ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​​ស៊ើប​អង្កេត​​​ការ​​វាយ​​ប្រហារ​​លើ​វិមាន​សភា​បង្ហាញ​វីដេអូ​និង​​​សាក្សី​ថ្មីៗ


រូបឯកសារ៖ វីដេអូ​មួយ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ត្រូវ​បាន​ចាក់ផ្សាយ​​នៅ​លើ​ផ្ទាំង​ស ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ វីដេអូ​មួយ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ត្រូវ​បាន​ចាក់ផ្សាយ​​នៅ​លើ​ផ្ទាំង​ស ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២។

មានមនុស្ស​ជាច្រើន​នៅក្នុង​បន្ទប់​សវនាការ​របស់គណៈកម្មាធិការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​វិមាន​សភា Capitol ៦មករា ​កាលពីយប់​ថ្ងៃទី២១កក្កដា​កន្លង​ទៅនេះ ក្នុង​អគារ Cannon នៃ​រដ្ឋសភា​ស.រ.អ.។ ពួក​អ្នកកាសែត​បាន​ប្រជ្រៀត​គ្នាជុំវិញ​តុ​ខាង​ក្រោយ​កៅអី​សាក្សី។​ ចំណេក​សមាជិកសភា​ដែល​មិន​មែន​ជាសមាជិកគណៈកម្មាធិការនេះ​បានអង្គុយ​នៅជួរ​ទី​ពីរ។ មានតែសមាជិក​នៃគណបក្ស​ប្រជាធិបតេយ្យក្នុង​សភា​ទេ ដែល​មានវត្តមាន​នៅពេល​នោះ។

គណៈកម្មាធិការ​នេះ​បានបញ្ចាំង​វីដេអូ​ដែលបង្ហាញ​ក្រុម​កុបករនៅ​ក្នុង​រដ្ឋធានី Washington កាល​ពីថ្ងៃទី៦​មករា២០២១ ដែល​បានប្រឹងប្រែងចូល​ក្នុង​សាល​ប្រជុំ​រដ្ឋសភា​ដែល​នៅទី​នោះ​សម័យ​ប្រជុំ​រួមនៃ​សភា​ស.រ.អ​.​កំពុងប្រព្រឹត្ត​ទៅដើម្បី​ប្រកាស​លទ្ធផល​នៃការ​បោះឆ្នោតប្រធានាធិបតី ជាផ្លូវការ។

កាម៉េរ៉ា​នៅ​ថ្ងៃ​នោះ​បង្ហាញ​មេដឹកនាំ​នៃក្រុមសមាជិក​រដ្ឋសភាជឿនលឿននិយម​ គឺអ្នក​តំណាង​រាស្ត្រ​ ​លោកស្រី Pramila Jayapal ដែល​ភ័យ​ខ្លាចការ​បះបោរ​នោះ។ លោកស្រី​មានវត្តមាន​ក្នុង​សវនាការ​យប់ថ្ងៃ​ព្រហស្បតិ៍ទី២១កក្កដា ហើយលោកស្រី​មានការ​រំជួល​ចិត្តបន្ទាប់ពី​បានឃើញរូបភាពលោកស្រី​នៅ​អម្លុងការ​វាយ​ប្រហារ​នោះ។

នៅក្នុងបទសម្ភាសន៍​ជា​មួយ​វីអូអេ លោកស្រី​ Jayapal បាន​និយាយ​ថា«និយាយ​ដោយ​ស្មោះ​ទៅ ពិបាកមើល​វីដេអូ​នេះណាស់ ពីព្រោះ​យើងទាំង​អស់គ្នាបាននៅ​ទី​នេះ​ជា​មួយ​គ្នា ហើយ​ភ័យ​ខ្លាច​អំពី​ជីវិត​យើង។ តែ​នៅ​យប់​នេះ ខ្ញុំ​ក៏​ខឹង​សំបារ​ដែរ​ថា​ឧក្រិដ្ឋជន​ក្បត់ជាតិ​នេះបាន​ឋិត​ក្នុង​សេតវិមាន ហើយបានបណ្តាល​ឱ្យ​មានអំពើ​ហិង្សានេះ។ ហើយ​អំពើហិង្សា​មិន​ទាន់​រលត់ទេ។ វា​នៅ​មានក្នុង​បណ្តាទីក្រុងរបស់​យើង។ នៅ​មានអំពើ​ហិង្សា តែ​នៅ​មានមនុស្ស​ដែល​ជឿ​ថាការ​បោះឆ្នោត​នោះ​មានការលួច​បន្លំ។ ក្នុងនាមជា​ជនអន្តោប្រវេសន៏ ដែល​បានមក​ប្រទេស​អាមេរិកនៅ​ពេល​មានអាយុ​១៦ឆ្នាំ ខ្ញុំពិបាកជឿថាណាស់ ពីព្រោះ​ខ្ញុំគិត​ថាប្រទេស​នេះ​ជាប្រទេសប្រជាធិបតេយ្យ​ដ៏អស្ចារ្យ​ជាង​គេ​ក្នុង​ពិភពលោក ហើយស្រាប់​តែមាន​រឿងនេះ​កើតឡើង»។

