បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Las Vegas ចំពោះអ្វីដែលក្រុមស៊ើបការសម្ងាត់ហៅថា ជាការប៉ុនប៉ងសម្លាប់លោក Donald Trump បេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ។
ពាក្យបណ្តឹងមួយដែលបានដាក់ជូនតុលាការសហព័ន្ធបានឲ្យដឹងថា ឈ្មោះ Michael Steven Sandford កាលពីសប្តាហ៍មុន បានបើករថយន្តមួយគ្រឿងទៅចូលរួមក្នុងការប្រមូលផ្តុំមហាជនរបស់លោក Trump នៅឯកាស៊ីណូ Treasure Island ដែលនៅទីនោះជននេះបានព្យាយាមទាញកាំភ្លើងពីប៉ូលិសម្នាក់នៅទីក្រុង Las Vegas ដែលកំពុងតែការពារសន្តិសុខនៅទីនោះ។
ឯកសារដែលភ្នាក់ងារស៊ើបការសម្ងាត់ម្នាក់បានសរសេរនៅក្នុងពាក្យបណ្តឹងទៅកាន់តុលាការថា «Sandford បានអះអាងថា ខ្លួនបានរៀបចំផែនការប៉ុនប៉ងធ្វើឃាតលោក Trump អស់រយៈពេលមួយឆ្នាំមកហើយ ប៉ុន្តែទើបតែសម្រេចចិត្តហ៊ានធ្វើនៅពេលនេះ ដោយសារតែលោកទើបតែមានជំនឿចិត្ត»។ ប៉ុន្តែមិនមានការបញ្ជាក់អំពីហេតុផលនៅពីក្រោយរឿងនេះនោះទេ។
ជនឈ្មោះ Sandford នេះ បានប្រាប់អាជ្ញាធរថា លោកមិនធ្លាប់បាញ់កាំភ្លើងពីមុនមកនោះទេ រហូតដល់ថ្ងៃសុក្រសប្តាហ៍មុននៅពេលដែលលោកបានទៅកាន់កន្លែងហាត់បាញ់កាំភ្លើងមួយនៅក្នុងទីក្រុង Las Vegas ដើម្បីហាត់រៀន។
លោកក៏បាននិយាយថា ប្រសិនបើលោកត្រូវបានគេដោះលែងពីការឃុំឃាំង នោះលោកនឹងព្យាយាមធ្វើឃាតលោក Trump ម្តងទៀត។ ហើយប្រសិនបើលោកមិនបានធ្វើសកម្មភាពនៅក្នុងទីក្រុង Las Vegas ទេនោះ លោកបានរៀបចំផែនការដើម្បីព្យាយាមធ្វើឃាតលោក Trump ម្តងទៀតរួចហើយ នៅក្នុងការប្រមូលម្តុំមហាជននៅក្នុងរដ្ឋ Arizona។
ពាក្យបណ្តឹងនោះបានសរសេរថា Sandford បានដឹងថាលោកអាចនឹងត្រូវបានកងកម្លាំងមានសមត្ថកិច្ចសម្លាប់នៅក្នុងការប៉ុនប៉ងធ្វើឃាតលោក Trump។
ជនសង្ស័យរូបនេះនឹងត្រូវឡើងតុលាការនៅថ្ងៃទី ៥ ខែកក្កដាខាងមុខនេះ៕