ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ អូបាម៉ា​ ថ្លែង​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​​សាលា​ទ័ព​ជើង​អាកាស​អាមេរិក​ថា៖ «យើង​មិន​អាច​ធ្វើ​ជា​ជន​ប្រកាន់​ភាព​ឯកោនិយម​បាន​ទេ»


នៅ​ក្នុង​ក្រុង Colorado Springs រដ្ឋ Colorado នៅ​ដើម​ខែ​មិថុនា លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​​បាន​និយាយ​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​​សាលា​ទ័ព​ជើង​អាកាស​អាមេរិក​ថា៖ «យើង​មិន​អាច​ធ្វើ​ជា​ជន​ប្រកាន់​ភាព​ឯកោនិយម​បាន​ទេ»។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ទ័ព​ជើង​អាកាស​អាមេរិក​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី​នៃ​អាណត្តិ​ចុង​ក្រោយ​ បាន​ថ្លែង​ដោយ​ផ្តល់​នូវ​មេរៀន​ជីវិត​ដែល​លោក​ធ្លាប់​បាន​ដឹង​ អំពី​សន្តិសុខ​ជាតិ​ និង​គោល​នយោបាយ​ការ​បរទេស​ នៅ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ចុងក្រោយ​នេះ។

នៅ​ក្នុង​ក្រុង Colorado Springs រដ្ឋ Colorado នៅ​ដើម​ខែ​មិថុនា លោក​ អូបាម៉ា​ បាន​ជំរុញ​ឲ្យ​មន្រ្តី​យោធា​ជើង​អាកាស​ថ្មី​ចំនួន​ជាង​ ៨០០​នាក់ មិន​ឲ្យ​ដក​ថយ​ចេញ​ពី​ការ​ពាក់​ព័ន្ធ និងភាព​ជា​អ្នក​ដឹកនាំ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក។

លោក​បាន​មាន​ប្រសាសន៍​ថា «យើង​មិន​អាច​ធ្វើ​ជា​ជន​ប្រកាន់​ភាព​ឯកោនិយម​បាន​ទេ។ វា​មិន​អាច​ទៅ​រួច​ឡើយ​ នៅ​ក្នុង​ពិភព​លោក​ដែល​មាន​លក្ខណៈ​ប្រកប​ដោយ​សកល​ភាវូបនីយកម្ម និង​មាន​លក្ខណៈ​ជា​បណ្តាញ​ពាក់ព័ន្ធ​គ្នា​។ នៅ​ក្នុង​ពេល​វេលា​មិន​ទៀងទាត់​នេះ ពេល​ខ្លះយើង​ចង់​ ព្យាយាម​ដកថយ និង​ងាក​ចេញ​ពី​ជម្លោះ​ផ្សេងៗ​ ដែល​ហាក់​ដូចជា​មិន​ងាយ​នឹង​ដោះស្រាយ​ ហើយ​ទុក​ឲ្យ​ប្រទេស​ដទៃទៀត​ដោះស្រាយ​ដោយ​ខ្លួន​ឯង​»។

ទោះបីជា​លោក​មិន​ដែល​លើក​ឡើង​ពី​រដូវកាល​បោះ​ឆ្នោត​បឋម​ ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​នោះ​ក៏ដោយ​ សេចក្តី​អធិប្បាយ​របស់​លោក​ អូបាម៉ា​ គឺ​ជា​ការ​រិះគន់​ដោយ​ប្រយោល​មួយ​ ទៅ​លើ​លោក​ Donald Trump ដែល​ត្រូវ​សន្មត​ថា​នឹង​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​កោះ​ហៅ​ឲ្យ​មាន​ការ​សាង​សង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​ និង​ម៉ិចស៊ិចកូ​ ក៏​ដូចជា​ការ​វាយ​តម្លៃ​ការ​ប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​អង្គការ​ណាតូ។

លោក​ អូបាម៉ា​ បាន​ថ្លែង​ថា​ «យើង​មិន​អាច​វិល​ត្រលប់​ចូល​ក្នុង​បាន​ទេ។ យើង​មិន​ត្រូវ​ចុះ​ញ៉ម​នឹង​ភាព​ឯកោនិយម​ឡើយ។ នោះគឺ​ជាការ​លួង​ចិត្ត​ក្លែង​ក្លាយ»។

ទំនាក់ទំនង​ការទូត និង​សន្ធិសញ្ញា​ផ្សេងៗ

លោក​បាន​ធ្វើ​ការ​ក្រើន​រំឮក​ទៅ​កាន់ទៅ​និស្សិត​បញ្ចប់​ការ​សិក្សា​ថា​ កង​កម្លាំង​យោធា​អាមេរិក​តែ​ឯង​ មិន​អាច​ដោះស្រាយ​គ្រប់​បញ្ហា​ទាំង​អស់​បាន​នោះ​ទេ ហើយ​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​សម្រាប់​ទំនាក់​ទំនង​ការ​ទូត​ និង​សន្ធិសញ្ញា​ផ្សេងៗ។

លោក​ អូបាម៉ា​ បាន​និយាយ​ថា «យើង​ត្រូវ​តែ​ប្រើ​ប្រាស់​នូវ​គ្រប់​មធ្យោបាយ​ គ្រប់​ធាតុ​ទាំង​អស់​នៃ​អំណាច​របស់​ជាតិ​យើង។ នេះ​ជា​បែប​ផែន​ដែល​យើង​បាន​ឈ្នះ​សង្រ្គាម​ត្រជាក់​ ដោយ​មិនត្រឹម​តែ​ជាមួយ​នឹង​កម្លាំង​នៃ​សព្វាវុធ​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​ ជាមួយ​នឹង​អំណាច​នៃ​គំនិត​និង អំណាច​នៃទង្វើ​គំរូ​របស់​យើង»។

