ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ភេរវកម្ម​ធ្វើឱ្យ​មនុស្ស​រហូត​ដល់ ៥៩ លាន​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង


រូបឯកសារ៖ អ្នក​លក់​ទំនិញ​ចូលរួម​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​មុខ​ទំនិញ​មួយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គ្រោះ​អន្តរជាតិ​នានា ដើម្បី​ព្យាយាម​ស្ដារ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្រុង Komanda ខេត្ត Ituri កាល​ពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ២០១៦។

របាយការណ៍​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ Brown ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី ៨ ខែ​កញ្ញា បាន​បញ្ជាក់​ថា សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​លើ​ពិភពលោក​បាន​ធ្វើ​ឱ្យ​មនុស្ស​រហូត​ដល់ ៥៩ លាន​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ចាប់តាំង​ពី​ឆ្នាំ ២០០១ មក។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ «កម្មវិធី​ផល​វិបាក​នៃ​សង្គ្រាម» របស់​សាកលវិទ្យាល័យ Brown នៅ​ក្នុង​រដ្ឋ Rhode Island។ របាយការណ៍​ស្រាវជ្រាវ​នេះ​មាន​ចំណងជើង​ថា៖ «ការ​បង្កើត​ជន​ភៀសខ្លួន៖ ការ​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ដោយសារ​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១១ កញ្ញា ២០០១ (Creating Refugees: Displacement Caused by the United States Post-9/11 Wars)»។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា មនុស្ស​រវាង​ពី ៣៧ លាន ទៅ ៥៩ លាន​នាក់​ក្នុង​ប្រទេស​ចំនួន ៨ ក្នុង​ទ្វីប​អាហ្វ្រិក ទ្វីប​អាស៊ី និង​ភូមិភាគ​មជ្ឈិម​បូព៌ា «បាន​គេច​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​ក្នុង​សង្គ្រាម​ឃោរឃៅ​បំផុត​ចំនួន ៨ ដែល​កង​យោធា​សហរដ្ឋ​អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ ឬ​បាន​ចូល​ប្រឡូក​ចាប់តាំង​ពី​ឆ្នាំ ២០០១ មក» ដែល​ជា​ពេល​ដែល​ពួក​ភេរវជន al-Qaida បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក។

តួលេខ​នៅ​ក្នុង​របាយការណ៍​នេះ​បាន​បង្ហាញ​ថា ចំនួន​មនុស្ស​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​បាន​កើនឡើង​ខ្លាំង​ពី​ចំនួន ២១ លាន​នាក់​កាល​ពី​ឆ្នាំ ២០១៩។

ភាគ​ច្រើន​នៃ​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​ទាំង​នេះ មក​ពី​ប្រទេស​អ៊ីរ៉ាក់ ដោយ​មាន​ចំនួន​យ៉ាង​តិច ៩ លាន ២ សែន​នាក់។ ប្រទេស​ស៊ីរី​មាន​ចំនួន​ជន​ខ្ចាត់ព្រាត់​ច្រើន​លំដាប់​ទី​ពីរ​ដោយ​មាន​យ៉ាង​ហោច​ណាស់ ៧ លាន ១ សែន​នាក់។ ប្រទេស​អាហ្វហ្គានីស្ថាន​មាន​លំដាប់​ទី​បី ដោយ​មាន​ចំនួន​យ៉ាង​តិច ៥ លាន ៣ សែន​នាក់។

អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា ការ​ប៉ាន់​ប្រមាណ​នេះ​បាន​មកពី​ការ​រាប់​ចំនួន​ជន​ភៀសខ្លួន ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ដើម្បី​ឱ្យ​មាន​ការ​ការពារ​ជា​ជន​ភៀសខ្លួន និង​ជន​ខ្ចាត់ព្រាត់​ក្នុង​ប្រទេស នៅ​ក្នុង​ប្រទេស​ចំនួន ៨ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដោត​ខ្លាំង​បំផុត​នៅ​ក្នុង​សង្គ្រាម​ក្រោយ​ ព្រឹត្តិការណ៍​ថ្ងៃ​ទី ១១ កញ្ញា ២០០១។ ប្រទេស​ទាំង ៨ នោះ​គឺ​ប្រទេស​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ប៉ាគីស្ថាន យេមែន សូម៉ាលី ហ្វីលីពីន លីប៊ី និង​ស៊ីរី។

