ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​នឹង​បញ្ចូន​ឌីស​វីដេអូ​រឿង The Interview ទៅ​កូរ៉េ​ខាង​ជើង


រូបភាព​​ឯកសារ៖ សកម្មជន​ដែល​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​លោក​ Lee Min-bok ឈរ​ឲ្យ​ថត​រូប​ ខណៈ​ត្រូវ​បាន​សម្ភាសន៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters នៅ​ឯ​ផ្ទះ​របស់​លោក​នៅ​ក្នុង​ក្រុង​ Pocheon ចំងាយ​១៥​គ.ម.​ ភាគ​ខាង​ត្បូង​ពី​តំបន់​យោធា​ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ​។

សកម្ម​ជន​ម្នាក់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ​លោក​បាន​បង្ហោះ​បាឡុងដែល​មាន​ខ្សែភាព​យន្ត​ចំឡង​រឿង​ The Interview ​រាប់​ពាន់​របស់​ហូលីវូដ​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង។

ខ្សែ​ភាព​យន្តដែល​ពណ៌​នាពី​ផែនការ​របស់​ CIA ធើ្វ​ឃាត​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បាឡុង​រួម​ជាមួយ​ខិត្ត​ប័ណ្ណ​ប្រឆាំង​នឹងរដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ផង។

លោក Lee Min-bok ​ជា​អ្នក​រត់​គេច​ចេញ​ពី​កូរ៉េ​ខាង​ជើង​បាន​ក្លាយ​ជា​សកម្ម​ជន​និយាយ​ថា ​លោក​បាន​បង្ហោះ​បាឡុង​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​៤។​ ការបង្ហោះ​ភាគ​ច្រើន​បាន​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​សៅរ៍។

កូរ៉េ​ខាង​ជើង​បាន​ជំ​ទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ការ​បង្ហោះ​បាឡុង​បែប​នេះ។​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ ​កូរ៉េខាង​ជើង​បាន​បាញ់​ទម្លាក់​បាឡុង​ខ្លះ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​បាញ់​តប​ត​គ្នា​មួយ​សន្ទុះ​ជាមួយ​កងទ័ព​កូរ៉េ​ខាង​ត្បូង។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឲ្យ​ក្រុម​សកម្ម​ជន​ទប់​កុំ​បង្ហោះ​បាឡុង ​ក៏​ប៉ុន្តែ ​និយាយ​ថា ​ការ​បង្ហោះ​បាឡុង​នោះ​ជា​សកម្មភាព​នៃ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី។

ជន​ជាតិ​កូរ៉េខាង​ត្បូង​ខ្លះ ​ដែល​រស់​នៅ​ជិត​ព្រំ​ដែន​បាន​ត្អូញត្អែរថា ​ក្រុម​សកម្ម​ជន ​កំពុង​ធ្វើ​ឲ្យ​ជិ​វិត​រស់​នៅ​របស់​ក្រុម​អ្នក​ស្រុកក្នុង​តំបន់​នោះ ​មាន​ភាព​គ្រោះ​ថ្នាក់​ដោយ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​គោលដៅ។

កូរ៉េ​ខាង​ជើង ​មានការ​រកាំ​ចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​ប៉ុនប៉ង​ដាក់​ខ្សែ​ភាព​យន្ត The Interviewចូល​ក្នុង​បាឡុង ​ដោយ​កូរ៉េខាង​ជើង​បាន​ប្រកាស​ថា ​ខ្សែភាពយន្ត​នោះជា​អំពើ​ភេរវកម្ម។

​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​កូរ៉េខាង​ជើង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាមប្រព័ន្ធ​កុំព្យុទ័រ​យ៉ាង​ធំទៅ​លើ​ក្រុម​ហ៊ុន Sony Pictures ​ដែល​បាន​ផលិត​ខ្សែភាព​យន្ត​នោះ៕

XS
SM
MD
LG