លោក​ អូបាម៉ា​ បានបន្ត​ថា​ សន្ធិសញ្ញា​ផ្សេងៗ​ ដូចជា​សន្ធិសញ្ញា​មួយ​ ដែល​បាន​បង្កើត​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង​ ហៅ​កាត់​ថា​ «ណាតូ» (NATO) ឬ​សន្ធិ​សញ្ញា​នានា​ ដែល​ដាក់​កំហិត​លើ​អាវុធ​ទូទៅ​ ឬ​អាវុធ​នុយក្លេអ៊ែរ «ជួយ​រក្សា​សុវត្ថិភាព​របស់​ពួក​យើង» ដោយនិយាយ​ថា នេះ​ជា​វិធី​មួយ​ ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ សម្រាប់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​ដឹកនាំ​កិច្ចការ​ពិភព​លោក។

«សឹង​តែ​គ្រប់​បញ្ហា​ទាំងអស់​ ពិភព​លោកសង្ឃឹម​លើ​ពួក​យើងក្នុង​ការ​កំណត់​នូវ​របៀបវារៈ។​ នេះ​ជា​រឿង​ពិត​មួយ៖​ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​ខ្លាំង​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក និង​ជា​កង​កម្លាំង​មួយ​ជា​រៀង​រហូត​។​ នៅ​ពេល​ដែល​មាន​បញ្ហា​មួយ​នៅ​ជុំវិញ​ពិភព​លោក​ ពួក​គេ​មិន​ហៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ឬ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឡើយ។ ពួកគេ​ហៅ​យើង»។

លោក​ក៏​បាន​ប្រាប់​ទៅ​និស្សិត​បញ្ចប់​ការ​សិក្សា​ថា​ យោធា​អាមេរិក​ «គឺ​ជា​កម្លាំង​ប្រយុទ្ធ​ដ៏​មាន​សមត្ថភាព​បំផុត​នៅ​លើ​ផែនដី»។​ សេចក្តី​អធិប្បាយ​របស់​លោក​ គឺ​សំដៅ​ទៅ​ក្រុម​អ្នក​រិះគន់​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​និយាយ​ថា​ យោធា​អាមេរិក​ត្រូវ​បាន​បំផ្លាញ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក។

ទោះ​បី​ជា​មាន​អ្វី​ដែល​លោក​ហៅ​ថា​ជា​សម័យកាល​ប្រកប​ដោយ​សន្តិភាព​ និង​រុងរឿង​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ក៏ដោយ​ លោក​ អូបាម៉ា​ បាន​និយាយ​ថា​ មាន​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​មុខ​ ដូចជា​ បណ្តាញ​ភេរវកម្ម​ ក្រុម​រដ្ឋឥស្លាម​ ប្រទេស​រុស្ស៊ី​ ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េខាង​ជើង​ និង​អ៊ីរ៉ង់។

បញ្ហា​ប្រឈម​សម្រាប់​ជំនាន់​របស់​អ្នក

កត្តា​ទាំង​នេះ «កំពុង​តែ​ធ្វើ​តេស្ត​ទៅ​លើ​រចនា​សម្ព័ន្ធ​អន្តរជាតិ​ដែល​យើង​បាន​រៀបចំ​ឡើង ទី​ដែលអធិបតេយ្យភាពរបស់​ប្រទេស​នានា​ត្រូវ​បានគោរព​ ហើយ​គ្រប់​ប្រជាជាតិ​ត្រូវ​តែ​គោរព​តាម​ច្បាប់​ដូចគ្នា​។ វិធី​សាស្រ្តដែល​អ្នកត្រូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ទាំង​នោះ​យ៉ាង​ណា​ ខណៈ​ពេល​ដែលអ្នកត្រូវ​ចាប់​យក​នូវ​ឱកាស​ដ៏​ប្រសើរ​បំផុត​នៃ​វេលា​ក្នុង​ប្រវត្តិសាស្រ្ត​មួយ​នេះ គឺ​នឹង​ក្លាយ​ជា​ការ​ប្រឈម​របស់​អ្នក​ និង​ការ​ប្រឈម​នៃ​ជំនាន់​របស់​អ្នក»។

ក្រុម​មន្រ្តី​ទ័ព​អាកាស​បាន​និយាយ​ថា​ នៅ​ក្នុង​ចំណោម​និស្សិត​៨១២​នាក់​ មាន​៣៤៥​នាក់​នឹង​ធ្វើការ​ហ្វឹកហាត់​ជា​អ្នក​បើក​យន្តហោះ​ ហើយ​៦០​នាក់​ នឹង​ធ្វើ​ការ​ហ្វឹកហាត់​ជា​អ្នក​បញ្ជា​យន្តហោះ​ពី​ចម្ងាយ​ ដូចជា​ យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​បាន​ក្លាយ​ជា​ឧបករណ៍​ចម្បង​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​សហរដ្ឋអាមេរិក។​ នៅ​ក្នុង​ចំណោម​នោះ​ និស្សិត​ស្រី​មាន​ប្រហែល​មួយ​ភាគ​បួន។

កាល​ពី​ដើម​ឆ្នាំ​នេះ​ លោក​ អូបាម៉ា​ បាន​ធ្វើ​សុន្ទរកថា​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ Howard និង​មហា​វិទ្យាល័យ Rutgers៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG