អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ភ្នាក់ងារការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានឆ្មក់ចូលឆែកឆេរភូមិគ្រឹះរបស់លោកនៅក្នុងក្រុង Palm Beach រដ្ឋ Florida។
លោក Trump បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងមួយកាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា៖ «ភូមិគ្រឹះ Mar-A-Lago ដ៏ស្រស់ស្អាតរបស់ខ្ញុំនៅក្រុង Palm Beach រដ្ឋ Florida ឥឡូវនេះកំពុងត្រូវបានឡោមព័ទ្ធ ឆ្មក់ចូលឆែកឆេរ និងត្រួតត្រាដោយក្រុមភ្នាក់ងារ FBI ដ៏ធំមួយ។ បន្ទាប់ពីបានធ្វើការនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងទីភ្នាក់ងារពាក់ព័ន្ធនានារបស់រដ្ឋាភិបាលមក ការឆ្មក់ចូលឆែកឆេរភូមិគ្រឹះរបស់ខ្ញុំដែលមិនបានប្រកាសឱ្យដឹងជាមុននេះគឺមិនចាំបាច់និងមិនសមរម្យ»។
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានាថា គេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថាតើហេតុអ្វីបានជាមានការឆែកឆេរនេះកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌បានធ្វើការស៊ើបអង្កេតយ៉ាងសកម្មលើការរកឃើញព័ត៌មានសម្ងាត់នៅក្នុងប្រអប់នៃឯកសារនានាដែលត្រូវបានយកទៅភូមិគ្រឹះរបស់លោក Trump នៅរដ្ឋ Florida នោះ បន្ទាប់ពីលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ ២០២១ មក។
លោក Trump ដែលកាលពីថ្ងៃចន្ទម្សិលមិញស្ថិតនៅក្នុងទីក្រុង New York មិនបាននិយាយថាហេតុអ្វីបានជាមានការឆែកឆេរនេះកើតឡើងនោះទេ។ ទីភ្នាក់ងារ FBI និងក្រសួងយុត្តិធម៌មិនបានបញ្ចេញមតិណាមួយភ្លាមៗអំពីការលើកឡើងរបស់លោក Trump នេះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌អ្នកស្រី Dena Iverson បានបដិសេធមិនបញ្ចេញមតិលើការឆែកឆេរនេះដល់ទីភ្នាក់ងារព័ត៌មាន Associated Press។ អ្នកស្រីក៏បានបដិសេធមិនបញ្ចេញមតិផងដែរអំពីថា តើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland មានបានផ្ដល់ការអនុញ្ញាតដោយផ្ទាល់ឱ្យមានការឆែកឆេរនេះធ្វើឡើងឬក៏យ៉ាងណានោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
មនុស្សម្នាក់ដែលដឹងអំពីរឿងនេះ ដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា ការឆែកឆេរនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ។
កាលពីដើមឆ្នាំនេះ ប័ណ្ណសារដ្ឋានជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានរកឃើញព័ត៌មានសម្ងាត់នៅក្នុងប្រអប់ចំនួន ១៥ នៅភូមិគ្រឹះ Mar-A-Lago របស់លោក Trump។ បន្ទាប់មក ប័ណ្ណសារដ្ឋានជាតិបានបញ្ជូនករណីនេះទៅឱ្យក្រសួងយុត្តិធម៌៕
អ្នកស្រី Dora Mekouar រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។