របាយការណ៍​នេះ​បាន​លើកឡើង​ថា ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​ចំនួន ៣៧ លាន​នាក់ «ស្ទើរ​ស្មើ​នឹង​ចំនួន​ប្រជារាស្ត្រ​ក្នុង​ប្រទេស​កាណាដា» ហើយ «មាន​ច្រើន​ជាង​ជន​ខ្ចាត់ព្រាត់​ពីផ្ទះ​សម្បែង​ដោយ​សង្គ្រាម​ណា​មួយ ឬ​ក៏​គ្រោះ​មហន្តរាយ​ណាមួយ ចាប់តាំង​ពី​យ៉ាងហោចណាស់​ដើម​សតវត្ស​ទី ២០ មក លើកលែងតែ​ករណី​សង្គ្រាម​លោក​លើក​ទី​ពីរ​តែ​ប៉ុណ្ណោះ»។

អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​កត់​សម្គាល់​ថា៖ «យើង​មិន​បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ឬ​សហរដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​គត់​ចំពោះ​ការ​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​ទាំង​នេះ​នោះ​ទេ។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ទាំង​នេះ​មិនមែន​ជា​ការ​ងាយស្រួល​ទេ គឺ​វា​តែង​ជាប់​ទាក់ទិន​ជាមួយ​នឹង​ក្រុម​យុទ្ធជន​ច្រើន​ក្រុម​និង​តួអង្គ​មាន​ឥទ្ធិពល​ផ្សេង​ទៀត ប្រវត្តិសាស្ត្រ​រាប់​សតវត្ស និង​កម្លាំង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ»។

សេចក្តីរាយការណ៍​នេះ​បាន​កត់សម្គាល់​ផង​ដែរ​ថា៖ «ទោះបីជា​ក្នុង​ករណី​ងាយៗ​បំផុត​ក៏ដោយ ក៏​ស្ថានភាព​ដែល​មាន​ស្រាប់​នៃ​ភាព​ទីទាល់​ក្រ ការ​ប្រែប្រួល​ខាង​បរិស្ថាន សង្គ្រាម​កាល​ពី​មុន និង​ទម្រង់​ផ្សេង​ទៀត​នៃ​អំពើ​ហិង្សា គឺ​ជា​កត្តា​កំណត់​ដែល​ថា​នរណា​ជា​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង ហើយ​នរណា​មិន​មែន​ជា​ជន​បែបនេះ»។

ការ​សិក្សា​ស្រាវជ្រាវ​បែប​នេះ​មិន​រួម​បញ្ចូល «មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​ដោយសារ​សង្គ្រាម​ផ្សេង​ទៀត​នៅ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១១ កញ្ញា ២០០១ នោះ​ទេ ដែល​នៅ​ក្នុង​សង្គ្រាម​ទាំង​នោះ កង​កម្លាំង​សហរដ្ឋ​អាមេរិក​បាន​ប្រឡូក​នៅ​ក្នុង​សកម្មភាព «ប្រឆាំង​ភេរវកម្ម» នៅ​ក្នុង​វិធី​ដែល​មាន​កម្រិត​ប៉ុន្តែ​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់។

សង្គ្រាម​ផ្សេង​ទៀត​ទាំង​នោះ​មាន​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ ប្រទេស​កាមេរ៉ូន សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ប្រទេស​ឆាដ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប្រទេស​ម៉ាលី ប្រទេស​នីហ្សេ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​ទុយនេស៊ី៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG