ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump នឹង​ស្នើ​ដាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកជន


លោក​ប្រធានាធិបតី Donald Trump យក​ដៃ​បាំង​ពេល​មើល​ទៅ​ទស្សនិកជន​ នៅ​ពេល​លោក​ថ្លែង​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ប្រចាំ​ឆ្នាំ​នៅ​មហាស្រព Ford's Theatre ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ចាប់ផ្ដើម​ស្នើ​ដាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរ​តាម​ផ្លូវ​អាកាស​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកជន ដែល​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​រយៈពេល​មួយ​សប្ដាហ៍​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

ការ​គ្រប់គ្រង​ចរាចរ​តាម​ផ្លូវ​អាកាស នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ។ លោក Gary Cohn ទី​ប្រឹក្សា​សេដ្ឋកិច្ច​ចម្បង​របស់​លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ថា ការ​ធ្វើ​ឯកជនូបនីយកម្ម​នេះ នឹង​ជួយ​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើ​ដំណើរ និង​ថ្លៃ​សាំង។

នៅ​ចុង​សប្ដាហ៍​នេះ លោក Trump នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Ohio ដើម្បី​ពិភាក្សា​អំពី​ការ​រីក​ចម្រើន​ទំនប់​ទឹក​នានា ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម។

លោក Trump ក៏​មាន​ជំនួប​គ្រោង​ទុក​ជា​មុន​មួយ​ទៀត​ផង​ដែរ ជាមួយ​នឹង​អភិបាល​រដ្ឋ និង​អភិបាល​ក្រុង​នានា ដើម្បី​ពិភាក្សា​អំពី​គម្រោង​របស់​ពួកគេ ហើយ​លោក Trump នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រសួង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​កែ​ទម្រង់​ច្បាប់​នានា ដែល​ទាក់ទង​នឹង​ផ្លូវ​គោក និង​ផ្លូវ​ដែក។

លោក Gary Cohn បាន​និយាយ​ថា៖ «ទោះបីជា​អ្នក​ជា​នរណា​ក៏​ដោយ ក៏​អ្នក​នៅតែ​រង​ការ​ប៉ះពាល់​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ជានិច្ច»។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក លោក Trump បាន​អំពាវនាវ​ឲ្យ​បង្កើត​កម្មវិធី​មួយ ដែល​មាន​ទឹក​ប្រាក់​ចំនួន ១ ទ្រីលាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស។ សំណើ​ថវិកា​របស់​លោក Trump ដែល​បាន​ប្រកាស​កាល​ពី​ខែ​មុន រួម​មាន​កញ្ចប់​ថវិកា​ក្នុង​ទឹក​ប្រាក់​ចំនួន ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រដ្ឋបាល​របស់​លោក សង្ឃឹម​ថា​នឹង​ឈាន​ទៅ​ដល់​ការ​វិនិយោគ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG