កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពនានាថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតសកម្មភាពរបស់លោក Donald Trump ក្នុងការស៊ើបអង្កេតបទព្រហ្មទណ្ឌអំពីការព្យាយាមរបស់អតីតប្រធានាធិបតីបដិសេធបរាជ័យរបស់លោកក្នុងការបោះឆ្នោតឆ្នាំ២០២០។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងយុត្តិធម៌បានសម្ភាសអតីតមន្ត្រីសេតវិមាន រួមទាំងអតីតនាយខុទ្ទកាល័យរបស់លោក Mike Pence អតីតអនុប្រធានាធិបតី ដែលបានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកបានផ្តល់សក្ខីកម្មដល់គណៈវិនិច្ឆ័យតុលាការសហព័ន្ធដែលស៊ើបអង្កេតការវាយប្រហារសភា Capitol របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ និង ការខិតខំរបស់លោក Trump និងសម្ព័ន្ធមិត្តបដិសេធបរាជ័យរបស់លោក។
កាសែត Washington Post បានរាយការណ៍ថា រដ្ឋអាជ្ញាដែលសាកសួរសាក្សី នៅចំពោះមុខគណៈវិនិច្ឆ័យតុលាការនោះបានដេញដោលអំពីការសន្ទនារបស់លោក Trump និងមេធាវីរបស់លោកនិងអ្នកផ្សេងទៀតដែលជិតស្និទ្ធនឹងលោក ដោយដកស្រង់សម្តីមនុស្សពីរនាក់ដែលដឹងពីរឿងនេះ។
សក្ខីកម្មរបស់អតីតនាយខុទ្ទកាល័យរបស់លោក Pence គឺ លោក Marc Short ដែលជាមន្ត្រីជាន់ខ្ពស់បំផុតដែលគេដឹងថា បានបង្ហាញខ្លួននៅចំពោះមុខគណៈវិនិច្ឆ័យតុលាការ នោះគឺជាសញ្ញាមួយបង្ហាញថាការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អំពីការវាយប្រហារលើវិមានសភានិង«ផែនការអំពីអ្នកបោះឆ្នោតក្លែងក្លាយ»នោះកំពុងឡើងកំដៅ។
កាសែត Washington Post បាននិយាយថា អ្នកស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌កាលពីខែមេសាក៏ទទួលបានកំណត់ត្រាទូរស័ព្ទរបស់មន្ត្រីសំខាន់ៗដូចជាលោក Mark Meadows អតីតនាយខុទ្ទកាល័យរបស់លោក Trump ផងដែរ។ ទីភ្នាក់ងារព័ត៌មាន Reuters បានព្យាយាមទាក់ទងក្រសួងយុត្តិធម៌សុំការអត្ថាធិប្បាយប៉ុន្តែមិនអាចទាក់ទងបានភ្លាមៗទេ។ អ្នកនាំពាក្យរបស់លោកTrump មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយទេ។ លោក Trump បានបដិសេធថា លោកមិនបានធ្វើខុសទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីដើមឆ្នាំនេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ្នកស្រី Lisa Monaco បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានទទួលឯកសារយោងអំពី«ផែនការបញ្ជីឈ្មោះអង្គបោះឆ្នោតក្លែងក្លាយ»ដែលត្រូវបានបញ្ជូនទៅបណ្ណសារជាតិ ហើយបាននិយាយថា រដ្ឋអាជ្ញាកំពុងពិនិត្យមើលឡើងវិញ។ «ផែនការបញ្ជីឈ្មោះអង្គបោះឆ្នោតក្លែងក្លាយ» ត្រូវបានបកអាក្រាតយ៉ាងច្បាស់នៅក្នុងសវនាការជាច្រើនរបស់គណៈកម្មាធិការរដ្ឋសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យដែលកំពុងស៊ើបអង្កេតការវាយប្រហារលើវិមានសភា៕