ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​គណបក្ស​ណា នឹង​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក?


រូបឯកសារ៖ កំពូល​វិមានសភា​​នៃ​​សហរដ្ឋ​អាមេរិក​ ដែល​មានទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ កំពូល​វិមានសភា​​នៃ​​សហរដ្ឋ​អាមេរិក​ ដែល​មានទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លទ្ធភាព​របស់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​ការ​គ្រប់គ្រង​ព្រឹទ្ធសភា នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅពេល​ដែល​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូចជា​រដ្ឋ North Carolina រដ្ឋ Maine និង​រដ្ឋ Georgia នៅតែ​មាន​ការ​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​នេះ។

បើ​យោង​តាម​ព្រឹត្តិប័ត្រ Cook Political Report ដែល​មិន​គាំទ្រ​គណបក្ស​ណា បាន​បញ្ជាក់​ថា អាសនៈ​ព្រឹទ្ធសភា​ចំនួន ៧ នៃ​អាសនៈ​ព្រឹទ្ធសភា​ចំនួន ៣៥ ដែល​ត្រូវ​ប្រកួត​ប្រជែង​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ មាន​លក្ខណៈ​ប្រជែង​ខ្លាំង​បំផុត។

នៅ​មុន​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​កាន់កាប់​អាសនៈ​ភាគច្រើន​ចំនួន ៥៣ ទល់​នឹង ៤៧ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ ​ជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ ព្រោះ​អាសនៈរបស់​គណបក្ស​នេះ​នៅ​ព្រឹទ្ធសភា​ជា​ច្រើន​បើ​ប្រៀបធៀប​នឹង​អាសនៈ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

នៅ​រដ្ឋ Colorado គណបក្ស​ប្រជាធិបតេយ្យ​ បាន​ឈ្នះ នៅពេល​លោក Cory Gardner សមាជិក​ព្រឹទ្ធសភា​ កំពុង​កាន់​តំណែង​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ចាញ់​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក John Hickenlooper ដែល​ជា​អតីត​អភិបាល​រដ្ឋ។ លោក Gardner គឺ​ជា​មន្ត្រី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​នៅ​សល់​ចុងក្រោយ​បង្អស់​នៅ​ក្នុង​រដ្ឋ Colorado ដែល​ជា​រដ្ឋ​ដែល​ធ្លាប់​ត្រូវ​បាន​ចាត់ទុក​ថា ​មាន​ការ​ប្រជែង​ខ្លាំង។

គណបក្ស​សាធារណរដ្ឋ​ បាន​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​មួយ​នៅ​រដ្ឋ Alabama ដោយ​លោក Tommy Tuberville អតីត​គ្រូ​បង្ហាត់​បាល់​ឱប​ដែល​គាំទ្រ​ដោយ​លោក Trump ដែល​បាន​យក​ឈ្នះ​សមាជិក​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Doug Jones។ អាសនៈ​ព្រឹទ្ធសភា​រដ្ឋ Alabama នេះ គឺ​ជា​អាសនៈ​តែមួយ​គត់​ដែល​កាន់កាប់​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ដោយ​ការ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ Colorado និង​ការ​ចាញ់​នៅ​ក្នុង​រដ្ឋ Alabamaឥឡូវ​នេះ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវការ​ឈ្នះ​អាសនៈព្រឹទ្ធសភា ៣ បន្ថែម​ទៀត ប្រសិនបើ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាប់​ឆ្នោត ឬ​ក៏​គណបក្ស​នេះ​ ត្រូវការ​ឈ្នះ ៤ អាសនៈ​ព្រឹទ្ធសភា​បន្ថែម​ទៀត ប្រសិនបើ​លោក​ប្រធានាធិបតី Donald Trump ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ ដោយ​ហេតុ​ថា ប្រសិនបើ​ព្រឹទ្ធសភា​មាន​សំឡេង ៥០ ទល់​នឹង ៥០ នោះ​អនុ​ប្រធានាធិបតី ​គឺ​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​អ្នក​បំបែក​ភាព​ជាប់​គាំង​នៃ​ការ​សម្រេច​លើ​សំណើ​ច្បាប់​ណា​មួយ​របស់​ព្រឹទ្ធសភា​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG