ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​បិទ​មន្ទីរ​សម្រាក​ព្យាបាល​៤​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ


រូបឯកសារ៖ ទីស្តីការ​ក្រសួង​សុខាភិបាល​នៅ​​កម្ពុជា​។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)
រូបឯកសារ៖ ទីស្តីការ​ក្រសួង​សុខាភិបាល​នៅ​​កម្ពុជា​។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

ក្រសួង​សុខាភិបាល​បាន​សម្រេច​បិទ និង​ដក​ហូត​អាជ្ញាបណ្ណ​ពី​មន្ទីរ​សម្រាក​ព្យាបាល​ចំនួន​៤​កន្លែង​ក្នុង​រាជធានី​ភ្នំពេញក្រោម​ហេតុ​ផល​ថា ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​នោះ​មិន​បាន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ក្រសួង​សុខាភិបាល។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​សុខា​ភិបាល​ដែល​វីអូអេ​ទទួល​បាន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​សុខា​ភិបាល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នូវ​សេចក្តី​សម្រេច​បិទ និង​ដក​ហូត​អាជ្ញា​បណ្ណ​ពី​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​៤​ទីតាំង។ នៅ​ក្នុង​សេចក្តី​សម្រេច​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យា​បាល​ ឯក សុវណ្ណមុនី មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​២០១១ សង្កាត់​ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយ​បញ្ជាក់​ថា​ ការ​បិទ​នេះ ដោយ​សារ​តែ​អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរ​ពេទ្យ​នេះ​ប្រើ​ប្រាស់​បុគ្គលិក​មិន​បាន​ត្រឹម​ត្រូវ និង​មិន​មាន​ជំនាញ​ច្បាស់​លាស់​តាម​ច្បាប់​កំណត់។

ចំណែក​កាល​ពី​ថ្ងៃ​សៅរ៍ ក្រសួង​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យា​បាល​មិត្តភាព​ចតុមុខ មាន​ទីតាំង​នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​២២៨ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ មន្ទីរ​សម្រាក​ព្យា​បាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៣០៦-៣១០ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧មករា និង​មន្ទីរ​សម្រាក​ព្យាបាល​ពោធិ៍ចិនតុង ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ៦៤៦-៦៤៧ ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​កាកាប ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ។ ក្រសួង​សុខា​ភិបាល​បញ្ជាក់​ថា ​វិធានការ​បិទ​នេះ ដោយសារ​មន្ទីរ​ពេទ្យ​ទាំង​៣​ខាង​លើ​មិន​មាន​វេជ្ជបណ្ឌិត​ឈរ​ឈ្មោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​អវត្តមាន​ប្រចាំ​ការ ហើយ​មិន​បាន​ផ្ញើ​របាយការណ៍​អំពី​សកម្ម​ភាព​ព្យាបាល​អ្នក​ជំងឺ​ជា​ប្រចាំ​មក​កាន់​នាយក​ដ្ឋាន​ជំនាញ​នៃ​ក្រសួង និង​មិន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការគ្រប់​គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​របស់​ក្រសួង​សុខាភិបាល។

មន្ទីរ​ស​ម្រាក​ព្យាបាល​ទាំង​៣​ខាង​លើ គឺ​ជា​សាខា​មន្ទីរ​ពេទ្យ​តែ​មួយ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​ពី​បុគ្គលិក​នៃ​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឈឹម។

បន្ទាប់​ពី​មាន​ការ​ចេញ​សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម​បាន​បង្ហោះ​សារ​ជា​អក្សរ​ភ្ជាប់​ជា​មួយ​នឹង​សេចក្តី​សម្រេច​ស្តី​ពី​ការ​បិទ ដោយ​លើក​ឡើង​ថា «យោង​តាម​សេចក្តី​សម្រច​លេខ​០៦៩ ០៧០ និង ០៧១ ចុះ​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០២៣ របស់​ក្រសួង​សុខា​ភិបាល មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​នៃ​ក្តី​សង្ឃឹម មន្ទីរ​សម្រាក​ព្យាបាលមិត្តភាព​ពោធិ៍ចិន​តុង និងមន្ទីរ​សម្រាក​ព្យាបាល​មិត្ត​ភាព​ចតុមុខ សូម​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន។ គណៈ​គ្រប់គ្រង​របស់​យើង​ខ្ញុំ​កំពុង​ខ្នះខ្នែង​រក​មធ្យោ​បាយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សូម​ពុក​ម៉ែ​បង​ប្អូន លោក លោកស្រី មេត្តា​អធ្យាស្រ័យ និង រង់​ចាំ​ការ​ជូន​ដំណឹង​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​គណៈ​គ្រប់គ្រង​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​៤​នោះ​បាន​នៅ​ឡើយ​ទេ។

បន្ថែម​ពី​នេះ នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ទៀត​ចុះ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្រសួងសុខា​ភិបាល​បាន​អំពាវនាវ​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល ឬ​គ្លីនិក​ឯក​ជន​ទាំង​អស់​ ចូល​រួម​ជា​មួយ​ក្រសួង​សុខា​ភិបាល និង​រាជរដ្ឋាភិបាល​ ក្នុង​ការ​ពង្រឹង​គុណភាព​សេវា ការ​អនុវត្ត​បរិវត្ត​កម្ម​ឌីជីថល​សុខាភិបាល និង​អនុវត្ត​គោលការណ៍​ប្រតិបត្តិ ព្រម​ទាំង​ច្បាប់​ដែល​មាន​ជា​ធរមាន​ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ជាគុណ​ប្រយោ​ជន៍​ដល់​ការ​លើក​កម្ពស់​សុខភាព​ប្រជា​ជន​កម្ពុជា​ទូទៅ។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា​លោក អ៊ូច វុទ្ធី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជា​ការ​អនុវត្ត​របស់​ក្រសួង​សុខាភិបាល​ចំពោះ​មន្ទីរ​ពេទ្យ​ណា​ដែល​ប្រព្រឹត្ត​ខុស​ពី​ច្បាប់។ លោក​ជំរុញ​ឱ្យ​ក្រសួង​អនុវត្តវិធានការ​បន្ថែម​ទៀត ដើម្បី​ឱ្យ​វិស័យ​សុខា​ភិបាល​ទាំង​រដ្ឋ និង​ឯកជន​មាន​ដំណើរ​ការ​រលូន​ល្អ​ប្រសើរ ស្រប​តាម​ច្បាប់​កម្ពុជា។

លោក​ថ្លែង​ថា៖ «ដើម្បី​មាន​វិធាន​ការ​ហ្នឹង​ ឱ្យ​ច្បាស់​លាស់​ទី​មួយ គឺ​យើង​រួម​គ្នា​ពូត​ដៃ​គ្នា​ ដើម្បី​យើង​អនុវត្ត​ច្បាប់​ហ្នឹង ឱ្យ​បាន​ស្មើ​ភាព​គ្នា​ កុំ​ឱ្យ​មាន​បិទ​មួយ​ ហើយ​មួយ​ធ្វើ​ខុស​អត់​បិទ​ កន្លែង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​មា​ន​ថ្នាក់​ថ្នាំង​ចិត្ត។ អ៊ីចឹង​ទេ​ គួរ​តែ​មន្ទីរ​សុខា​ភិបាល​ថ្នាក់​ក្រោម​ជាតិ​ ហើយ​និង​ក្រសួង​បង្កើត​ច្បាប់​ហើយ​ អ៊ីចឹង​សូម​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​បាន​ល្អ​ស្រុះ​គ្នា។ នេះ​គឺ​ជា​គោល​បំណង​របស់​ខ្ញុំ»។

បន្ថែម​ពី​នេះ លោក អ៊ូច វុទ្ធី ក៏​ជំរុញ​ឱ្យមាន​ការ​ត្រួត​ពិនិត្យ​ថ្នាំ​នៅ​តាម​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ថា​តើ​មាន​ការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ពី​ក្រសួង​សុខាភិបាល​ឬ​យ៉ាងណា៕

XS
SM
MD
LG