ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន​ចិន​ភ័យ​ខ្លាច​ពេល​ប្រទេស​ថៃ​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ចិន


រូបឯកសារ៖ ក្រុមអ្នកប្រឆាំងចិន ដែលសុំមិនបញ្ចេញឈ្មោះ និយាយក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្នុងក្រុងបាងកក កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុមអ្នកប្រឆាំងចិន ដែលសុំមិនបញ្ចេញឈ្មោះ និយាយក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្នុងក្រុងបាងកក កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។

ពួក​អ្នក​ប្រឆាំង​និង​សកម្មជន​ចិន​ជាច្រើន​នាក់​ដែលបានរត់​គេចខ្លួន​ចេញពី​ការធ្វើ​ទុក្ខបុក​ម្នេញ​ក្នុងប្រទេស​ចិនមក​កាន់​ប្រទេស​ថៃ​បាន​រង​ការ​តាម​ចាប់ខ្លួន​ពីពួកចារកម្ម​ចិន​នៅ​ក្នុង​ប្រទេសថៃ។ ទោះបី​ពួកគេ​ខ្លះបាន​ទទួល​ឋានៈភាព​ជា​ជនភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ក៏ដោយ ក៏ពួកគេ​នៅ​តែមាន​ការភ័យ​ខ្លាចពី​ការតាម​ចាប់ខ្លួន​ដោយពួក​ចារកម្មចិន​ដែរ ។

ពួក​អ្នក​ប្រឆាំង​ចិន​ដែលរត់គេច​ខ្លួនទៅ​បរទេស​បានប្រើ​ប្រាស់​ប្រទេស​ថៃជា​យូរយា​ណាស់​មកហើយ​ជាផ្លូវ​សម្រាប់​គេចចេញ​ពី​ការ​សង្កត់​សង្កិន​នៅ​ឯ​មាតុភូមិ​របស់​ខ្លួន។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ រដ្ឋាភិបាល​ថៃ បានធ្វើ​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ការខំប្រឹងប្រែង​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​តាម​ចាប់​ពួកអ្នក​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស​ដែល​ជា​ការ​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​ក្នុងភាព​មាន​គ្រោះថ្នាក់។

ករណី​មួយ​ចំនួន​បាន​បង្ហាញ​ពីវិធី​ដែល​ប៉ូលិស​ចិនកំពុង​ធ្វើការ​តាមរយៈ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់ថៃ​ ឬ​ថែម​ទាំង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដោយ​ខ្លួនឯង​ ដើម្បី​ព្យាយាម​ចាប់​ពួក​អ្នក​ប្រឆាំង​ដែល​រត់គេច​ខ្លួន​ហើយ​នាំ​ពួកអ្នក​ប្រឆាំង​ទាំង​នោះ​មកកាន់​ប្រទេស​ចិន​វិញ។​

លោក Jian Xing បាន​គេចខ្លួន​ទៅកាន់​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​ស្ម័គ្រចិត្ត​ធ្វើការ​ឲ្យ​វេបសាតមួយ​ដែល​គាំ​ទ្រ​សិទ្ធិ​ពលរដ្ឋ​ចិន​ ហើយ​បាន​និយាយ​អំពី​អំពើ​ពុករលួយ​ក្នុង​រដ្ឋ​អំណាច​មូលដ្ឋាន។

លោកបាន​ប្រាប់​ VOA ថា មុនពេល​លោក​បាន​ទទួល​បាន​សិទ្ធិ​ដើម្បីផ្លាស់​ទី​លំនៅ​ទៅកាន់​ប្រទេសណូវែល​ហ្សេឡង់នៅ​ឆ្នាំ ២០១៩ មន្ត្រី​ប៉ូលិស​៤នាក់​ បាន​ទៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ប្រទេស​ថៃហើយ​បាន​រឹបអូស​យក​របស់​របរ​របស់​លោក​ដោយ​មិន​មាន​ដីការ​ឆែកឆេរ។

លោក Xing បាននិយាយ​ទៀត​ថា «ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​អាច​សម្លាប់​ខ្ញុំនៅ​ប្រទេស​ថៃ​ហើយ​ថែម​ទាំង​គ្មាន​នរណា​ដឹងទៀត​ផង»។

លោក Yong Hua ជា​វិចិត្រករ​ដែល​និរទេស​ខ្លួន​ បាន​រត់គេចខ្លួន​ទៅកាន់ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន​តាមដាន ចាប់ខ្លួន​និង​បញ្ជូន​ទៅកាន់​ជំរំដោយ​ពួក​អាជ្ញាធរ​ចិន ពីព្រោះតែលោក​បាន​និយាយ​ថា លោក​បាន​គាំទ្រ​ការតវ៉ា​ប្រឆាំង​នឹងអ្វី​ដែល​រដ្ឋាភិបាល​ចិនបាន​ធ្វើ​មក​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​មកហើយ។ លោក​បាន​នឹកឃើញ​ឡើង​វិញ​ពី​ការរត់គេច​ខ្លួន​ជា​ប្រចាំ​ដើម្បី​បញ្ចៀស​ពី​ភ្នាក់ងារ​របស់​ចិន​ដែល​ត្រូវ​បាន​ជួល​ដោយ​រដ្ឋាភិបាល។​

