ក្រោយពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបញ្ចប់ការពិភាក្សាចុងក្រោយកាលពីថ្ងៃច័ន្ទលើសេចក្តីព្រាងច្បាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគណបក្សទាំងពីរបានប្រកាសថានឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋសភាបានឱ្យដឹងថាក្រោយពីបានដោះស្រាយបញ្ចប់នូវចំណុចដែលនៅសេសសល់ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគជប និង សេចក្តីព្រៀងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត។ ក្រុមការងារនៃគណបក្សទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅថ្ងៃទី៩ខែមិនានៅវិមានរដ្ឋសភា។
សិក្ខាសាលានេះក៏បានអញ្ជើញសាធារណជនដែលមានបំណងចង់ចូលរួមអាចមកទាក់ទងជាមួយអគ្គលេខាធិការដ្ឋាននៃរដ្ឋសភាដើម្បីចុះឈ្មោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថាខុម ហ្វ្រែល បានបញ្ជាក់ថាសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការចំនួន២០ជាសមាជិកមិនទាន់សម្រេចថានឹងចូលរួមក្នុងសិក្ខាសាលានៅឡើយទេ។លោកបានបញ្ជាក់ថានៅថ្ងៃស្អែកនេះយើងនឹងពិភាក្សាគ្នាដើម្បីសម្រេចថាតើគួរតែចូលរួមឬ មិនចូលរួម។
លោកនិយាយថា៖«យើងនឹងជជែកគ្នារកចំណុចរួមនៅក្នុងសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត»។
លោកគល់ បញ្ញា បានបញ្ជាក់ថាបើទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមអង្គការសង្គមស៊ីវិលព្យាយាមផ្តល់អនុសាសន៍ដល់គណបក្សទាំងពីរទាក់ទឹននឹងសេចក្តីព្រាងច្បាប់ទាំងពីរដែលគណបក្សទាំងពីរទើបតែបញ្ចប់ការពិភាក្សាកាលពីពេលថ្មីៗនេះ។
អនុសាសន៍ដែលអង្គការសង្គមស៊ីវិលគ្រោងនឹងស្នើឡើងទាក់ទឹននឹងច្បាប់គជបគឺ ពាក់ព័ន្ធនឹងមូលនិធិរបស់គជបគឺធ្វើយ៉ាងណាឱ្យមូលនិធិគជបអាចទាក់ទងប្រទេសម្ចាស់ជំនួយដើម្បីឱ្យមានគណនីយពិសេសក្នុងការធ្វើសកម្មភាពបានដោយមិនចាំបាច់មូលនិធិនេះចូលតាមគណនីយរតនាគារជាតិទេ។
ពេលវេលានៃការឃោសនាបោះឆ្នោតគឺត្រូវទុកដដែលពីព្រោះរយៈពេល៣០ថ្ងៃសមល្មមនឹងគណបក្សដែលមិនមានលទ្ធភាពធ្វើសកម្មភាពរបស់ខ្លួនអាចឃោសនាបាន។ ចំណែកឯប្បញ្ញត្តិទាក់ទឹននឹងអង្គការសង្គមស៊ីវិលគួរតែឱ្យនៅដដែល។
លោក គល់ បញ្ញា មានប្រសាសន៍ថាគណបក្សទាំងពីរគួរតែដកប្បញ្ញត្តិណាទាក់ទឹននឹងអង្គការសង្គមស៊ីវិលដែលនិយាយពីការជេរប្រមាថគួរតែត្រូវបានដកចេញហើយទាក់ទឹននឹងកងកម្លាំងប្រដាប់អាវុធ មន្ត្រីនគរបាល និង មន្ត្រីតុលាការ មិនត្រូវធ្វើសកម្មភាពគាំទ្រ ឃោសនាប្រឆាំងនឹងគណបក្សណាមួយបានទេពីព្រោះនេះជាផ្នែកមួយនៃច្បាប់គណបក្សដែលត្រូវមានប្បញ្ញត្តិមួយដែលចែងឱ្យបានច្បាស់នៅក្នុងច្បាប់បោះឆ្នោត។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានសរសើរសេចក្តីព្រាងច្បាប់ដែលគណបក្សទាំងពីរបានឯកភាពគ្នារួចហើយ។ លោកបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ថ្មីនេះបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជារាស្ត្រដើម្បីចៀសវាងកុំឱ្យចោទប្រកាន់និងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។
លោកនិយាយថា៖«គាំទ្រគឺការធ្វើច្បាប់បោះឆ្នោតឬក៏ធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតគឺយើងធ្វើដើម្បីឱ្យអ្នកពាក់ព័ន្ធជាពិសេសអ្នកដែលទទួលសិទ្ធិពីប្រជាពលរដ្ឋបានន័យថាគណបក្សដែលជាប់ឆ្នោតហ្នឹងឯងគឺមានតែពីរគណបក្សហ្នឹងឯងគឺគាត់ធ្វើហ្នឹងវាឆ្លុះបញ្ចាំងនឹងឆន្ទៈរាស្ត្រហើយ»។
លោកបានបញ្ជាក់ថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមិនមែនធ្វើឱ្យអ្នកឈ្នះទៅជាអ្នកចាញ់ ហើយ អ្នកចាញ់ទៅជាអ្នកឈ្នះឆ្នោតបានទេ។ ការធ្វើវិសោធនកម្មនេះគឺដើម្បីបញ្ចប់អ្វីដែលម្នាក់ៗមានលេសចោទប្រកាន់គ្នាទៅវិញទៅមក៕