គូឡាឡាំពួរ — អង្គការគាំពារសិទ្ធិសារព័ត៌មាននិយាយថា រដ្ឋាភិបាលតាមបណ្តាប្រទេសនៅតំបន់អាស៊ីកំពុងតែបង្កើនការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលរាយការណ៍ពីការរាតត្បាតវីរុសកូរ៉ូណា និងរារាំងមិនឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះ ទទួលបានព័ត៌មានជាក់លាក់ជាងតំបន់ដទៃទៀតនៅលើពិភពលោក។
ការតាមដានដោយវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (International Press Institute) ដែលជាបណ្តាញអ្នកសារព័ត៌មាននៅលើពិភពលោក មានមូលដ្ឋាននៅប្រទេសអូទ្រីស បានបង្ហាញថា ទ្វីបអាស៊ីនាំមុខគេ ជុំវិញវិធានការភាគច្រើនដែលរឹតត្បិតសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩។
វិទ្យាស្ថាននេះ តាមដានការចាប់ខ្លួន និងការចោទប្រកាន់តាមផ្លូវច្បាប់ផ្សេងៗ ការរឹតត្បិតលើការទទួលបានព័ត៌មានច្បាប់ថ្មី ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយដែលខ្លួនគិតថា មានចរិតលក្ខណៈជ្រុលហួស ព្រមទាំងការវាយប្រហារដោយពាក្យសម្តី ឬទៅលើរាងកាយ។
ការចាប់ខ្លួន ឬការចោទប្រកាន់ផ្សេងៗ ដែលវិទ្យាស្ថានសារព័ត៌មានអន្តរជាតិបានកត់ត្រា នៅទ្វីបអាស៊ីមកទល់ពេលនេះ គឺមានចំនួនសរុប ១០២ ករណី ដែលចំនួននេះមានច្រើនជាងនៅតាមតំបន់ដទៃទៀត បូកបញ្ចូលគ្នាទៅទៀត។ រង្វាស់រង្វាល់តែមួយគត់ ដែលទ្វីបអាស៊ីស្ថិតនៅលំដាប់ទីពីរ ក្រោយទ្វីបអឺរ៉ុបគឺលើការចាប់ពិរុទ្ធ។
មេដឹកនាំផ្តាច់ការ និងមេដឹកនាំប្រជានិយម
លោក Ravi Prasad នាយកផ្នែកតស៊ូមតិគាំពារសិទ្ធិប្រចាំវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ បានថ្លែងប្រាប់ VOA កាលពីខែកញ្ញាថា ហេតុផលមួយផ្នែកនៃការញែកឲ្យឃើញថា ទ្វីបអាស៊ីស្ថិតនៅចំណាត់ថ្នាក់កំពូលនេះ គឺពាក់ព័ន្ធនឹងចំនួនប្រជាជន និងចំនួនប្រទេសនៅក្នុងទ្វីបនេះ។
ដោយមានប្រទេស និងប្រជាជនច្រើនជាងតំបន់ដទៃទៀត ករណីរឹតត្បិតលើសារព័ត៌មានអាចមានច្រើននៅទ្វីបនេះ។ លោកបានបន្ថែមថា ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នានេះដែរ គឺថា បណ្តាប្រទេសភាគច្រើននៅអាស៊ី មានប្រវត្តិមិនសូវគោរពទៅលើសារព័ត៌មានសេរី ឬមិនមានទាល់តែសោះតែម្តង ដោយសារតែរដ្ឋាភិបាលជាប់ឆ្នោតជារដ្ឋាភិបាលបែបប្រជានិយម ឬជារដ្ឋាភិបាលដឹកនាំដោយមេដឹកនាំផ្តាច់ការ។
លោក Prasad បាននិយាយថា៖ «ដូច្នេះ អ្វីដែលមានជារួមនោះ គឺរបៀបដឹកនាំបែបនេះ។ អាចជាករណីបុរសខ្លាំងដឹកនាំប្រទេស ឬរដ្ឋាភិបាលប្រជានិយម»។
តំបន់មជ្ឈឹមបូព៌ា តំបន់អាហ្វ្រិកខាងជើង និងតំបន់វាលខ្សាច់សាហារ៉ាខាងក្រោមនៅទ្វីបអាហ្វ្រិក ដែលមានរដ្ឋាភិបាលប្រជានិយម និងមេដឹកនាំផ្តាច់ការដឹកនាំប្រទេស ដូចនៅតំបន់អាស៊ីផងដែរ តែងតែទទួលបានចំណាត់ថ្នាក់ទាបពីការវាយតម្លៃលើសេរីភាពសារព័ត៌មានប្រចាំឆ្នាំ។
ជាមធ្យម តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង មានពិន្ទុទាបជាងតំបន់អាស៊ី ពេលត្រូវបានវាយតម្លៃដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលជាអង្គការគាំពារសេរីភាពសារព័ត៌មានមួយផ្សេងទៀត។
យ៉ាងណាក្តី វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ និងអង្គការដទៃទៀត អាចត្រឹមរាប់បាននិងកត់បញ្ចូលនូវករណីដែលខ្លួនបានដឹងឮតែប៉ុណ្ណោះ។ ហើយនៅតាមប្រទេសខ្លះ ករណីរឹតត្បិតនេះមានភាពស្រពិចស្រពិល ជាងប្រទេសដទៃទៀតមិនថា ដោយសារតែប្រទេសទាំងនោះ ត្រូវបានរុកគួនដោយសង្គ្រាមស៊ីវិល ឬប៉ិនប្រសព្វនៅក្នុងការលាក់បាំងការរំលោភបំពាននោះទេ។
តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង មានស្ថានភាពទាំងពីរនេះ ខណៈដែលអង្គការការពារសេរីភាពសារព័ត៌មានបានលើកឡើងថា ចិនក៏ជាប្រទេសដែលពិបាកនឹងតាមដានផងដែរ។
ប្រទេសដែលមានការរឹតត្បិតខ្លាំងជាងគេមិនមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាល់តែសោះ ដោយសារគ្រប់ ឬសឹងតែគ្រប់បណ្តាញផ្សព្វផ្សាយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយមិនមានលទ្ធភាពច្រើននោះទេ ដែលព័ត៌មានមិនល្អស្តីពីរដ្ឋាភិបាលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ទោះបីយ៉ាងណាក៏ដោយលោក Prasad បាននិយាយថា ទិន្នន័យរបស់វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ បានផ្តល់ការប្រៀបធៀបក្នុងតំបន់មួយដោយស្មើភាព។
លោកបាននិយាយថា៖ «ដោយសារតែបញ្ហាដែលយើងទាំងអស់គ្នា ប្រឈមមុខក្នុងការប្រមូលព័ត៌មានពីតំបន់មួយចំនួននៅលើសាកលលោក ពិតណាស់ ខ្ញុំគិតថា ទិន្នន័យរបស់យើងជាការឆ្លុះបញ្ចាំងដ៏ល្អមួយ ពីអ្វីដែលកំពុងកើតមានឡើង»។
អង្គការដទៃទៀតដែលបានប្រើវិធីសាស្ត្ររបស់ខ្លួនផ្ទាល់ ក្នុងការតាមដានការរំលោភបំពានផ្សេងៗ ទៅលើសេរីភាពសារព័ត៌មានពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩ ក៏បានបង្ហាញនូវនិន្នាការបំពានលើសេរីភាពសារព័ត៌មានដ៏ទូលំទូលាយ ដូចគ្នានេះផងដែរ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនមានមូលដ្ឋាននៅប្រទេសបារាំង និងគណៈកម្មការការពារអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបំភាន់សាធារណជន ការរឹតត្បិតទៅលើបណ្តាញផ្សព្វផ្សាយ ឬការបំពានទៅលើអ្នកសារព័ត៌មាន ដែលរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩ ច្រើននៅទ្វីបអាស៊ី ជាងនៅកន្លែងដទៃទៀត។ ការតាមដានរបស់ VOA ផ្ទាល់ក៏បានបង្ហាញថា ទ្វីបអាស៊ីនាំមុខគេនៅក្នុងករណីនេះផងដែរ។
ដំបូងគេក្នុងចំណោមអាក្រក់បំផុត
អ្នកស្រី Pauline Adès-Mével និពន្ធនាយក និងប្រធានផ្នែកបោះពុម្ពប្រចាំអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បាននិយាយថា៖ «ប្រសិនបើមានការសង្ខេបរឿងរ៉ាវផ្សេងៗ គិតត្រឹមចុងខែមិថុនា ពិតណាស់ទ្វីបអាស៊ីជាតំបន់ដែលមានករណីរំលោភបំពានច្រើនជាងគេ និងជាទ្វីបដែលអ្នកសារព័ត៌មានបានរងការប៉ះពាល់ខ្លាំងជាងគេ»។