គណៈកម្មាធិការនេះបាន​បញ្ចាំង​វីដេអូ​មិនទាន់កាត់ត​ថ្មីមួយអំពី​ការ​រៀបចំ​របស់​លោក Trump នៅថ្ងៃទី៦មករា២០២០១ ដើម្បី​ថត​សុន្ទរកថារបស់លោក​នៅ​ក្រោយកុបកម្ម​នោះ។ កាយវិការ​របស់​លោកបង្ហាញកំហឹងនៅ​ពេល​លោក​ចរចា​ជា​មួយ​កូន​ស្រីលោក គឺអ្នក​ស្រី Ivanka អំពី​អត្ថបទ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​លោក​តាមវីដេអូ។ នៅពេលសម​អាន​អត្ថបទ​នោះ លោកបាននិយាយ​ថា«ខ្ញុំមិនចង់និយាយថា​ការ​បោះឆ្នោត​ចប់​ហើយ​ទេ!»

លោក Mitch McConnell មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ព្រឹទ្ធសភា ដែល​កាលពី​ថ្ងៃទី៦​មករា២០២១បានហៅទូរសព្ទ​ទៅ​លោក Trump ​ហើយ​សុំ​ឱ្យ​លោក​ជួយ​នោះ ក៏​បាន​ហៅ​ទូរសព្ទទៅ​សមាជិក​គ្រួសារលោក​ Trump ដែរ​នៅ​ថ្ងៃ​នោះ ដោយ​បាន​ពណ៌នា​ស្ថានការណ៍នៅ​កន្លែង​ថា«អាក្រក់ណាស់»។

លោក​អនុប្រធានាធិបតី​ Mike Pence ដែលមានកងការពារ​សន្តិសុខនៅ​ជា​មួយ​លោក បាន​នៅ​ជិតពួក​កុបករដែល​ស្រែក​បន្ទរ​ថា«ព្យួរ​ក​ Mike Pence»។​ សាក្សី​ម្នាក់​ដែលគណៈកម្មាធិការនេះ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ បាន​និយាយថា​ពួកអ្នក​ការពារ​សន្តិសុខ​ឱ្យ​លោកអនុប្រធានាធិបតី​ភ័យខ្លាច​អំពី​ជីវិត​ពួក​គេ​ហើយ​បាន​ហៅ​ទូរសព្ទ​លា​គ្រួសារ​ពួក​គេ។

តាំងពីថ្ងៃទី៩មិថុនា​មក​ដល់​ពេល​នេះ គណៈកម្មាធិការ ៦​មករាបាន​ធ្វើ​សវនាការ​៨លើកហើយ។ នៅក្នុង​សវនាការ​៧លើកដំបូង ពួក​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​បានបង្ហាញ​ការរក​ឃើញ​របស់​ពួក​គេ​អំពី​ការប៉ុនប៉ង​របស់លោក Trump និងក្រុម​អ្នក​គាំទ្រ​លោកក្នុងការ​ប្រែក្រឡះ​លទ្ធផល​ការ​បោះឆ្នោតប្រធានាធិបតី​កាលពី​ឆ្នាំ២០២០។​

វីដេអូ​មួយបង្ហាញ​ពី​អ្នកស្រី Pramila Jayapal ​នៅ​លើ​ផ្ទាំង​ស ក្នុង​អំឡុងពេល​នៃ​សវនាការរបស់គណៈកម្មាធិការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​កាលពីថ្ងៃទៅ៦ ​ខែមករា ឆ្នាំ២០២១។
វីដេអូ​មួយបង្ហាញ​ពី​អ្នកស្រី Pramila Jayapal ​នៅ​លើ​ផ្ទាំង​ស ក្នុង​អំឡុងពេល​នៃ​សវនាការរបស់គណៈកម្មាធិការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​កាលពីថ្ងៃទៅ៦ ​ខែមករា ឆ្នាំ២០២១។

សវនាការនី​មួយ​ៗបាន​បង្ហាញ​ជ្រុងផ្សេងៗ​គ្នានៃ​ការរកឃើញ​របស់​ពួក​គេ។ ប្រធាន​បទមានរួម​បញ្ចូល​ការទាក់ទិន​និង​ការប្រុង​ប្រៀបរបស់​ពួក​ស្តាំ​ជ្រុល​ក្នុង​កុបកម្ម​នោះ ការចោទប្រកាន់​របស់លោក Trump ថា​មាន​ការបន្លំ​សន្លឹក​ឆ្នោត​ជាច្រើនក្នុង​រដ្ឋ Georgia ទោះ​ជាគ្មានឯកសារ​បង្ហាញពី​ការ​គៃបន្លំ​ក៏​ដោយ អាកប្បកិរិយា​របស់​ពួក​មន្ត្រី​សេតវិមានមួយ​ចំនួនចំពោះការ​អះអាង​អំពីជ័យជំនះ​ដែល​ត្រូវ​លួច​និង​ការ​ប៉ុនប៉ងបង្ខំ​លោក Pence ឱ្យ​ច្រានចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​គណៈអ្នក​បោះឆ្នោត។

ការ​ឆ្លើយ​ជា​កសិណសាក្សី​ផ្ទាល់​ខ្លួន​ ដូច​ជា​សេចក្តី​ថ្លែងការណ៍របស់ពួក​ប៉ូលីសវិមានសភា Capitol ​ដែល​បានប្រឈម​ជាមួយ​ក្រុមកុបករ ពួកអ្នកជួយរៀបចំ​ការ​បោះឆ្នោតដែល​ត្រូវបាន​យាយីបន្ទាប់ពីលោក​ Trump បានចោទ​អំពីការ​បន្លំ​សន្លឹកឆ្នោត អ្នក​គាំទ្រ Trump ​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្មកាលពីថ្ងៃ​ទី៦​មករា២០២១ ហើយបានដើរ​ទៅ​កាន់​វិមាន​សភា Capitol និងក្រុម​សាក្សី បានផ្តល់​ព័ត៌មាន​បន្ថែមក្នុង​សវនាការ​នីមួយៗ។

ពួកសមាជិក​និងក្រុម​បុគ្គលិកនៃ​គណៈកម្មាធិការ​ស៊ើប​អង្កេត​៦​មករា បានសម្ភាសន៍​មនុស្ស​ជាង១ពាន់នាក់ ដោយមិនឱ្យ​អ្នកក្រៅ​ចូលរួម។ អ្នកទាំងនោះ​មានរួម​មនុស្ស​ដែលលោក Trump ទុកចិត្ត ដូចជាអតីត​មេធាវី​របស់លោក​ គឺ​លោក Giuliani និង​លោក Sidney Powell​ ឧត្តមសេនិយ​ចូលនិវត្តន៍ Michael Flynn ទីប្រឹក្សាច្បាប់​សេតវិមានលោក​ Pat Cipollone និង លោក Eric Herschmann អ្នកជំនួយ​ការម្នាក់​របស់​នាយ​ខុទ្ទកាល័យ​សេតវិមានគឺអ្នកស្រី Cassidy Hutchinson សមាជិក​គ្រួសារលោក Trump មានរួមអ្នកស្រី ​ Ivanka Trump និងលោក​ Jared Kushner ព្រមទាំង​សមាជិក​ខ្លះ​នៃ​គណៈរដ្ឋមន្ត្រី មានរួមលោក William Barr អតីត​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​លោក​ឧត្តមសេនិយ Mark Milley ប្រធាននាយសេនាធិការ​ចម្រុះ​កងយោធពល​ស.រ.អ.។

សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ពីរនាក់បានយល់ព្រមបម្រើការក្នុងគណៈកម្មាធិការ​នេះដែល​មានសមាជិក​៩​នាក់។ ពួក​គេត្រូវ​បានតែងតាំង​ដោយ​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ដែល​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ មិនមែន​ត្រូវតែងតាំងដោយ​ពួក​មេដឹកនាំ​គណបក្ស​ពួកគេឡើយ។​

លោកស្រី​ Cheney សមាជិក​រដ្ឋសភា​នៃគណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Wyoming ​បាននិយាយ​ទៅ​កាន់ក្រុមសមាជិកគណបក្សលោកស្រីនៅ​ក្នុងសវនាការ​ទីមួយថា៖

«ខ្ញុំសូមប្រាប់​សហសេវិករបស់ខ្ញុំ​មកពីគណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​ការពារជនមិន​អាចការពារ​បាន គឺថានឹង​មានថ្ងៃ​មួយ​លោក Donald Trump នឹងទៅបាត់ តែ​ការ​ខូចកេរ្តិ៍​ឈ្មោះរបស់លោកអ្នកនឹង​មានត​ទៅទៀត»។

លោក McCarthy ដែល​ជា​អ្នកគាំទ្រ​លោក Trump ម្នាក់​ បានប្រកែកច្រើនដងមិនព្រមសហការ​ជា​មួយ​គណៈកម្មាធិការ​នេះទេ។

