មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានបញ្ជាឲ្យសម្លាប់ឧបនាយករដ្ឋមន្រ្តីរបស់ខ្លួនម្នាក់ទៀតនៅក្នុងការបោសសម្អាតមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងព្យូងយ៉ាង នេះបើតាមសេចក្តីរាយការណ៍របស់សាព័ត៌មានកូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់ពីប្រភពមិនប្រាប់ឈ្មោះដែលបានដឹងពីកូរ៉េខាងជើងថា ឧបនាយករដ្ឋមន្រ្តី Choe Yong Gon ត្រូវបានសម្លាប់ដោយការបាញ់ជាក្រុមកាលពីខែឧសភា បន្ទាប់ពីបានសម្តែងការមិនសប្បាយចិត្តចំពោះគោលនយោបាយព្រៃឈើរបស់ Kim Jong Un។
ក្រសួងបង្រួបបង្រួមជាតិរបស់ប្រទេសកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីសេចក្តីរាយការណ៍នេះទេ ក៏ប៉ុន្តែបានកត់សម្គាល់ថា គេមិនបានប្រទះឃើញលោក Choe នៅកន្លែងសាធារណៈប្រហែល៨ខែមកហើយ។ ក្រសួងនេះបានប្រាប់ឲ្យដឹងទៀតថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់ដើម្បីមើលថា តើមានអ្វីកើតឡើងចំពោះលោក Choe»។
រដ្ឋាភិបាលទីក្រុងព្យូងយ៉ាង មិនបានធ្វើអត្ថាធិប្បាយទេ អំពីជោគវាសនារបស់លោក Choe មានអាយុ៦៣ឆ្នាំដែលទើបតែត្រូវបានតែងតាំងជាឧប្បនាយករដ្ឋមន្រ្តីកាលពីឆ្នាំទៅមិញ។ ប្រសិនបើមានការបញ្ជាក់ការពិតនោះ ការណ៍នេះនឹងក្លាយជាការប្រហារជីវិតមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងលើកទី២នៅឆ្នាំនេះ។
ក្រសួងស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានរាយការណ៍នៅដើមឆ្នាំនេះថា លោក Hyon Yong Chol រដ្ឋមន្រ្តីការពារប្រទេស ត្រូវបានប្រហារជីវិតដោយកាំភ្លើងបាញ់យន្តហោះដែលទំនងជាបណ្តាលមកពីការដែលលោកដេកលក់ក្នុងពេលប្រជុំកងទ័ព៕