញ​ចិត្ត​យើង​ឲ្យបាន​ពេញ​លេញ»។​

យោង​តាម​កិច្ច​ព្រមព្រៀងរវាង​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤​ បាន​បញ្ជាក់​ថា ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដើម្បី​កែ​ទម្រង់ការ​បោះ​ឆ្នោត​ ដោយ​រៀប​ចំស្ថាប័ន​បោះ​ឆ្នោត​ដោយ​ឯក​រាជ្យ​ ដែល​មាន​ចែង​ក្នុង​ជំពូក​មួយ​ដោយ​ឡែក​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​មាន​ចំនួ​៩​រូប​ ៤​រូប​ជ្រើស​តាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ និង​មួយ​រូប​ទៀត​ជ្រើស​រើស​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នារវាង​គណបក្ស​ទាំងពីរ។​

មក​ដល់​ពេល​នេះ​មាន​រយៈពេល​៨​ខែមក​ហើយ​ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ ​ហើយ​ឈាន​រហូត​ដល់​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​មាន​១៧១​មាត្រា​ និង​១២​ជំពូក។

លោក​កឹម សុខា​បាន​បញ្ជាក់​ថា ​តាម​កិច្ច​ព្រម​ព្រៀង​នេះ ​លោក​សុខ​ចិត្ត​អត់​ធ្មត់​ លោក​សុខ​ចិត្ត​លេប​គ្រួស​លេប​ថ្ម​ដើម្បី​បន្ត​ការ​រួប​រួម​នេះ​ឲ្យរឹង​មាំ​ មិន​ឲ្យចាញ់​កល់ល្បិច​របស់​គណបក្ស​កាន់​អំណាច។​

ក៏​ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​បាន​សារភាព​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បរាជ័យ​ក្នុង​ការ​ទាម​ទារ​រហូតដល់​មាន​ការប្តូរ​របប​គ្រប់​គ្រង​របស់​លោក​ហ៊ុន សែន​ តែ​គណបក្ស​សង្គ្រោះជាតិ ​មិន​បោះ​បង់​ជំហរ​នេះ​ទេ​គឺ​នៅ​តែ​ធ្វើ​ការ​តស៊ូ​រហូត​ដល់​មាន​ការ​ផ្លាស់​ប្តូរ​ឲ្យទាល់​តែ​បាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា៖​«យើង​ខ្ញុំ​មិន​មែន​មិន​ដឹង​ទេ​អ្វី​ដែល​យើង​ធ្វើ​បាន​ អ្វី​ដែល​យើង​ធ្វើ​មិន​បាន។​ ​បើ​សិន​ពួក​យើង​ខ្ញុំ​បន្ត​ធ្វើ​តទៅទៀត ​ខ្មែរ​ហូរ​ឈាម​ ហើយ​ឈាម​នោះ​គ្មាន​អ្នក​ណា​មក​ជួយ​ស្រោច​ស្រង់​យើង​ទៀត​ទេ»។​

លោក​ឈឹម ​ផលវរុន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្តី​បន្ទោស​ដល់​លោក​កឹម សុខា​ថា ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ប្រហែល​ជា​មាន​បញ្ហា​ទំនាស់​រវាង​ប្រធាន​ និង​អនុ​ប្រធាន​គណបក្សហើយ​ ទើប​បាន​ជា​ជំហរ​មិន​ដូច​គ្នា​យ៉ាង​ដូច្នេះ។​

លោក​និយាយ​ថា៖ «ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ពិចារណា​ទៅ​ថា ​តើ​អនុ​ប្រធាន​ទី​១​នោះ​បាន​ទៅ​ចរចា​នោះ​មាន​បាន​បញ្ចេញ​មតិ​ មាន​បាន​អ្វី ​ឬ​ទៅ​ទាំង​បិទ​ភ្នែក​ ចុក​ ត្រចៀក​ ដោយ​ល្ងង់​ ឬ​ក៏​យ៉ាង​ម៉េច​ អាត្រង់​នេះ ​ឬ​ក៏​មាន​ទំនាស់​ផ្ទៃ​ក្នុង​ខ្លួន​ឯង»។​

លោក​មាន​ប្រសាសន៍​ថា ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​គឺ​មាន​ន័យ​ល្អ​ទាំង​សង​ខាង​ ហើយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​វិញមាន​ន័យ​ល្អ​មែន​ទែន​ ពី​ព្រោះ​គណបក្ស​នេះ​ចង់​ឲ្យមាន​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​ ហើយ​ឥឡូវ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ក្លាយ​ជា​ការណ៍​ពិត​ហើយ៕

XS
SM
MD
LG