ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​​​គ្លីនិក​ឯកជន​​ចំនួន​បី​ស្នើ​សុំការ​អនុញ្ញាត​ពី​រដ្ឋាភិ​បាល​​ឱ្យ​កន្លែង​ធ្វើ​ការ​ពួក​គេ​ដំណើរ​ការ​ឡើងវិញ


រូបឯកសារ៖ សកម្មភាពផ្តល់សេវាពិនិត្យអ្នកជំងឺរបស់គ្លីនិកមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ (Facebook/Center of Hope Friendship Clinics)
រូបឯកសារ៖ សកម្មភាពផ្តល់សេវាពិនិត្យអ្នកជំងឺរបស់គ្លីនិកមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ (Facebook/Center of Hope Friendship Clinics)

អតីត​បុគ្គលិក​មន្ទីរ​សម្រាក​ព្យាបាល​បី​កន្លែង​នៃ​ក្រុម​ហ៊ុន​ សេនធឺ អហ្វ ហ្រ្វេនស៊ីប គ្លីនិក​ឯកជន​ (Center of Hope Friendship Clinics Co., Ltd)​ ដែល​ត្រូវបាន​បិទ​ស្នើសុំ​ឱ្យ​ក្រសួង​សុខាភិបាល​បើក​ដំណើរ​ការឡើង​វិញ​ ដោយ​លើក​ហេតុផល​ថា សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក ​ហើយ​ត្រូវ​ការ​ការងារ​ជាបន្ទាន់។ នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​តំណាង​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ទាំងបី ​ដែលកំ​ពុងស្ថិត​ក្នុង​ស្ថានភាព​ផ្អាក​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន។

គ្លីនិក​ ឬ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ខាងលើ​ទាំងបី ដែលត្រូវ​បាន​បញ្ជា​ឱ្យ​បិទដោយ​ក្រសួងសុខា​ភិបាល ដោយ​សារ​រៀបចំ​ឯកសារ​រដ្ឋបាល​មិនទាន់​ពេល​ដើម្បីផ្លាស់​ប្តូរ​អាជ្ញាបណ្ណ​នោះ​ រួមមាន​មន្ទីរ​សម្រាក​ព្យាបាល​មិត្ត​ភាព​ពោធិ៍ចិនតុង​ មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​ចតុមុខ និង​មន្ទីរ​សម្រាក​ព្យា​បាលមិត្ត​ភាព​នៃ​ក្តីសង្ឃឹម​ ដែល​មាន​បុគ្គលិក​ប្រមាណ​ ២៥០ នាក់។ គិត​ចាប់តាំង​ពី​ដំណើរ​ការ​ដោយ​ស្របច្បាប់​តាំង​ពី​ឆ្នាំ ២០២១​ មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​ទីតាំង​នេះ​ បាន​ជួយ​ពិគ្រោះ​ និង​ព្យាបាល​អ្នកជំងឺ​ចំនួន​ជិត​ ៩ ម៉ឺន​នាក់​ក្នុងមួយ​ឆ្នាំ​ជាមួយ​តម្លៃ​សមរម្យ។

បើតាម​សេចក្តី​ថ្លែង​ការណ៍​ចុះថ្ងៃទី​ ២២ ខែ​ឧសភា​របស់​តំណាង​មន្ទីរ​សម្រាក​ព្យាបាល​ឯក​ជន​ទាំង​បី អាជ្ញាធរ​មានសមត្ថកិច្ច​មិនបាន​ផ្តល់​ការ​ព្រមាន​ ឬ​វិធានការ​ណាមួយ​ជាផ្លូវ​ការ​ មុន​ពេល​ចេញ​សម្រេចឱ្យ​បិទ​នា​ពេល​ថ្មីៗនេះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​លើកឡើង​ថា៖ «យើង​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ដែល​បាន​ប្រតិបត្តិការ​វេជ្ជសាស្រ្ត​របស់​មន្ទីរ​សម្រាកព្យាបាល​របស់​យើង​ខ្ញុំ​ឥឡូវ​នេះ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ហើយ​បាន​បញ្ចប់​យើង​ខ្ញុំ​ពី​ការ​ផ្តល់​សេវា​របស់​យើង​ខ្ញុំ​ទៅ​អ្នក​ជំងឺ​ដែល​ត្រូវ​ការថែទាំ​ និង​ព្យាបាល​ចាំ​បាច់​ ជា​ពិសេស​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ ទឹក​នោម​ផ្អែម​ បេះដូង​ដែល​ត្រូវ​ការថ្នាំ​ និង​គ្រូពេទ្យ​ដែល​ព្យាបាល​ជា​ប្រចាំ»។

តំណាង​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​កន្លែង​នោះ​ ក៏​បាន​ទទួល​ស្គាល់​ទាក់​ទង​នឹង​កំហុស​អំពី​របាយ​ការណ៍​សកម្មភាព​អ្នក​ព្យាបាល​ជំងឺ​ និង​ផ្ទេរ​ផ្លាស់​ប្តូរ​អាជ្ញាបណ្ណ​ដែល​មាន​ស្រាប់​របស់​វេជ្ជបណ្ឌិត​ ដែល​ជា​អ្នក​ឈរ​ឈ្មោះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​អាជ្ញាធរ​សុខាភិបាល ​ដើម្បី​ស្រប​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល។ប៉ុន្តែ​បែរ​ជា​ បិទ​ទ្វារ​មន្ទីរ​សម្រាក​ព្យាបាល​របស់​ពួកគេ មុន​ពេល​ដែល​ពួកគេ​បាន​បញ្ចប់​កិច្ចការ​រដ្ឋបាល​នេះ​ទៅ​វិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ តំណាង​មន្ទីរ​សម្រាក​ព្យាបាល​បាន​សូម​សំណូម​ពរ​ដល់​អាជ្ញាធរ​មេត្តា​អនុញ្ញាត​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​អាច​កែ​តម្រូវ​ការ​មិន​អនុលោម​តាម​ច្បាប់​ ដើម្បី​ឱ្យ​មន្ទីរ​សម្រាក​ព្យា​បាល​ទាំង​បី​ទីតាំង​របស់​ពួកគេអាច​ដំណើរការ​ឡើង​វិញ​បាន​ឆាប់ៗ​ និង​បន្ត​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​ខ្វះខាត​ដោយ​សេចក្តី​អនុគ្រោះ។

ក្រៅពីនេះ ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ហ៊ុន​ សេនធឺ អហ្វ ហ្រ្វេនស៊ីប គ្លីនិក​ឯកជនបាន​បង្ហោះ​សារ​អំពាវនាវ​មួយ​ដោយ​បាន​លើក​ឡើង​ថា៖ «បុគ្គលិក​ គ្រូ​ពេទ្យចំនួន​ ២៥០ នាក់​កំពុង​រង់​ចាំចូល​ធ្វើ​ការ​វិញ​យ៉ាង​អន្ទះ​សារ​ ដោយ​សារ​ពួក​គេ​ត្រូវ​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​តាម​ទូរសព្ទពី​គណៈ​គ្រប់គ្រង​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​នោះ​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃសុក្រនេះ។

វីអូអេក៏មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាលលោក ម៉ម ប៊ុន​ហេង និង​អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​បាន​ផង​ដែរ​ នៅ​ថ្ងៃ​សុក្រ​ដដែលនេះ។

លោក​ កុយ ពិសិដ្ឋ អាយុ​ ៣៧ ឆ្នាំ ពលរដ្ឋ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា​ លោក​បាន​ស្គាល់​មន្ទីរ​សម្រាក​ព្យាបាល​មិត្ត​ភាព​នៃ​ក្តី​សង្ឃឹម​នេះ​រយៈពេល​ជាង​ ៧ ឆ្នាំ​មក​ហើយ​ ព្រោះបងប្អូន​ព្រម​ទាំង​ម្តាយ​របស់​លោក​ផ្ទាល់​បាន​ថមថយ​ពី​ជំងឺ​ច្រើន​ នៅ​ពេល​ទៅ​ទទួលការព្យាបាល​នៅ​ទីនោះ។

លោក​ថ្លែងថា៖ «ចំពោះ​ក្រសួង​សុខាភិបាល​ដែល​គាត់​ប្រកាស​បិទ​ យើង​អត់​ដឹង​រឿង​ផ្ទៃ​ក្នុង​ទេ​ ប៉ុន្តែ​ខ្ញុំ​ឃើញ​លិខិត​រដ្ឋបាល​គឺ​ថា​ គ្រាន់​តែ​មិន​មាន​វេជ្ជបណ្ឌិត​ឈរ​ឈ្មោះ​ ហើយ​និង​មិន​បាន​ធ្វើ​របាយការណ៍​ជា​ប្រចាំ។​ ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​កំហុស​រដ្ឋបាល​ដូច​មិន​តម្រូវ​ឱ្យ​បិទ​អ៊ីចឹង​ទេ​ គួរតែ​មាន​ការអប់រំ​ណែនាំ​ ឬក៏​សិក្សា​រក​មធ្យោបាយ​ផ្សេង​ទៀត​ ព្រោះ​ប្រជាពលរដ្ឋ​យើង​ពឹង​ពាក់​លើ​មន្ទីរពេទ្យ​ហ្នឹង​ច្រើន​ណាស់»។

លោក​បន្ថែម​ថា​ ការបិទ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​តែងតែ​ទៅ​រក​សេវា​សុខាភិបាល​នៅទីនោះ​ ពិបាក​នឹង​រក​មន្ទីរពេទ្យ​ផ្សេង​ដើម្បី​ព្យាបាល​ជំងឺ​របស់​ពួកគេ​ ពាក់​ព័ន្ធនឹង​គុណ​ភាព​ និង​តម្លៃ។​

រី​ឯ​អ្នក​ស្រី​ ហេង ពិសី អាយុ​ ៣៥ ឆ្នាំ ពលរដ្ឋម្នាក់​ទៀត​រស់​នៅ​រាជធានី​ភ្នំពេញ​ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​ចង់​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ទាំង​បី​បើក​ដំណើរការ​ឡើង​វិញ​ ដោយ​ថា​ បុគ្គលិក​និង​វេជ្ជ​បណ្ឌិតនៅ​ទីនោះ​ធ្វើ​ការងារ​ច្បាស់​លាស់​ដែល​អាច​ទុក​ចិត្ត​បាន​ និង​មាន​តម្លៃ​សមរម្យ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ធ្លាប់​យក​កូន​ទៅ​មើល​ ហើយ​ឃើញ​ថា​ពួកគាត់​ធ្វើ​ការងារ​ច្បាស់​លាស់​របស់​គាត់​ត្រង់​ថា​ គាត់​អត់​ចេះ​រញ៉េរញ៉ៃ​ហើយ​អត់​ចេះ​បន្លាច​យើង​ដែរ។ បើ​ដូច​កន្លែង​ខ្លះ​ គឺ​គេ​បន្លាច​យើង​ច្រើន​ ហើយ​មួយ​ទៀត​គោលការណ៍​ព្យាបាល​របស់​គាត់​ក៏​អត់​សាំ​ញុំា​ដែរ​ ព្រោះ​គាត់​មាន​ជំនាញ​របស់​គាត់​ យើង​អាច​ទទួល​យក​បាន​មិន​ថា​ឥតខ្ចោះ​ទេ»។​

អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែ​បើ​យើង​ធៀប​នឹង​ឯកជន​មួយ​ចំនួន​ គឺ​យើង​អាច​ទទួល​យក​បាន​ ត្រង់​ថា​ គាត់​អត់​កេងបន្លំ​ពី​យើង​ទេ​ គាត់​ព្យាយាម​ពន្យល់​យើង​បាន​ច្រើន​ ហើយ​យើង​អារម្មណ៍​ថា​ ទុក​ចិត្ត​បាន​ច្រើន​ជាង​កន្លែង​ពេទ្យ​ឯកជន​ផ្សេងៗ»។

អ្នក​ស្រី​រៀបរាប់ទៀត​ថា​ ជាទូទៅ​អ្នក​ស្រី​តែងតែ​នាំកូន​ទៅ​ពិនិត្យ​ និង​ព្យាបាលជំងឺនៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​ចតុមុខ​ជា​ប្រចាំ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មន្ទីរ​ពេទ្យ​នេះ​ត្រូវ​បាន​បិទ ហើយ​អ្នក​ស្រី​ក៏​មិន​ដឹង​ថា​ត្រូវ​នាំកូន​ទៅ​ព្យាបាល​នៅ​កន្លែង​ណា​បន្ត​ទៀត​ដែរ។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា​លោក អ៊ូច វុទ្ធី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ប្រសិន​ជា​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​នោះ​ បាន​ចេញ​មុខ​បក​ស្រាយ​ និង​ទទួល​ខុសត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​ហើយ​នោះ មន្ត្រី​ក្រសួង​សុខាភិបាល​គួរតែ​ចុះ​មក​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ហើយ​ធ្វើការ​ពិចារណា​សាជាថ្មី​ថា​គួ​រឱ្យ​បើក​ឡើងវិញ​ ឬ​ក៏​បិទ​ជាស្ថាពរ​នោះ។

លោក​បន្ថែមថា៖ «បើ​សិន​ជា​ក្រសួង​សុខាភិបាល​ គាត់​អនុញ្ញាត​ឱ្យ​បើក​វិញ​បាន​ន័យ​ថា​ គាត់​រក​ឃើញ​ថា​គាត់​[មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​ទីតាំង​]គ្មាន​កំហុស​អី​ធំ​ដុំ។ ប្រសិន​ជា​គាត់​មិន​បំពេញ​តាម​ផ្លូវ​ច្បាប់​នៃ​ក្រសួង​សុខាភិបាល​ទេ​ អាហ្នឹង​គាត់​ត្រូវ​ប្រឈម​នឹង​ការដោះ​ស្រាយ​ និង​ការបក​ស្រាយ​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​ ទាំង​ក្រសួង​ទាំង​គ្លីនិក​ទាំង​បីហ្នឹង»។

បន្ថែម​ពី​នេះ លោក អ៊ូច វុទ្ធី ​ជំរុញ​ឱ្យ​ភាគី​ទាំង​សង​ខាង​ គឺ​តំណាង​គ្លីនិក​ទាំង​បី​កន្លែង​ និងក្រសួង​សុខាភិបាល​គួរតែ​ចរចា​គ្នា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹងពី​ចំណុច​មិន​ស្រុះ​ស្រួល​គ្នា​ ​ចៀសវាង​ការយល់​ច្រឡំ​ដល់​សាធារណមតិ៕

XS
SM
MD
LG