ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ ជំងឺកូវីដ១៩ បណ្ដាល​ឲ្យ​ការ​ធ្វើដំណើរ​អន្តរជាតិ​ធ្លាក់ចុះ ៦៥%


រូបឯកសារ៖ អ្នកដំណើរពាក់ម៉ាសការពារជំងឺកូវីដ១៩ ចុះពីលើយន្តហោះមួយនៅប្រលានយន្តហោះ Murtala Mohammed ក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកដំណើរពាក់ម៉ាសការពារជំងឺកូវីដ១៩ ចុះពីលើយន្តហោះមួយនៅប្រលានយន្តហោះ Murtala Mohammed ក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

អង្គការ​ទេសចរណ៍​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ (UNWTO) បាន​ចេញ​របាយការណ៍​ថ្មី​មួយ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​អំពី​ប៉ារ៉ាម៉ែត្រ​ទេសចរណ៍​ពិភពលោក ដែល​រាយការណ៍​ថា ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​បណ្ដាល​ឲ្យ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ធ្លាក់ចុះ ៦៥% ក្នុង​អំឡុង​ពាក់​កណ្ដាល​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ។

យោង​តាម​អង្គការ​នេះ ការ​ធ្លាក់ចុះ​នៃ​ការ​ធ្វើដំណើរ​អន្តរជាតិ​ចាប់​ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ​នេះ បណ្ដាល​ឲ្យ​បាត់បង់​ថវិកា​ប្រមាណ ៤៦០ ពាន់​លាន​ដុល្លារ​នៃ​ប្រាក់​ចំណូល​នាំ​ចេញ​ដែល​បាន​មកពី​វិស័យ​ទេសចរណ៍។

ការធ្លាក់​ចុះ​នេះ​គឺ​មាន​ទំហំ ៥ ដង​ច្រើន​ជាង​ការ​បាត់បង់​ប្រាក់​ចំណូល​ដែល​បាន​មកពី​ការ​ធ្វើដំណើរ​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០០៩ ដែល​នៅ​ពេល​នោះ​ពិភពលោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច។

អង្គការ UNWTO បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា តាម​ការ​ប៉ាន់ស្មាន វា​នឹង​ត្រូវការ​ពេល​ពី ២ ទៅ ៤ ឆ្នាំ ដើម្បី​ស្ដារ​ប្រាក់​ចំណូល​ដែល​បាន​មកពី​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ដូច​កម្រិត​កាល​ពី​ឆ្នាំ ២០១៩ វិញ។

របាយការណ៍​នេះ​បង្ហាញ​ថា ទ្វីប​អាស៊ី​និង​តំបន់​ប៉ាស៊ីហ្វិក​ជា​តំបន់​ដំបូង​គេ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​តំបន់​នេះ​ទាំងមូល​មាន​ចំនួន​អ្នក​ទេសចរ​ធ្លាក់ចុះ ៧២% ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ។

ចំណែក​ឯ​ទ្វីប​អឺរ៉ុប​វិញ​ជា​តំបន់​ទី ២ ដែល​រង​ផល​ប៉ះពាល់ ដោយ​មាន​ចំនួន​អ្នក​ទេសចរ​ធ្លាក់ចុះ ៦៦% ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ។ ទ្វីប​អាមេរិក ទ្វីប​អាហ្វ្រិក និង​តំបន់​មជ្ឈិមបូព៌ា​ក៏​មាន​អត្រា​អ្នក​ទេសចរ​ធ្លាក់ចុះ​ប្រហាក់ប្រហែល​នេះ​ដែរ៕

XS
SM
MD
LG