ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​​សារព័ត៌មាន​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​យក​ព័ត៌មាន​នៅ​មុខ​ស្ថានទូត​ចិន​មិន​អាច​ទទួល​យក​បាន


សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)
សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)

ក្រុម​អង្គការ​សារព័ត៌មាន​ចំនួន​ពីរ​ដែល​ធ្វើ​ការ​ការពារ​សេរីភាព​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ខាង​មុខ​ស្ថានទូត​ចិន​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា ថា​ជា​ការ​សម្លុត​គំរាមកំហែង​លើ​សេរីភាព​សារព័ត៌មាន«​ដែល​មិន​អាច​ទទួល​យក​បាន»។

ប្រតិកម្ម​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ធ្វើ​ឡើង​ ក្រោយ​ពី​អ្នក​សារព័ត៌មាន​ចំនួន​៦នាក់​រួម​ទាំង​អ្នក​សារព័ត៌មាន​វីអូឌី​(VOD) និងអ្នក​ថតរូប​ឱ្យទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ​(Reuters) ផង​ត្រូវ​បាន​សមត្ថកិច្ចសម្លុត​ ហើយ​តាម​រំខាន​និង​ចាប់​ទាញ​យក​ឧបករណ៍​សម្រាប់​ការ​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​នៅ​ពេល​ដែល​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ស្ថានទូត​ចិន​ដោយ​តាម​ឃ្លាំមើល​សមត្ថកិច្ច​ដែល​សួរ​នាំ​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នៅ​ពី​មុខ​ស្ថានទូត​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​សារព័ត៌មាន​ទាំង​ពីរ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ ទី​២៣​ខែ​តុលា។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​ខេមបូចា បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា៖ «នេះ​ជា​សញ្ញាគំរាម​កំហែង​ដែល​មិន​អាចទទួល​យក​បាននៅពេល​ដែល​អ្នក​សារព័ត៌មាន​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់ពួកគេ។ អាជ្ញាធរ​ហាក់​ចាត់ទុក​ថា​អ្នក​សារព័ត៌មាន​គឺជា​អ្នក​ឃ្លាំមើល​យ៉ាង​សំខាន់​ដែល​ធ្វើ​ឱ្យពួកគេ​ពិបាក​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា»។

នៅ​ថ្ងៃ​២៣​តុលា ដែល​ជា​ទិវា​គម្រប់​ខួប​លើក​ទី​២៩​នៃ ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាតុករ​មួយ​ក្រុម​ដែល​ភាគ​ច្រើន​ជា​ស្ត្រី បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​ក្រោយ​ពី​មាន​ការ​ប្រកាស​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​«វត្តមាន​យោធា​ចិន​នៅ​កម្ពុជា»​នៅ​តាម​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​រួម​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ៕

XS
SM
MD
LG