លោក Dan Sullivan សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Alaska បានជាប់ឆ្នោតម្តងទៀតកាលពីថ្ងៃពុធម្សិលមិញ ដែលធ្វើឲ្យគណបក្សសាធារណរដ្ឋទទួលបានអាសនៈយ៉ាងតិច ៥០ នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលមានអាសនៈសរុបចំនួន ១០០ សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ទៀត។
ប៉ុន្តែសម្រាប់ការគ្រប់គ្រងលើព្រឹទ្ធសភានេះ គឺនៅមានភាពស្រពិចស្រពិលនៅឡើយ ដោយគេនៅមិនទាន់ដឹងថា តើគណបក្សណាមួយទទួលបានអាសនៈចំនួន ៥១ ដែលជាសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ដោយហេតុថា ត្រូវរង់ចាំការបោះឆ្នោតផ្ដាច់ព្រាត់សម្រាប់អាសនៈព្រឹទ្ធសភាចំនួន ២ ទៀត ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋ Georgia នៅដើមខែមករាខាងមុខ។
បន្ទាប់ពីការរាប់សន្លឹកឆ្នោតដែលមានលក្ខណៈយឺតយ៉ាវនៅក្នុងរដ្ឋ Alaska នៅក្រោយការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាមក បណ្តាញព័ត៌មាននានាបានសន្និដ្ឋានថា លោក Sullivan បាននាំមុខលោក Al Gross ដែលបានឈរឈ្មោះជាបេក្ខជនឯករាជ្យដោយមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ។ ការបោះឆ្នោតនេះត្រូវបានសន្និដ្ឋានថា លោក Sullivan ដែលបាននាំមុខចំនួន ២០% ជាអ្នកឈ្នះ។
ដោយគណបក្សសាធារណរដ្ឋទទួលបានអាសនៈព្រឹទ្ធសភាយ៉ាងតិចចំនួនពាក់កណ្តាល ចំណាប់អារម្មណ៍នៅពេលនេះ បានបង្វែរទៅលើការបោះឆ្នោតផ្ដាច់ព្រាត់សម្រាប់អាសនៈព្រឹទ្ធសភាចំនួន ២ នៅក្នុងរដ្ឋ Georgia នៅថ្ងៃទី ៥ ខែមករាខាងមុខ។
សមាជិកព្រឹទ្ធសភាអភិរក្សនិយមខាងគណបក្សសាធារណរដ្ឋ ២ រូប គឺលោក David Perdue និងអ្នកស្រី Kelly Loeffler ឥឡូវនេះ កំពុងកាន់កាប់អាសនៈទាំង ២ នេះ ក៏ប៉ុន្តែអ្នកទាំង ២ បានបរាជ័យនៅក្នុងការប្រកួតប្រជែងដាច់ដោយឡែកពីគ្នាកាលពីសប្តាហ៍មុនដើម្បីឈ្នះបានសំឡេងភាគច្រើន ដែលបង្ខំឲ្យពួកគេត្រូវចូលរួមនៅក្នុងការប្រកួតផ្ដាច់ព្រាត់៕