លោក Jason Jay Smart ជា​អ្នកពិគ្រោះ​យោបល់​នយោបាយអាមេរិកាំង​ម្នាក់​ដែលបានផ្តល់​យោបល់​អំពី​ការធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​អន្តរជាតិ​និងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ។ លោកថាលោក​យល់​ថាការមាន ការ​ស៊ើបអង្កេតអំពី​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃទី៦មករា២០២១​និង​ពេលវេលានៃ​ការ​ធ្វើ​សវនាការ​របស់គណៈកម្មធិការ​នេះ​ជា«យុទ្ធនាការនយោបាយ​មួយសម្រាប់ធ្វើឱ្យ​ឃើញ​ថាលោក Trump អាក្រក់»។​

លោក​ Smart បាន​ថ្លែងថា«ហេតុ​ដូច​ម្តេចបានជាការ​ចោទ​ប្រកាន់នេះខុសប្លែក ហេតុដូច​ម្តេចបានជាវា​កើត​មាននៅ​ពេល​នេះ។ នេះ​ជាសំណួរ​មួយ។ វា​មិនមែន​ជារឿង​ចៃដន្យ​ទេ ដែល​ពីរឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍៦មករា២០២១ ស្រាប់តែមាន​ការ​ស៊ើប​អង្កេត​នៅ​ពេល​នេះ ជាពិសេសនៅ​មុនការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ ដែល​នឹង​ធ្វើ​ឡើងបីខែ​ទៀត»។

លោក​ Smart បាននិយាយ​ថា«បើ​លោក​អ្នកពិនិត្យមើលការចោទប្រកាន់លោកTrump ក្នុង​ព្រឹទ្ធសភា ការណ៍​នេះមិនបាន​ប៉ះពាល់​ដល់លោក Trump យូរទេ។ ក្នុង​រយៈពេល​ខ្លី វានឹងនាំ​ឱ្យ​មានការប៉ះពាល់។ ហើយការណ៍​នេះក៏​នឹងមិន​នាំ​ឱ្យ​មាន​ការ​ប្រែប្រួលក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ​លោកផ្កាប់មុខ​ដែល​នឹងមិន​ផ្លាស់ប្តូរ​មតិពួក​គេ​ដោយសារ​ការស៊ើបអង្កេតនេះទេ។ តែ​ពួកអ្នក​មិនទាន់​សម្រេច​ចិត្ត​ប្រហែល​ជា​នឹង​មាន​មតិ​អវិជ្ជមានអំពីលោក Trump សម្រាប់​ពេលនេះ»។

លោកស្រី Jennifer Mercieca សាស្ត្រាចារ្យជំនួយនៅ​សាកលវិទ្យាល័យ​ A&M ក្នុងរដ្ឋ Texas ដែលបង្រៀន​វិជ្ជា​រដ្ឋាភិបាល បាន​ធ្វើការ​ស្រាវជ្រាវអំពី​វោហារសាស្ត្រ​សាធារណៈ​និង​វប្បធម៌​នយោបាយ​អាមេរិកាំង។

លោកស្រីបាន​និយាយ​ថា​គណៈកម្មាធិការនេះបានបង្ហាញ​ករណី​ខ្លាំង​មួយ​អំពី​មុខ​នាទី​របស់លោក Trump ក្នុងការបះបោរនោះ។ លោក​ស្រី​បាន​ថ្លែង​ថាជាការ​សំខាន់់​ដែលគណៈកម្មាធិការ៦​មករា សុំ​សក្ខីកម្ម​ពីពួក​សមាជិក​អតីត​រដ្ឋបាលលោក Trump និង​ពី​ពួកមនុស្សក្នុង​ចលនា​ស្តាំ​ជ្រុល ដូចជា​ក្រុម Oath Keepers ជាដើម។

លោកស្រីបាន​និយាយ​ថា«ខ្ញុំ​យល់​ថា ទោះជាលោកអ្នក​មិនទុកចិត្តហេតុផល​នៃពួក​សមាជិកគណៈកម្មាធិការនេះក៏​ដោយ ក៏គណៈកម្មាធិការ៦​មករា​បានផ្តល់ភស្តុតាងមក​ពី​ពួកសាធារណរដ្ឋ​ដែល​បានធ្វើការជា​មួយលោក​ Trump ក្នុង​រដ្ឋបាលរបស់​លោកដែរ។ អ្នកទាំង​នោះ​ដែល​បាន​ផ្តល់សក្ខីកម្មជូន​គណៈកម្មាធិការនេះ យ៉ាងល្អ​ប្រសើរ​ នៅពេល​សុវត្ថិភាពពួក​គេ​និងគ្រួសាររបស់​ពួក​គេ​រង​ការ​ប្រថុយ​ប្រថាន។ ពួក​គេ​មិន​បានចំណេញអ្វី​ពី​ការផ្តល់​សក្ខីកម្មទាំង​នេះទេ ដែល​មាន​ន័យ​ថា​ពួក​គេ​ជាអ្នក​និយាយ​ការពិត»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG