ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ចាត់​ការ​ម្នាក់​របស់​លោក​ Trump បាន​ចាក​ចេញ​ពី​យុទ្ធនាការឃោសនា​​បោះ​ឆ្នោត​ប្រធានា​ធិបតី


លោក ​Corey Lewandowski​ អ្នក​ចាត់​ការ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ Trump​ នៃ​គណបក្ស​សាធារណរដ្ឋ​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង។

លោក ​Donald Trump​ នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​សង្ឃឹម​ថា​នឹង​ទទួល​តំណែង​ប្រធានាធិបតី​ស.រ.អា.​បាន​ដក​លោក ​Corey Lewandowski​ អ្នក​ចាត់​ចែង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដែល​មាន​ភាព​ចម្រូង​ចម្រាសចេញ​ពី​តំណែង។

អ្នក​ស្រី Hope Hicks​ អ្នកនាំ​ពាក្យ​នៃ​ក្រុម​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក ​Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «លោក Lewandowski លែង​ធ្វើការ​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​នេះ​ទៀត​ហើយ»។ អ្នកស្រី​ Hicks ​បាន​សម្តែង​ការ​សរសើរ​ដល់ភាព​ឧស្សាហ៍ធ្វើ​ការងារ​និង​ការប្តជ្ញា​របស់​លោក​ Lewandowski។

ពួក​អ្នក​សង្កេតការ​នយោបាយ​ច្រើន​នាក់​យល់​ឃើញ​ថា​ លោក​ Lewandowski ដែល​បាន​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ Trump​ ចាប់​តាំង​ពីខែ​មិថុនា​មុន​មក​នោះ ​មាន​ការ​ទាក់ទង​បែប​អរិភាព​ជា​មួយ​ពួក​អ្នក​កាសែត​ក្នុង​ប្រទេស​ច្រើន​នាក់​ហើយ​មាន​ទំនាក់​ទំនង​រអាក់​រអួល​ជាមួយ​ពួក​មន្ត្រី​ខ្លះ​នៃ​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ។

លោក​បាន​ទទួល​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​អូស​ទាញ​អ្នក​កាសែត​ស្រី​ម្នាក់​នៅ​ក្នុង​រដ្ឋ ​Florida​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បឋម។ លោក​ Lewandowski ​ក៏​បាន​ប៉ះ​ទង្គិច​ជាមួយ​លោក Paul Manafort ​ប្រធាន​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ Trumpផង​ដែរ។​

តួ​លេខ​អ្នក​គាំទ្រ​លោក ​Trump ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ក៏​បាន​ចុះ​ថមថយ​ដែរ ​ហើយលោក​ប្រឈម​មុខ​នឹង​ការ​ជំទាស់​ពីក្រុម​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​ខ្វល់​ខ្វាយ​អំពី​ការ​និយាយ​របស់​លោក​ដែល​នាំឱ្យ​មាន​ការ​ឈ្លោះ​គ្នា៕

XS
SM
MD
LG