យ៉ាងណាក្តី អ្នកស្រី Adès-Mével ស្ទាក់ស្ទើរនៅក្នុងការកំណត់តំបន់ជាក់លាក់ណាមួយនាពេលនេះ ស្របពេលដែលការរាតត្បាតជំងឺកូវីដ១៩ បន្តកើតឡើងនៅជុំវិញពិភពលោក។ ខណៈពេលដែលករណីកើតមានជំងឺកូវីដ១៩ កំពុងកើនឡើងនៅពាសពេញទ្វីបអាហ្វ្រិក ក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីខែមិថុនាមក អ្នកស្រីក៏បានលើកឡើងថា របាយការណ៍អំពីការបង្ក្រាបដោយអាជ្ញាធរមូលដ្ឋានលើការរាយការណ៍ពីវិបត្តិជំងឺនេះ ក៏បានកើនឡើងដូចគ្នាផងដែរ។
សម្រាប់តួនាទីរបស់ខ្លួន វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ និងគណៈកម្មការការពារអ្នកសារព័ត៌មាន នៅតែកំណត់ឃើញមានការរំលោភបំពានសេរីភាពសារព័ត៌មានច្រើនជាងគេនៅអាស៊ី ហើយប្រទេសឥណ្ឌា មានការរំលោភបំពានច្រើនជាងគេក្នុងទ្វីបនេះ។ ឥឡូវនេះ ប្រទេសឥណ្ឌាមានចំនួនអ្នកកើតជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញប្រចាំថ្ងៃច្រើនជាងគេបង្អស់នៅលើពិភពលោក និងករណីឆ្លងសរុបមានចំនួនច្រើនជាងគេបំផុតទី ២ នៅពីក្រោយតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។
អ្នកសារព័ត៌មាននៅប្រទេសឥណ្ឌាត្រូវរងការវាយដំដោយប៉ូលិស ចំពោះការបំពានការរឹតត្បិតលើការធ្វើដំណើរក្នុងសង្គមជាទូទៅ ទោះបីជាច្បាប់បានលើកលែងចំពោះអ្នកសារព័ត៌មាន និងសូម្បីតែអ្នកសារព័ត៌មានបង្ហាញប័ណ្ណសារព័ត៌មានរបស់ខ្លួនក៏ដោយ។ អ្នកសារព័ត៌មានដទៃទៀតត្រូវរងការប្តឹងផ្តល់ពីបទចុះផ្សាយនូវរបាយការណ៍បំភ្លៃការពិត ពាក់ព័ន្ធនឹងការរាតត្បាតជំងឺកូវីដ១៩ និងការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាល។
នៅពាក់កណ្តាលខែមិថុនា ប៉ូលិសនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋលើអ្នកស្រី Supriya Sharma និពន្ធនាយកប្រតិបត្តិនៃគេហទំព័រសារព័ត៌មានScroll.in ពីការរាយការណ៍ពី «ភូមិគំរូ» ដែលត្រូវបានដាក់ក្រោមការទំនុកបម្រុងរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលនៅទីនោះអ្នកភូមិប្រឈមមុខនឹងភាពអត់ឃ្លាន ក្រោមការបិទសកម្មភាពសេដ្ឋកិច្ច។ អ្នកស្រី Sharma ជាប់ចោទក្នុងបទចោទប្រកាន់ចំនួនបួន ដែលបទចោទប្រកាន់ធ្ងន់ជាងគេ ក្នុងចំណោមនោះអាចធ្វើឲ្យអ្នកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។
ពាក្យបណ្តឹងបានអះអាងថា អ្នកស្រីបានលើកឡើងខុសពីសម្តីរបស់អ្នកភូមិម្នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយគេហទំព័រសារព័ត៌មាន Scroll.in បាននិយាយថា ខ្លួនរក្សាជំហរការពាររឿងរបស់ខ្លួននិងបានហៅការស៊ើបអង្កេតលើអ្នកស្រី Sharma ថាជា «ការប៉ុនប៉ងគំរាម និងបំបិទសំឡេងសារព័ត៌មានឯករាជ្យ ដែលរាយការណ៍ពីស្ថានភាពក្រុមជនទន់ខ្សោយ អំឡុងពេលមានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចពេលមានកូវីដ១៩។
ក្រៅពីចាប់ខ្លួន និងការប្តឹងផ្តល់ រដ្ឋាភិបាលលោក Modi ក៏បានព្យាយាមបញ្ចុះបញ្ចូលតុលាការកំពូលឲ្យបញ្ជាឲ្យបណ្តាញផ្សព្វផ្សាយយករបាយការណ៍ព័ត៌មាននានា ពាក់ព័ន្ធនឹងការរាតត្បាតជំងឺកូវីដ១៩ មកពិភាក្សាជាមួយនឹងរដ្ឋាភិបាលជាមុនសិន មុននឹងចុះផ្សាយ។ បើទោះបីតុលាការបដិសេធនូវសំណើនេះក៏ដោយ អ្នកស្រី Sharma បាននិយាយថា ការប៉ុនប៉ងធ្វើដូចនេះបានបង្ហាញ ជាសារដ៏គ្រោះថ្នាក់និងមានអំណាចដល់អាជ្ញាធរក្នុងតំបន់ដែរ។
អ្នកស្រី Sharma បានប្រាប់ VOA ថា៖ «នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលស្វះស្វែងបង្ក្រាបលើការរាយការណ៍ដោយឯករាជ្យ បន្ទាប់មកអាជ្ញាធរមូលដ្ឋានមានការជំរុញចិត្តបំបិទសំឡេងអ្នកសារព័ត៌មានណាដែលរាយការណ៍ ដើម្បីស្វែងរកទំនួលខុសត្រូវសាធារណៈ ដែលការណ៍នេះប្រហែលអាចពន្យល់ពីហេតុផលដែលយើងឃើញមានករណីជាច្រើន ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលភាគច្រើននៃពួកគេត្រូវបានចាប់ខ្លួន ឬផាកពិន័យ ដោយសារតែរបាយការណ៍របស់ពួកគេពាក់ព័ន្ធការរាតត្បាតជំងឺកូវីដ ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ច»។
ការចាញ់ក្តីដើម្បីអនុម័តសំណើរបស់រដ្ឋាភិបាលឥណ្ឌានៅតុលាការកំពូល មិនបានបញ្ឈប់សកម្មភាពខាងលើបាននោះទេ។
ការកេងចំណេញពីការចោទប្រកាន់ថា ព័ត៌មានក្លែងក្លាយ
អ្នកស្រី Aliya Iftikhar អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកកម្មវិធីអាស៊ីនៅគណៈកម្មាការការពារអ្នកសារព័ត៌មានបាននិយាយថា រដ្ឋាភិបាលបានពង្រីកអំណាចរបស់ខ្លួនតាមច្បាប់ដែលមាន និងបានប្រើអំណាចទាំងនោះ ដើម្បីចាត់គោលដៅទៅលើអ្នកសារព័ត៌មានណា ដែលហ៊ានរាយការណ៍ដោយរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាលទៅលើវិបត្តិជំងឺកូវីដ១៩។
អ្នកស្រីបាននិយាយថា៖ «ខណៈដែលសេរីភាពសារព័ត៌មាននៅតែរងការគំរាមកំហែងនៅក្នុងប្រទេសឥណ្ឌានៅឡើយនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ដោយកម្រោលជាឱកាសមួយ ដើម្បីបង្ក្រាបទៅលើការរាយការណ៍ដែលមានចរិតលក្ខណៈរិះគន់»។
អ្នកស្រី Iftikhar បានបន្ថែមថា ឥរិយាបទបែបនេះគួបផ្សំនឹងទំហំប្រទេសដ៏ធំ ចំនួនប្រជាជនដ៏ច្រើន និងករណីឆ្លងជំងឺកូវីដ១៩ ដ៏សម្បើមផង ទាំងអស់នេះបានរួមចំណែកទៅក្នុងការរំលោភបំពានសេរីភាពសារព័ត៌មានពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩។
ក្រុមគាំពារសិទ្ធិសេរីភាពសារព័ត៌មាននិយាយថា ការអះអាងរបស់រដ្ឋាភិបាលដែលថា ការធ្វើដូចនេះគឺដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ទោះបីជាព័ត៌មានក្លែងក្លាយជាបញ្ហាពិតប្រាកដក៏ដោយ គឺគ្រាន់តែជាការកេងចំណេញយកជាប្រយោជន៍ផ្ទាល់ខ្លួនជាជាងការពិត ហើយកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលភាគច្រើនគឺផ្ទុយពីការបង្ក្រាបព័ត៌មានក្លែងក្លាយទៅវិញទេ។
លោក Prasad នៃវិទ្យាស្ថានសារព័ត៌មានអន្តរជាតិបាននិយាយថា៖ «ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើសពីការពិតបានរីកសាយភាយ នៅពេលដែលមានកង្វះព័ត៌មានត្រឹមត្រូវ និងពិតប្រាកដតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ។ រដ្ឋាភិបាលគួរតែធ្វើការឲ្យជិតដិតជាមួយនឹងបណ្តាញផ្សព្វផ្សាយដើម្បីផ្តល់ជាទិដ្ឋភាពច្បាស់លាស់មួយពីអ្វី ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេស ជាជាងធ្វើការបង្ក្រាប និងផ្តល់ឱកាសដល់ព័ត៌មានក្លែងក្លាយឲ្យរីកដុះដាល»៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា