ជាថ្មីម្តងទៀត អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយឡើងនូវការអះអាងមិនពិត ថា លោកបានឈ្នះការបោះឆ្នោតឆ្នាំ២០២០។ លោកនិយាយដូច្នេះ អំឡុងពេលថ្លែងសុន្ទរកថាអំពីគោលនយោបាយទូលំទូលាយពេលវិលត្រឡប់មកថ្លែងការណ៍រឹងទទឹងរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន និងនិយាយព្រលយអំពីការវិលត្រឡប់ចូលនយោបាយវិញ។
ថ្លែងទៅកាន់អ្នកគាំទ្រប្រហែល៦០០ នាក់នៅក្នុងបន្ទប់សណ្ឋាគារមួយចម្ងាយមួយម៉ាយពីសេតវិមានលោកបាននិយាយថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំបានឈរឈ្មោះជាលើកដំបូង ហើយខ្ញុំបានឈ្នះ។ បន្ទាប់មកខ្ញុំបានឈរឈ្មោះជាលើកទីពីរ ហើយខ្ញុំបានលទ្ធផលប្រសើរឡើង។ យើងទទួលសន្លឹកឆ្នោតរាប់លានថែមទៀត។ ហើយអ្នកដឹងទេ បញ្ហានេះនឹងក្លាយជារឿងយូរអង្វែង។គួរឱ្យអាម៉ាស់ណាស់។ ប៉ុន្តែយើងប្រហែលត្រូវធ្វើម្តងទៀត។ យើងត្រូវធ្វើឱ្យការប្រកួតមានភាពត្រឹមត្រូវ។ ខ្ញុំត្រូវតែតម្រង់ប្រទេសរបស់យើង»។
ការលើកឡើងបែបនេះមានរយៈពេលជាងពាក់កណ្តាលនៃសុន្ទរកថារយៈពេល៩០នាទី ក្នុងការជួបជុំសម្ពោធរយៈពេលពីរថ្ងៃនៅវិទ្យាស្ថាន America First Policy Institute របស់លោក។ អ្នកចូលរួមរួមមានឥស្សរជនរដ្ឋបាលលោក Trump ជាច្រើនរូប និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលបានជំទាស់ការបញ្ជាក់ជាផ្លូវការនៃសន្លឹកឆ្នោតអង្គបោះឆ្នោតកាលពីថ្ងៃទី៦ខែមករាឆ្នាំ ២០២១។ ព្រឹត្តិការណ៍នោះបានបញ្ជាក់ជ័យជម្នះរបស់លោកប្រធានាធិបតី Joe Biden។
VOA បានសួរអតីតប្រធានរដ្ឋសភាលោក Newt Gingrich អំពីទស្សនៈចំពោះការអះអាងពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Trump ដែលជាចំណុចសំខាន់នៃសវនាការជាបន្តបន្ទាប់របស់រដ្ឋសភាដែលកំពុងស៊ើបអង្កេតការព្យាយាមធ្វើកុបកម្មដោយហិង្សារបស់អ្នកគាំទ្រលោក Trump នៅវិមានសភា Capitol របស់សហរដ្ឋអាមេរិកនៅថ្ងៃនោះ។
នៅពេលសន្តិសុខរបស់លោកនាំលោកចូលទៅក្នុងឡានដែលកំពុងរង់ចាំ លោក Gingrich បានឆ្លើយថា«មិនគួរសោះដែលអ្នកអាចច្បិចយកសម្តី៩០វិនាទីដែលអ្នកចង់បានពីក្នុងសុន្ទរកថារយៈពេលពីរម៉ោង»។
មួយថ្ងៃមុននោះ VOA បានសួរអ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre ថា តើរដ្ឋបាលលោក Biden នឹងតាមស្តាប់សុន្ទរកថារបស់លោក Trump ដែរឬទេ។ លោកស្រីបាននិយាយថា៖ «វាមិនមែនជាអ្វីដែលខ្ញុំ ឬយើងកំពុងតាមដានទេ។ ខ្ញុំមិនដឹងថាគាត់នឹងនិយាយអំពីអ្វីទេ។ ខ្ញុំគិតថាយើងនឹងដឹងនៅពេលគាត់មកដល់ថ្ងៃស្អែក»។
លោក Michael O'Hanlon នាយកផ្នែកស្រាវជ្រាវគោលនយោបាយការបរទេសនៅវិទ្យាស្ថាន Brookings បានប្រាប់ VOA ថា ការសម្រេចចិត្តរបស់លោក Trump មកសាបព្រួសការសង្ស័យអំពីលទ្ធផលបោះឆ្នោតគឺជារឿងសំខាន់ណាស់។
លោកបានបន្តថា៖ «ការធ្វើអន្តរាគមន៍ និងគោលនយោបាយរបស់គាត់ភាគច្រើនខ្ញុំត្រៀមខ្លួនរួចរាល់ហើយព្រោះយ៉ាងហោចណាស់គាត់លេងនៅក្នុងច្បាប់។ យ៉ាងហោចណាស់នេះជាលទ្ធិប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ ដែលមានតុល្យភាពអំណាច និងដំណើរការប្រជាធិបតេយ្យ។ ប៉ុន្តែនៅពេលដែលអ្នកឈប់គោរពលទ្ធផលបោះឆ្នោត ដោយសារតែវាធ្វើឱ្យអ្នកឈឺចាប់នោះគឺជារឿងផ្សេងទាំងស្រុង»។
គាត់បានបន្តទៀតថា៖ «ខ្ញុំគិតថា វាពិតជាក្លាយទៅជាខុសច្បាប់យ៉ាងឆាប់រហ័ស។ ដូច្នេះហើយ គួរឱ្យចាប់អារម្មណ៍បើគាត់ត្រូវបានចោទប្រកាន់។ វាពិតជារឿងគួរឱ្យចាប់អារម្មណ៍ស្តាប់អ្វីដែលគាត់នឹងនិយាយនៅក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែខ្ញុំបារម្ភខ្លាច វានាំឱ្យមានគ្រោះថ្នាក់សម្រាប់ប្រទេសរបស់យើងដោយសារ អាកប្បកិរិយាបែបនេះរបស់ប្រធានាធិបតី Trump និងការប្រឆាំងអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ នៅទូទាំងប្រទេសនៅតាមរដ្ឋ នៅក្នុងសភា នៅក្នុងប្រព័ន្ធតុល្យភាពអំណាច ដើម្បីផលប្រយោជន៍នយោបាយនិយមជ្រុលផ្ទាល់ខ្លួនរបស់គាត់»។
នៅខាងក្រៅ សណ្ឋាគារ ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងការបង្ហាញខ្លួនរបស់លោក Trump ។ ពួកគេបានស្រែកថា៖ «បដិសេធលោក Trump, បដិសេធឧត្តមភាពស្បែកសនិងសហរដ្ឋអាមេរិកហ្វាស៊ីស»។ ពួកគេបានស្រែកនៅម្ខាងផ្លូវពីអ្នកគាំទ្ររបស់លោក Trump រាប់សិបនាក់ដែលបានគ្រវីទង់ជាតិអាមេរិកដ៏ធំនិងផ្លុំត្រែ។
មន្ត្រីប៉ូលិសមូលដ្ឋានបានឈរឃ្លាំមើលក្បែរនោះ៕