ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​កាសែត​អាស៊ីសេរី សុំ​ឲ្យ​តុលាការ​កំពូល​​បញ្ឈប់​កិច្ចស៊ើបសួរ​ក្នុង​សំណុំ​រឿង​ចារកម្ម


រូបផ្គុំ៖ លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) ក្នុងពេលដែល​ពួកគេ​ថ្លែង​ជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបផ្គុំ៖ លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) ក្នុងពេលដែល​ពួកគេ​ថ្លែង​ជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុអាស៊ីសេរី​ពីរ​រូប​ គឺ​លោក ​យាង សុធារិន្ទ ​ហៅ​យាង សុជាមេត្តា​ ​និង​លោក អ៊ួន​ឈិន បាន​ទាមទារ​ឲ្យ​ចៅក្រម​នៃ​តុលាការ​កំពូល​បញ្ឈប់​ដំណើរការ​ស៊ើប​អង្កេត​សំណុំរឿង​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ពួកគេ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស ដោយ​ពួកគេ​លើកឡើង​ថា ​ការ​បន្ត​ស៊ើបអង្កេត​ នឹង​ប៉ះពាល់​សិទ្ធិសេរីភាព​ និង​ខាត​ពេល​វេលា​របស់​ពួកគេ​ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ ខណៈ​សំណុំ​រឿង​នេះ បាន​អូសបន្លាយ​ពេល​មក​ជិត​បី​ឆ្នាំ​មក​ហើយ។

ការ​ទាមទារ​នេះ​ ធ្វើឡើង​ បន្ទាប់​ពីពួក​គេ បានបង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ស្តាប់​ការជំនុំជម្រះ​បណ្តឹង​សារទុក្ខ ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​ចេញ​«សាល​ដីកា​ចាត់​របៀប»​ ឲ្យ​បន្ត​កិច្ច​ស៊ើបសួរ​ ដែល​មិន​កំណត់​រយៈពេល​ជាក់​លាក់។

លោក ​យាង សុធារិន្ទ ​អតីត​ការី​និពន្ធ​របស់​វិទ្យុអាស៊ី​សេរី​ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ បន្ទាប់ពី​ចាក​ចេញ​ពី​បន្ទប់​សវនាការ​ថាតុលាការ​គួរ​បញ្ឈប់​កិច្ចស៊ើបសួរ តាមនីតិវិធី​ចាត់​របៀបនេះ​ ព្រោះ​លោក​មិន​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ក្រៅ​ប្រទេស​ដែល​បង្ក​ឲ្យ​សន្តិ​សុខ​ជាតិ​ស្ថិត​ក្នុង​ស្ថានភាពគ្រោះ​ថ្នាក់​នោះ​ទេ។

«សំខាន់​មួយទៀត​ហ្នឹង គឺ​ពួកខ្ញុំ​វា​បាត់​បង់​សេរីភាព​ ហើយ​និយាយ​រួម​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ដើរ​ហើរ​របស់​ពួក​ខ្ញុំ​ ត្រូវ​បាន​រំលោភបំពាន​ទាំង​ស្រុង​នៅ​ពេល​នេះ​ គឺ​ខ្ញុំ​អត់​មាន​សេរីភាព​អី​ទាំង​អស់​ ហើយ​តុលាការ​ក៏​បាន​បញ្ជាក់​ថា​ការ​ស៊ើបអង្កេត​ហ្នឹង​ នៅពេល​ណា​ដែល​ត្រូវ​បាន​បិទបញ្ចប់​ឲ្យ​បាន​ពិតប្រាកដ​ដែរ»។

លោក​បន្ថែមថា​ មន្ត្រី​តុលាការ​បាន​ប្រើ​ពេល​ច្រើន​ហួស​ហេតុ​ទៅ​ហើយ​សម្រាប់​កិច្ចស៊ើបសួរ ហើយ​ឧបករណ៍ប្រើ​ប្រាស់​សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹបអូស​ពី​បន្ទប់​ស្ទូឌីយោ​របស់​សហការី​លោក​គឺលោក ​អ៊ួន ឈិន នោះ​ ក៏​វា​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា ​សហការី​លោក និងរូ​បលោក​ផ្ទាល់​ពិត​ជា​មាន​កំហុស ​ឬ​យ៉ាងណា​នោះ។

លោក អ៊ួន ឈិន ​អាយុ​៤៨​ឆ្នាំ​ អតីត​អ្នក​ថតវីដេអូនិយាយ​ថា ប្រសិនបើ​តុលាការ​កំពូល​ បន្ត​រក្សា​សាលដីកា​ចាត់​របៀប​របស់​សាលាឧទ្ធរណ៍​នោះ​ វា​នឹង​ក្លាយ​ជា​ការ​រំខាន​មួយ​ដល់​ការ​រស់​នៅ​ប្រចាំ​របស់​លោក។

«ការ​ចេញ​សាល​ក្រម​របៀប​ ហើយ​បន្ត​នីតិវិធី​ហ្នឹង​ ធ្វើ​ឲ្យ​ពួក​យើង​ហ្នឹង​កាន់​តែ​រវល់​ជាប់ហើយ​នឹង​គ្មាន​ព្រំដែន​កំណត់​ថា​ យើង​នឹង​មាន​សេរីភាពពេញលេញ​នៅ​ពេល​ណាមួយ»។ ​

លោក​ អំ សំអាត​ ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​ដែលមាន​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​ផង​នោះ​ ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​របង​តុលាការ​កំពូល​ថា​ រឿង​ក្តី​របស់​អ្នកកាសែត​ទាំងពីរ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោ​បាយ។ លោក​ថា​ បើ​សិន​តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ក្រម​ចាត់​របៀប​របស់​សាលាឧទ្ធរណ៍​នោះ ​អ្នក​ទាំង​ពីរ​នឹង​រឹតតែ​ពិបាក​ទទួល​បាន​ការ​កាត់​ក្តី។

សាល​ដីកា​ចាត់​របៀប​សំដៅទៅលើ​ការ​ស៊ើប​បំពេញ​កិច្ចបន្ថែម​ទៅ​ក្នុង​ចំណុច​ខ្វះខាត​ផ្សេងៗ​ ក្រោយការ​បើក​សវនាការ​ជំនុំជម្រះ​មួយ​ ដែល​ធ្វើ​ឲ្យតុលាការ​មិន​អាច​ចេញ​សាលក្រម​សម្រេច​ចុង​ក្រោយ ​ហើយ​ចៅក្រម​ណា​មួយ​ដែល​បាន​ចាត់តាំង​ឲ្យ​កាន់​សំណុំរឿង​ ​ត្រូវ​បន្ត​កិច្ច​ស៊ើប​សួរ​បន្ថែម​ទៅ​តាម​ចំណុច​ដែល​ត្រូវ​ស៊ើប​សួរ​ និង​ចង្អុល​បង្ហាញ​ដោយ​សាលដីកា​ចាត់​របៀប​នោះ។

នៅ​ក្នុង​សាល​សវនាការ​ លោក​មេធាវី​ សំ ចំរើន ដែល​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​កាសែត​របស់​វិទ្យុអាសេរី​ទាំង​ពីរ​នេះ​ បាន​ជជែក​ដេញ​ដោល​គ្នា​ជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​គឺ​លោក​ចៅក្រម និល ណុន ពាក់​ព័ន្ធ​នឹង​នីតិវិធី​ចាត់​របៀប​នេះ។

លោក​ សំ ចំរើន យល់ថា​ បើ​តុលាការ​បន្ត​ឲ្យ​មាន​នីតិវិធី​ចាត់​របៀប​នឹង​បន្ថែម​ទៀត​នោះ​ «គោលការណ៍​សន្មត់​ភាព​គ្មាន​ទោស​គឺ​ត្រូវ​រុះរោយ» បន្ទាប់ពី​លោក​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ គ្មាន​ធាតុផ្សំ​ដែល​ថា​កូន​ក្តី​លោក​ទាំងពីរ​បាន​ប្រព្រឹត្ត​បទល្មើស​ទេ​ គិតចាប់តាំង​ពី​ចាប់​ឃុំ​ខ្លួន​កូន​ក្តី​លោក។

លោក និល ណុន បាន​ប្រាប់​លោក​សំ ចំរើន​ថា៖«​ខ្ញុំមិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​គោលនយោបាយ​ច្បាប់​នៅ​ទី​នេះ​ទេ»។ លោក ​និល ណុន​ អះអាង​ថា តុលាការ​កំពូល​ក៏​ធ្លាប់​ឲ្យ​មាន​នីតិវិធី​ចាត់​របៀប​នេះញឹកញាប់​ដែរ ព្រោះ​ច្បាប់​អត់​ហាម។ លោក​បន្ថែម​ថា៖ «សំខាន់​គោលបំណង​រក​ការណ៍​ពិត​ឲ្យ​ឃើញ»។ ​

ក្នុង​ការ​បិទ​បញ្ចប់​សវនាការលោក និល ណុន​ ប្រកាស​ថា​តុលាការ​កំពូល​នឹង​ចេញ​សេចក្តី​សម្រេច​លើ​បណ្តឹង​សាទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ ខាង​មុខ​នេះ។

អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​និង​ឃុំ​ខ្លួនកាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​ ក្រោយ​មក តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ​គឺ​ពី​បទ​«ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»​និង​បទ«ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារអស់​រយៈពេល​ជិត​ដប់​ខែ៕

XS
SM
MD
LG