ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុបិន្ត​អាក្រក់​បាន​បញ្ចប់​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ជាប់​លើ​សមុទ្រ


ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាសម្រាកនៅ Lhokseumawe ខេត្ត Aceh ប្រទេស​ឥណ្ឌូណេស៊ីកាលពីថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០២០។

ជនភៀស​ខ្លួន​បាន​រៀបរាប់ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ពី​ឥណ្ឌូណេស៊ី​បាន​អនុញាត​ឲ្យ​ពួកគេ​ចុះ​ចត បន្ទាប់​ពី​ដំណើរ​​រសាត់អណ្តែត​តាម​សមុទ្រជាង​៧ខែ។​

ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ កំពុង​ផ្តល់ជំនួយ​ផ្នែកវេជ្ជសាស្ត្រ​និង​ជំនួយ​ផ្សេងៗទៀត​ដល់​ក្រុម​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជិត​៣០០នាក់ ដែល​ត្រូវបាន​អនុញាតឲ្យ​ចូល​ចត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​ត្រូវបាន​ជាប់​នៅ​លើ​សមុទ្រ​អស់​រយៈ​ពេល​ជាង​៧ខែ។

របាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា​៣៣០នាក់ បាន​ចេញ​ដំណើរ​តាមផ្លូវ​ទឹក​ពី​តំបន់ Cox’s Bazar នៃ​ប្រទេស​បង់ក្លាដែស​កាលពី​ដើម​ឆ្នាំ​នេះ។ ដំណើរ​របស់​ពួកគេ​នៅ​ទីបំផុត​បាន​បញ្ចប់​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា បន្ទាប់ពី​នៅ​រស់រាន​មាន​ជីវិត​ក្រោយពី​ដំណើរ​តាម​សមុទ្រ​ដែល​មាន​រយៈពេល​ជាង​៧ខែ។

ជនភៀស​ខ្លួន​ភាគច្រើន ជា​ស្ត្រី​និង​កុមារ។ បន្ទាប់ពី​បានចុះ​ចត​នៅ​ភាគខាងជើង ខេត្ត Aceh នៃ​ប្រទេស​ឥណ្ឌូណេស៊ី ពួកគេ​បាន​ប្រាប់​បុគ្គលិក​ជំនួយ​ថា​មាន​អ្នក​ដំណើរ​ជាង​៣០នាក់ បាន​បាត់​បង់​ជីវិត​នៅក្នុង​ពេល​ធ្វើដំណើរ​នោះ។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួនបាន​រាយការណ៍​ថា​ជន​ភៀស​ខ្លួន​បាន​រៀបរាប់​ពី​ស្ថានភាព​ដ៏​អស់​សង្ឃឹម​នៅពេល​ពួកគេ​នៅ​លើ​នាវា និង​ការរង​ទារុណកម្មផ្លូវចិត្ត​ដោយសារតែ​មិន​ដឹង​ថា តើ​ពេលណា​ពួកគេ នឹង​ត្រូវបាន​សង្គ្រោះ ឬ​ថាតើ​ពួកគេ​នឹង​ត្រូវបាន​សង្គ្រោះ​ដែរ​ឬ​យ៉ាងណា។

អ្នក​នាំពាក្យ​នៃ​ទីភ្នាក់ងារ UNHCR លោក Babar Baloch បាន​ប្រាប់​វីអូអេ​ថា ជនភៀសខ្លួន បាន​ពណ៌នា​ប្រាប់​អំពី​ការប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ។

«រយៈពេល​៧ខែ​នោះ​ពិត​ជាគួរ​ឲ្យ​បារម្ភណាស់។ ជនភៀស​ខ្លួន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម ត្រូវបាន​រសាត់អណ្តែត​លើ​សមុទ្រ​ដោយ​មិន​មាន​កំពង់​ផែ ឬ ដីគោក​សុវត្ថិភាព​អាច​ចូលចត​បាន។ ជនភៀស​ខ្លួន​បាន​ប្រាប់​បុគ្គលិក​របស់​ទីភ្នាក់ងារ UNHCR ថា ពួកគេ​បាន​ចាក​ចេញ​ពីប្រទេស​បង់ក្លាដែស​កាលពី​ដើម​ខែ​កុម្ភៈ​នៃ​ឆ្នាំនេះ ហើយ​បាន​ព្យាយាម​ចូល​ចត​ក្នុង​ប្រទេស​ផ្សេងៗ​ជាច្រើន​សារ​តែ​មិន​បាន​សម្រេច​ទេ»។

លោក​Baloch និយាយ​ទៀត​ថា​ ទីភ្នាក់ងារ UNHCR មិន​ទាន់​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​របស់​ជនភៀស​ខ្លួន​បាន​នៅ​ឡើយ​ទេ ហើយ​ឥឡូវនេះ កំពុង​បន្ត​ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត។

«ទីភ្នាក់ងារ UNHCR មាន​ព័ត៌មាន​អំពី​ការមកដល់​របស់​ជនភៀស​ខ្លួន ហើយ​កំពុង​សម្ភាស​ពួកគេ​ដោយ​មាន​ជំនួយការ​បកប្រែ ទៅ​តាម​តម្រូវការ។ នៅ​ក្នុង​ដំណាក់​កាល​នេះ អាទិភាព​ចម្បង​របស់​យើង គឺ​សុវត្ថិភាព​និង​សុខភាព​របស់​ពួកគេ​ដែល​មាន​ស្ត្រី​និង​កុមារ​ងាយ​រងគ្រោះ​ជាច្រើន»។

បុគ្គលិក​នៃ​ទីភ្នាក់ងារ UNHCR និង​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ​(IOM) កំពុង​ជួយ​អាជ្ញាធរ​ក្នុង​ខេត្ត Aceh ដើម្បី​វាយតម្លៃ​អំពី​តម្រូវការ​របស់​ជនភៀសខ្លួន។ ពួកគេ​កំពុង​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​១៩ ចំពោះ​អ្នក​មកដល់​ទាំង​អស់តាម​ការទាមទារ​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី។

ទីភ្នាក់ងារ​នានា​និយាយ​ថា​ពួកគេ​ក៏​កំពុង​ផ្តល់​ការ​សង្គ្រោះ​បឋម ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងៗ ការ​ថែទាំ​ផ្លូវចិត្ត ផ្តល់​ទីជម្រក ទឹក និង​តម្រូវការ​ចាំបាច់​ផ្សេង​ទៀត​ផងដែរ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG