សមាជិកគណបក្សសាធារណរដ្ឋបានគាំទ្រការពារអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញ ដោយទាមទារឱ្យមានការពន្យល់អំពីការឆែកឆេររបស់ភ្នាក់ងារការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) លើភូមិគ្រឹះ Mar-A-Lago របស់លោកនៅក្នុងរដ្ឋ Florida។ នៅក្នុងការឆែកឆេរនោះ ភ្នាក់ងារ FBI បានស្វែងរកឯកសារសម្ងាត់ដែលលោក Trump បានយកចេញពីសេតវិមាននៅពេលដែលអាណត្តិជាប្រធានាធិបតីរបស់លោកបានបញ្ចប់កាលពីខែមករា ឆ្នាំ ២០២១។
លោក Kevin McCarthy មេដឹកនាំគណបក្សសាធារណរដ្ឋនៃរដ្ឋសភា បានសន្យាថានឹងបើកការស៊ើបអង្កេត ប្រសិនបើគណបក្សសាធារណរដ្ឋអាចដណ្ដើមត្រួតត្រារដ្ឋសភាវិញពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះ។
លោក McCarthy បានបញ្ជាក់តាម Twitter ថា៖ «ខ្ញុំបានឃើញគ្រប់គ្រាន់ហើយ។ ក្រសួងយុត្តិធម៌បានឈានដល់ដំណាក់កាលដែលមិនអាចអត់ឱនឱ្យបាននៃការយកនយោបាយធ្វើជាអាវុធ។ នៅពេលដែលគណបក្សសាធារណរដ្ឋដណ្ដើមត្រួតត្រារដ្ឋសភាបានវិញ យើងនឹងធ្វើការត្រួតពិនិត្យជាបន្ទាន់លើក្រសួងយុត្តិធម៌ ស្វែងយល់ការពិត និងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីសម្រេចឱ្យបាននូវរឿងនេះ»។
លោក McCarthy បានព្រមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland ឱ្យ «រក្សាទុកឯកសាររបស់ខ្លួននិងត្រៀមខ្លួន» ដើម្បីផ្ដល់សក្ខីកម្មចំពោះការស៊ើបអង្កេត។
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយថា៖ «ខ្ញុំមានក្ដីបារម្ភខ្លាំងក្លាដូចពលរដ្ឋអាមេរិកាំងរាប់លាននាក់ដែរទាក់ទិននឹងការឆែកឆេរមិនធ្លាប់មានពីមុនមកលើគេហដ្ឋានផ្ទាល់ខ្លួនរបស់លោក [អតីត] ប្រធានាធិបតី Trump។ យើងមិនដែលឃើញអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបណាត្រូវបានគេឆ្មក់ចូលឆែកឆេរគេហដ្ឋានផ្ទាល់ខ្លួននោះទេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក»។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋផ្សេងទៀតបានហៅការឆែកឆេរនេះថាជាការរំលោភអំណាច បើទោះបីជាការឆែកឆេរនេះត្រូវបានអនុញ្ញាតដោយតុលាការនិងទំនងជាត្រូវបានអនុញ្ញាតដោយថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃក្រសួងយុត្តិធម៌ក៏ដោយ។ គេមិនដឹងច្បាស់ទេថាតើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Garland បានផ្ដល់ការអនុញ្ញាតឱ្យធ្វើដូច្នេះឬក៏យ៉ាងណានោះ។
ស្របពេលជាមួយគ្នានេះដែរ សមាជិកនានារបស់គណបក្សប្រជាធិបតេយ្យបានបញ្ចេញមតិតិចតួចប៉ុណ្ណោះអំពីការឆែកឆេរភូមិគ្រឹះរបស់លោក Trump នេះ ហើយសេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden មិនបានដឹងជាមុនអំពីការឆែកឆេរនេះទេ។
ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi បាននិយាយថា៖ «យើងជឿលើនីតិរដ្ឋ ហើយនេះគឺជាអ្វីដែលប្រទេសរបស់យើងផ្អែកលើ។ គ្មាននរណាម្នាក់អាចស្ថិតនៅពីលើច្បាប់បានទេ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក ឬក៏អតីតប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ»៕