លោក Hua បាន​ប្រាប់​ VOA ថា ​គណនី​ Twitter មួយ​ដែល​គ្មាន​អ្នក​គាំទ្របាន​ផ្ញើវីដេអូ YouTube មួយ​ឲ្យ​លោក​កាលពី​ថ្ងៃ​ទី២៨ ខែសីហា​ដោយ​និយាយ​ថា «សភា​ពាណិជ្ជកម្ម​ចិន បាន​ផ្តល់​រង្វាន់​ជា​ប្រាក់​ចំនួន​១ពាន់​៦រយ​ដុល្លារ​ស្មើ​នឹង​៥ម៉ឺន​បាត​សម្រាប់​រូប​លោក ដែល​បាន​ចោទ​ប្រកាន់​ពី​លួច​បន្លំ​ប្រាក់​ហើយ​និយាយ​ថា ពួកគេនឹង​ចុះផ្សាយ​«សេចក្តី​ប្រកាសចង់ចាប់​ខ្លួន​នេះ»ដោយ​មានភ្ជាប់​ជាមួយរូប​ថត​របស់​លោក​នៅ​ក្នុង​ទីក្រុង​បាង​កក​និង​ទីកន្លែង​ផ្សេងៗ​ទៀត ។​

លោក Hua បាន​និយាយ​ទៀត​ថា «ខ្ញុំ​មិន​ដឹងថា​តើ​សភា​ពាណិជ្ជកម្ម​នោះមាន​ពិត​ដែរ​ឬទេ។ ខ្ញុំ​សង្ស័យ​ថា​ ពួកគេ​ជា​ចារ​បុរស​ចិន» ។​

អ្នក​យក​ព័ត៌មានម្នាក់របស់​ VOA បាន​ហៅ​លេខ​ទូរសព្ទ​នៅ​លើ​សេចក្តី​ប្រកាស​នោះ​ ក៏ប៉ុន្តែគ្មាន​នរណា​អ្នកលើក​ទេ។

ពួក​អ្នក​ប្រឆាំង​ខ្លះនិយាយ​ថា ស្ថាន​ភាព​ក្នុង​ប្រទេស​ថៃ​មាន​ការលំបាក​កាន់​តែខ្លាំង​ឡើង​ដែលនាំ​ឲ្យ​ពួកគេ​ខ្លះ សម្រេច​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ចិនវិញ«ដោយ​ស្ម័គ្រ​ចិត្ត​» ដោយសារ​សម្ពាធ​រដ្ឋាភិបាល​ថៃនិង​ចិន ។ លោក Xing បាន​បដិសេធ​មិន​ត្រឡប់​ទៅ​វិញ។

លោកបាន​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់​ពួកគេថា បើ​ពួកគេនាំខ្ញុំ​ទៅ​ប្រទេស​ចិន​វិញ​ដោយ​បង្ខំ ពួកគេ​នឹងអាច​យក​បាន​តែ​សាក​សព​របស់​ខ្ញុំ​ទៅ​វិញ​តែ​ប៉ុណ្ណោះ»។

រឿង​រ៉ាវ​ដែល​កើតឡើង​ចំពោះ​លោក Xing បាន​បណ្តាល​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោរ​ក្នុង​ចំណោម​ជនភៀស​ខ្លួន​ចិន​ដែល​នៅជាប់​គាំង​ក្នុង​ប្រទេស​ថៃ។ ជនភៀស​ខ្លួន​ផ្សេង​ទៀត​បាន​បញ្ជូន​វីដេអូ​របស់​ប៉ូលិស​នៅ​ក្នុង​ផ្ទះ​របស់​លោក Xing ទៅឲ្យ​ស្នង​ការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្វែង​រក​ជំនួយ។ បន្ទាប់​មក លោក Xing បាន​ត្រូវ​គេ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ឃុំឃាំង​ជន​អន្តោ​ប្រវេសន៍​ដើម្បី​រង់ចាំ​ធ្វើ​មាតុភូមិ​និវត្ត​ន៍ទៅ​ប្រទេស​ចិនវិញ។ នៅ​ទីបញ្ចប់ លោក​បាន​ទទួលការជួយ​ខាង​មនុស្ស​ធម៌​ក្នុង​គ្រាអាសន្ន​ហើយ​បាន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​ណូវែលហ្សេឡង់ ។

លោក Hua កំពុង​រៀបចំ​ធ្វើ​រឿង​ឯកសារ​មួយ​ស្តីពីស្ថានភាព​ជនភៀសខ្លួន​ចិន​ក្នុង​ប្រទេស​ថៃ ដែល​កំពុង​រង់ចាំ​ទៅតាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​ទី៣ ដែល​បាន​ភ្ជាប់​លោក​ជាមួយ​ជនភៀស​ខ្លួន​ផ្សេង​ទៀត ។ លោកបាន​និយាយ​ទៀត​ថា មនុស្ស​ជា​ច្រើន​ដែល​បាន​រត់គេចខ្លួន​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ថៃ ហើយ​ទោះបី​ក្នុង​ចំណោម​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​បាន​ទទួលឋានៈភាព​ជា​ជនភៀស​ខ្លួន​ក៏ដោយ ក៏​ពួកគេ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដ៏លំបាក​បំផុត ។

លោក Hua បាន​ប្រាប់​ VOA ថា «ខ្ញុំ គិត​ថា ជនភៀសខ្លួន​ទាំងនោះកំពុង​ទទួល​ការឈឺចាប់​ខ្លាំង​បំផុត។ ការឈឺចាប់​នោះ​មាន​២​ប្រភេទ។ ទី១ គឺការ​ឈឺចាប់​ផ្នែក​សេដ្ឋកិច្ច ពីព្រោះតែអ្នកមិន​អាច​ធ្វើការ​ក្នុង​ប្រទេស​ថៃបាន។ វា​ខុស​ច្បាប់។ ទោះបីអ្នក​មាន​ប័ណ្ណ​ជាជនភៀសខ្លួន​ក៏ដោយ ថៃ​មិន​ទទួល​ស្គាល់​ប័ណ្ណ​នោះទេ។ ប្រសិនបើលិខិត​ឆ្លង​ដែន​របស់​អ្នកផុត​កំណត់ អ្នក​អាច​ត្រូវគេ​ចាប់ខ្លួន​ ប្រសិនបើ​អ្នកស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ។ ដូច្នេះ ពួកគេ​ស្ថិត​នៅក្រោម​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង។ ជនភៀសខ្លួន​ខ្លះ បាន​ទៅ​វត្ត​អារាម និង​ទីកន្លែង​ផ្សេងៗ​ ដែលមិន​អស់​លុយ​កាក់ ពីព្រោះ​តែពួកគេ​មិន​មាន​ប្រាក់»។

លោក Hua បន្ត​ទៀត​ថា ការ​រងគ្រោះ​ទី២ ដែល​កាន់តែ​អាក្រក់​ទៅទៀត​នោះ គឺ​សម្ពាធ​ខាង​ផ្លូវចិត្ត ។

លោកបាន​និយាយ​ទៀតថា «ខ្ញុំគិតថា​ ជនភៀស​ខ្លួន​ទាំងអស់​ សុទ្ធ​តែ​មាន​ការ​ធ្លាក់​ទឹកចិត្ត​ទោះ​តិច​ ឬ​ច្រើន។ ពួកគេ​មិន​មាន​សុខភាព​ខាង​ផ្លូវចិត្តល្អ​ទេ» ។​

ជន​ភៀសខ្លួន​ជាច្រើន បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​អស់​ជា​ច្រើន​ឆ្នាំដើម្បី​រង់ចាំ​តាំង​ទី លំនៅ​ក្នុងប្រទេស​ទី៣ ហើយ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ។ លោក Hua បាន​និយាយ​ទៀត​ថា ពីព្រោះ​តែ​មនុស្ស​ជាច្រើន​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត​ Falun Gong និង​ជា​សកម្ម​ជន ពួកគេ មាន​ការភ័យ​ខ្លាចពីការតាមចាប់​ខ្លួនដោយ​មនុស្ស​មកពី​ប្រ ទេស​ចិន​ ។ ដូច្នេះ ពួកគេ​មាន​ការជ្រួលច្រាល់​និង​ការតានតឹង​ក្នុង​ចិត្តខ្លាំង​បំផុត ។

លោក Hua បានទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​និង​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ដើម្បី​ស្វះស្វែង​រក​ការជួយ​ឧបត្ថម្ភ​និង​ចែករំលែក​បទពិសោធន៍​របស់​លោក ។ លោក​សង្ឃឹម​ថា នឹង​ទៅរស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ជាទីកន្លែង​ដែល​លោក​គិត​ថា លោកនឹង​មាន​សុវត្ថិភាព ។

លោក Hua បាន​និយាយ​បន្ត​ទៀត​ថា លោកបាន​ទទួលលេខ​សំណុំ​រឿង​ពី​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា ការសម្ភាសន៍​លើ​ក​ទី​២ នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ ។ ក៏ប៉ុន្តែលោក​បាន​និយាយ​ទៀត​ថា មន្ត្រី​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​លោក​ថា មាន​ករណី​ដូចលោក​ជា​ច្រើន​លើស​លប់៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG