អង្គការសង្គមស៊ីវិល ដែលតាមឃ្លាំមើលកិច្ចការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានធ្វើការបរិហាររិះគន់ថា វិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពី«ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»ដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទើបតែបានពិភាក្សាបញ្ចប់កាលពីសប្តាហ៍មុននេះមិនមានតម្លាភាព និងមិនអាចដោះស្រាយភាពមិនប្រក្រតីនៅពេលបោះឆ្នោតលើកក្រោយៗទៀតបានទេ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមការងារខាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកស ខេង និងក្រុមការងារខាងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៊ីបានជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់ទាំងអស់នៃសេចក្តីព្រៀងច្បាប់ស្តីពី«វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។
ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រៀងច្បាប់នេះនាពេលដ៏ខ្លីខាងមុខនេះ។
ដោយឡែកពាក់ព័ន្ធទៅនឹងការធានានិរន្តរភាព និងប្រក្រតីភាពនៃស្ថាប័នជាតិដើម្បីបង្ការភាពជាប់គាំង បន្ទាប់ពីបោះឆ្នោត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជាគោលការណ៍ដើម្បីសិក្សាលើបញ្ហានេះ។
នៅក្នុងសេចក្តីព្រាងបោះឆ្នោតថ្មីនេះ គណបក្សទាំងពីរក៏បានឯកភាពគ្នាបន្ថែមពីរអាសនៈទៀតគឺនៅក្នុងខេត្តកំពង់សោមពី១អាសនៈមក៣អាសនៈវិញ។ ដូច្នេះចំនួនអាសនៈសរុបគឺបានកើនឡើងពី១២៣ អាសនៈទៅ១២៥អាសនៈវិញ។
ចំណែកឯយុទ្ធនាការឃោសនាបោះឆ្នោតតម្រូវឲ្យធ្វើរយៈពេលតែ២១ថ្ងៃប៉ុណ្ណោះ មិនដូចច្បាប់បោះឆ្នោតលើកមុន ដែលមានរយៈពេល១ខែនោះទេ។ ក៏ប៉ុន្តែសេចក្តីព្រៀងច្បាប់ថ្មីនេះកំណត់ឲ្យថ្ងៃធ្វើការហែយុទ្ធនាការបោះឆ្នោតតែ៤ថ្ងៃប៉ុណ្ណោះ។
លោកកែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមមានប្រសាសន៍ថា ការព្រមព្រៀងរវាងគណបក្សទាំងពីរលើសេចក្តីព្រៀងច្បាប់នេះគឺជាប្រវត្តិសាស្ត្រដ៏អាក្រក់មួយ ដោយសារតែកំណែទម្រង់នេះមិនមានស្តង់ដារបើកសេរីភាពឲ្យទូលំទូលាយដើម្បីដោះស្រាយបញ្ហានាពេលខាងមុខទេ។ ក៏ប៉ុន្តែវាជាកំណែទម្រង់មួយដែលបង្កនូវបញ្ហាទៅវិញ។
លោកនិយាយថា៖ «ខ្ញុំមើលទៅគណបក្សប្រជាជនកម្ពុជាចំណេញច្រើន ហើយគាត់គាបគ្រប់ជ្រុង។ គាត់ធ្វើឲ្យអាក្រក់ជាងមុន ហើយចំណេញដល់គាត់ជាងមុន។ ហើយក្នុងកាលៈទេសៈហ្នឹង គណបក្សសង្គ្រោះជាតិអត់ហ៊ានថា អាក្រក់ទៅទៀត ជួយការពារអំពើអាក្រក់ហ្នឹង»។
លោកគុល បញ្ហា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះខុមហ្វ្រែល មានប្រសាសន៍ថា ទាក់ទិននឹងអព្យាក្រិត្យឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាលមិនត្រូវដាក់ទេ ដោយសារច្បាប់បច្ចុប្បន្នអត់បានចែងរឿងហ្នឹងទេ។ លោកមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយោធាត្រូវហាមដាច់ខាតមិនត្រូវឲ្យធ្វើសកម្មភាព ឬឥទ្ធិពលរបស់ខ្លួនពេលឃោសនាបោះឆ្នោតទេ។
លោកនិយាយថា៖ «គាត់អាចទៅស្តាប់ គាត់អាចទៅចូលរួមការពន្យល់នានា ប៉ុន្តែគាត់មិនត្រូវទៅពន្យល់ ទៅឃោសនាឲ្យគណបក្សមួយទេ។ពីព្រោះ គាត់មិនពាក់ខោអាវឯកសណ្ឋានមែន ប៉ុន្តែប្រជាពលរដ្ឋគេដឹងថាគាត់ជាមេបញ្ជាការ មេទាហ៊ាន។ មាត្រាអស់ទាំងនេះត្រូវចែងឲ្យច្បាស់»។
លោកហូ វ៉ាន់ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានទាមទារឲ្យលុបមាត្រមួយចំនួនចោលដែរ ក៏ប៉ុន្តែយើងដឹងហើយថា ការចរចាមានតានតឹង និងមានធូរ។ លោកបានបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីព្រៀងច្បាប់នេះនឹងមានការបកស្រាយបន្ថែមទៀតនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ដែលគណបក្សទាំងពីរគ្រោងនឹងរៀបចំធ្វើឡើងនាពេលឆាប់ខាងមុខនេះ។
លោកនិយាយថា៖ «បន្តិចទៀតនេះនឹងមានការធ្វើសិក្ខាសាលា។ ពេលហ្នឹង យើងនឹងមានឯកសារច្បាស់លាស់ ពិតប្រាកដថា តើមាត្រានេះហ្នឹងប៉ះពាល់សង្គមស៊ីវិលកម្រិតណា ហើយមិនប៉ះពាល់កម្រិតណា។ សូមរង់ចាំបន្តិច»។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអបអរសារទរចំពោះសេចក្តីព្រៀងច្បាប់បោះឆ្នោតថ្មីនេះ ដែលគណបក្សទាំងពីរទើបនឹងពិភាក្សាបញ្ចប់កាលពីថ្ងៃសៅរ៍។
លោកនិយាយថា៖ «អ្នកដែលមិនចូលស្បថយកសុពលភាព អ្នកដែលមិនចូលប្រជុំស្អីៗហ្នឹង អាហ្នឹងត្រូវបាត់បង់អាសនៈស្អីយ៉ាងម៉េចៗនោះ បានឯកភាពគ្នាហើយ តែមិនទាន់បានសរសេរ។ ថ្ងៃនេះគេសរសេរហើយ ដល់សរសេររួចហើយ គេធ្វើសិក្ខាសាលា ដល់ធ្វើសិក្ខាសាលារួចហើយ គេចាប់ផ្តើមបញ្ជូនទៅសភាអនុម័តហើយ»។
ក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះបានបន្តពិភាក្សាគ្នាលើទោសបញ្ញាត្តិ និងអន្តរបញ្ញត្តិបន្ថែមលើសេចក្តីព្រៀងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