ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ចំនួន​ពីរ​នាក់​ជា​សិស្ស​ឡើង​ថ្លែង​សុន្ទរកថា​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​រដ្ឋ Texas


សាកលវិទ្យាល័យ Yale

សិស្ស​វិទ្យាល័យ​ពីរ​រូប​ដែល​ថ្លែង​សុន្ទរកថា​បញ្ចប់​ការ​សិក្សា ​នៅ​រដ្ឋ Texas បាន​សារភាព​ថា ខ្លួន​ជា​ជន​អន្តោប្រវេស៍ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ​មក​ពី​ប្រទេស​ម៉ិកស៊ិក។​ អ្នក​ទាំង​ពីរ​បាន​ទទួល​អាហា​រូបករណ៍​បន្ត​ថ្នាក់​មហាវិទ្យាល័យ។ ម្នាក់​បាន​ពី​សាកលវិទ្យាល័យ Yale និង​ម្នាក់​ទៀត​បាន​ពី​សាកលវិទ្យាល័យ Texas។

នាង Larissa Martinez និយាយ​ថា នាង​បាន​មក​កាន់​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ២០១០ ជាមួយ​នឹង​ម្តាយ​ និង​បងប្អូន​ស្រី​ ដើម្បី​រត់​គេច​ពី​ឳពុក​ប្រមឹក និង​ចេះ​តែ​រំលោភ​បំពាន​ពួកគេ។ ពួកគេ​ទាំង​៣​នាក់​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​តែ​មួយ​បន្ទប់​នៅ​ក្នុង​ក្រុង McKinley រដ្ឋ Texas។

នាង​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន​ទៅ​កាន់​សិស្ស​បញ្ចប់​ការ​សិក្សា​ជាមួយ​នាងថា «ខ្ញុំ​ជា​ជន​អន្តោប្រវេសន៍ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ម្នាក់​ក្នុងចំណោម​ជន​អន្តោប្រវេសន៍​ចំនួន​១១លាន​នាក់​ដែល​រស់​នៅ​ក្នុង​ភាព​ខ្មៅ​ងងឹត»។ នាង​ពោល​ទៅកាន់​សិស្ស​បញ្ចប់​ការ​សិក្សា​ជាមួយ​នាង​ទាំង​អស់​ដែល​មិន​បាន​ដឹង​ពី​ស្ថានភាព​ពិត​របស់​នាង។

យុវសិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ Yale រូប​នេះ​និយាយ​ថា អ្វី​ដែល​តែង​តែ​ត្រូវ​បាន​គេ​មើល​រំលង​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ពី​អន្តោប្រវេសន៍​គឺ​ «ការ​ពិត​ដែល​ជន​អន្តោប្រវេសន៍ អ្នក​គ្មាន​ឯកសារ ឬ​អ្នក​ផ្សេង​ទៀត​សុទ្ធ​តែ​ជា​មនុស្ស​ដូច​គ្នា មនុស្ស​ដែល​មាន​ក្តី​សុបិន្ត បំណង​ប្រថ្នា ក្តី​ស្រមៃ និង​មាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ ពួកគេ​ជា​មនុស្ស​ដូច​ខ្ញុំ​អញ្ចឹង»។

នាង Martinez ក៏​បាន​វាយប្រហារ​ទៅ​លើ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​និយាយ​ថា ប្រសិន​បើ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ លោក​នឹង​សាងសង់​ជញ្ជាំង​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក ដើម្បី​កុំ​ឲ្យ​ជនជាតិ​ម៉ិកស៊ិក​ចូល​មក​សហរដ្ឋ​អាមេរិក។

នាង Martinez នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​មិត្ត​រួម​ថ្នាក់​របស់​នាង​ថា៖ «សហរដ្ឋ​អាមេរិក​អាច​នឹង​ខ្លាំង​ឡើង​វិញ ប្រសិន​បើ​មិន​មាន​ការ​សាងសង់​ជញ្ជាំង​ ដោយ​សារ​ភាព​ស្អប់​ខ្ពើម និង​បុរេវិនិច្ឆ័យ»។​

នាង Martinez និយាយ​ថា គ្រួសារ​របស់​នាង​បាន​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ភ្លាមៗ​បន្ទាប់​ពី​បាន​មក​ដល់​សហរដ្ឋ​អាមេរិក ហើយ​តាំង​ពី​ពេល​នោះ​មក​ ពួកគេ​បាន​រង់ចាំ​ដំណើរការ​បន្ត​នៃ​ពាក្យ​សុំ​របស់​ពួកគេ។

ខុស​ប្លែក​ពី Martinez ​អ្នក​ថ្លែង​សុន្ទរកថា​បញ្ចប់​ការ​សិក្សា​ម្នាក់​ទៀត​ នៅ​ក្នុង​ក្រុង Austin រដ្ឋ Texas រង់ចាំ​ពេល​ដែល​នាង​ឡើង​ថ្លែង​សុន្ទរកថា ទើប​នាង​បង្ហាញ​ពី​ស្ថានភាព​របស់​នាង​ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ​ចូល​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នាង Mayte Lara Ibarra ចែក​រំលែក​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter ថា «សិស្ស​ថ្លែង​សុន្ទរកថា​បញ្ចប់​ការ​សិក្សា ដែល​ទទួល​បាន​ GPA ៤,៥ និង​បាន​អាហារូបករណ៍​បន្តការ​សិក្សា​សាកល​វិទ្យាល័យ Texas... ​សិស្ស​ខ្លាំង​មែន... អូ ហើយ​ខ្ញុំ​មក​រស់​នៅ​ទី​នេះ​មិន​មាន​ឯកសារ​នោះ​ទេ»។

នាង Ibarra និយាយ​ថា នាង​ចេញ​ពី​ប្រទេស​ម៉ិកស៊ិកមក​រៀន​រស់​នៅ​សហរដ្ឋ​អាមេរិក​នេះ​ដោយ​ខុស​ច្បាប់ នៅ​ពេល​នាង​មាន​អាយុ​ប្រមាណ​ជា​២ឆ្នាំ ប៉ុន្តែ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាម​គោលនយោបាយ DACA ដែល​ជា​គោលនយោបាយ​អនុញ្ញាត​ឲ្យ​ក្មេងៗ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​នោះ​អាច​ស្នើ​សុំ​ការ​ពន្យារពេល​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ខ្លួន​វិញ។ ទោះ​ជា​យ៉ាង​ណា គោលនយោបាយ DACA មិន​បាន​បើក​ផ្លូវ​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​បាន​សញ្ជាតិ​នោះ​ទេ​ប៉ុន្តែ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការ​ និង​ទទួល​បាន​ប័ណ្ណ​សេវា​សន្តិសុខ​សង្គម។

នាង​ទទួល​រង​ការ​រិះគន់​ជាច្រើន​ ដោយសារ​តែ​នាង​បាន​ដាក់​រូប​ទង់ជាតិ​ម៉ិកស៊ិក នៅ​ក្នុង​ការ​បង្ហោះ​របស់​នាង​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter អំពី​ស្ថានភាព​របស់​នាង។

នាង​បាន​ប្រាប់​សាព័ត៌មាន The Statesman ថា «មូលហេតុ​តែ​មួយ​គត់​ដែល​ខ្ញុំ​ប្រើ​រូបភាព​ពី​អារម្មណ៍​ដើម្បី​បង្ហាញថា ខ្ញុំ​មាន​មោទនភាព​ពី​ដើម​កំណើត​របស់​ខ្ញុំ និង​ចង់​បង្ហាញ​ថា យើង​អាច​ធ្វើ​រឿង​អស្ចារ្យ​ទាំង​នេះ​បាន»។

នាង​បាន​ប្រាប់​កាសែត The Statesman ថា «មូលហេតុ​ដែល​ខ្ញុំ​បង្ហោះ​ព័ត៌មាន​នោះ​គឺ​ដើម្បី​បង្ហាញ​អ្នក​ដទៃ​ថា អ្នក​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន ទោះ​ជា​មាន​ឧបសគ្គ​នៅ​ចំពោះ​មុខ​ច្រើន​យ៉ាង​ណា​ក៏​ដោយ»។

យុវ​សិស្ស​ទាំង​ពីរ​នាក់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​រិះគន់​នៅ​លើ​បណ្តាញ​សង្គម។ មនុស្ស​មួយ​ចំនួន​ជឿ​ថា យុវ​សិស្ស​ទាំង​ពីរ​នេះ​កំពុង​ល្មើស​ច្បាប់ និង​កំពុង​ធ្វើ​ឲ្យ​សិស្ស​អាមេរិកាំង​មិន​ចូល​រៀន។ ចំណែក​ឯអ្នក​ផ្សេង​បាន​សរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យុវសិស្ស​ទាំង​ពីរ​នេះ។

សាកល​វិទ្យាល័យ Yale និង Texas បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​និយាយ​ថា​ អាហារូបករណ៍​របស់​ពួកគេ​ទាំង​ពីរ​នឹង​មិន​បាត់​បង់​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG