ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​សម្លាប់​​ឆ្លង​​ព្រំ​ដែន​​បង្ក​​ឲ្យ​​មាន​​ការ​​ព្រួយ​​បារម្ភ​​នៅ​​ភាគ​ឦសាន​​ប្រទេស​​ចិន​


ទាហាន​កូរ៉េ​ខាង​ជើង​បាន​ឈរ​យាម​នៅ​លើ​ទន្លេតYaluជិត​ទី​ក្រុង​ ​Hyesan ខេត្ត​ ​Ryanggang នៃប្រទេសកូរ៉ខាងជើង ទល់​មុខ​​ក្រុង ​Linjiang​ នៃប្រទេសចិន នា​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៤ ។ ការ​​សម្លាប់​​ឆ្លង​​ព្រំ​ដែន​​បង្ក​​ឲ្យ​​មាន​​ការ​​ព្រួយ​​បារម្ភ​​នៅ​​ភាគ​ឦសាន​​ប្រទេស​​ចិន​ ។
ទាហាន​កូរ៉េ​ខាង​ជើង​បាន​ឈរ​យាម​នៅ​លើ​ទន្លេតYaluជិត​ទី​ក្រុង​ ​Hyesan ខេត្ត​ ​Ryanggang នៃប្រទេសកូរ៉ខាងជើង ទល់​មុខ​​ក្រុង ​Linjiang​ នៃប្រទេសចិន នា​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ២០១៤ ។ ការ​​សម្លាប់​​ឆ្លង​​ព្រំ​ដែន​​បង្ក​​ឲ្យ​​មាន​​ការ​​ព្រួយ​​បារម្ភ​​នៅ​​ភាគ​ឦសាន​​ប្រទេស​​ចិន​ ។

ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​របស់​ខ្លួន​ចំនួន​បី​នាក់​ត្រូវ​បានសម្លាប់​នៅ​ក្នុង​ឃាតកម្មឆ្លង​ព្រំដែន​មួយ​ ដែល​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទាហាន​កូរ៉េ​ខាង​ជើង។ ហេតុការណ៍​នេះ​ គឺ​ជា​លើក​ទី​បី​ហើយ ក្នុង​រយៈ​ពេល​ប្រាំ​បី​ខែ​ ដែល​ជន​ជាតិ​ចិន​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ដែល​មាន​ច្រក​ចេញ​ចូល​ច្រើន ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុពាក់​ព័ន្ធ​ជាមួយ​ជនជាតិ​កូរ៉េ​ខាង​ជើង​ ហើយ​វា​បាន​បង្ក​ឲ្យ​មានការ​ព្រួយ​បារម្ភ​ខាង​សន្តិសុខ។


រយៈ​ពេលជាង​ពីរ​សប្តាហ៍​មក​ហើយ​ ចាប់​តាំង​ពី​អាជ្ញាធរ​ចិន​បាន​ចេញ​ផ្សាយ​ព័ត៌មាន​លម្អិត​ស្ទើរ​តិចតួច​អំពី​ការ​សម្លាប់​ទាំងនេះ។ ការ​អះ​អាង​របស់​ពួក​គេពី​ឧបទ្ទវហេតុ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ បាន​ទម្លាយ​ព័ត៌​មាន​ ដោយ​បាន​ផ្សារ​ភ្ជាប់ទា​ហាន​កូរ៉េ​ខាង​ជើង​ទៅ​នឹង​ការ​ស្លាប់​ទាំង​នោះ។


អាជ្ញាធរ​បាន​និយាយ​ថា​ អ្នក​ស្លាប់​ទាំង​បី​នាក់​ រួម​មាន​បុរស​ម្នាក់អាយុ​៥៦ឆ្នាំ​ មាន​ត្រកូល​ Zhaoកូន​ស្រី​របស់​គាត់​អាយុ​២៦​ឆ្នាំ​ និង​បុរស​ម្នាក់​ទៀតមាន​អាយុ​៦៧​ឆ្នាំ។ អ្នក​ទាំង​បី​មិន​មែន​ជា​អ្នក​ភូមិ ​Nanping ដែល​ជា​ភូមិ​មួយ​មាន​ទី​តាំង​នៅ​ត្រើយ​ទន្លេ​មួយ​ឆ្លង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ។ អាជ្ញាធរ​មិន​ទាន់​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​នៅ​ឡើយ​ទេ ថា​តើ​ហេតុ​អ្វីបាន​ជា​ពួក​គេ​ត្រូវ​បានគេ​យក​ជា​គោល​ដៅ​នៃ​ការសម្លាប់​នោះ ឬ​អ្វី​ដែល​ពួក​គេ​បាន​កំពុង​ធ្វើ​នៅ​ក្នុង​ភូមិ​នោះ។


Nanping គឺ​ជា​ភូមិ​ដែល​ទាហាន​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​ឆ្លង​កាត់​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ ដោយ​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់។ ជា​ការ​ឆ្លើយ​តប​ ប្រទេស​ចិន​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ ហើយ​ ឧបទ្ទវហេតុ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ឧទាហរណ៍​ចុង​ក្រោយមួយ​នៃ​ការ​ធ្លាក់​ចុះទំនាក់​ទំនង​រ​វាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​ក្រុង​ព្យុងយ៉ាង។


ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ផ្គើន​នឹង​សម្ព័ន្ធ​មិត្ត​ចិន​នៅ​ឆ្នាំ​២០១៣​ តាមរយៈ​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ជា​លើក​ទី​បី​របស់​ខ្លួន។ នៅ​ចុង​ឆ្នំា​នោះ​ដែរ លោក​ Kim Jong Un ​បាន​ប្រហារ​ជី​វិត​ឪពុក​មា​របស់​ខ្លួន​ឈ្មោះ​ Jang Song Thaek។ លោក​ Jang​ គឺ​ជា​អ្នកលើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​នឹង​ប្រទេស​ចិន។


លោក​ Lu Chao ​សាស្រ្តាចារ្យ​នៅ​ Liaoning Academy of Social Sciences ​បាន​និយាយ​ថា​ កង្វះ​ខាត​ស្បៀង​អាហារ​នៅ​តាម​ព្រំដែន​ អាច​ជំរុញ​ឲ្យ​មាន​សកម្មភាព​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវ​ការ។ លោក​បាន​និយាយ​ថា ​វា​ក៏អាចពាក់​ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ផ្ទៃ​ក្នុង​នៃ​យោធា​របស់កូរ៉េ​ខាង​ជើង​ដែរ។


លោក​ Lu ​បាន​និយាយ​ថា​ អ្នក​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ចូល​ក្នុង​ទឹក​ដី​ចិន​ គឺ​ជា​ទាហាន​ ហើយ​ពួកគេ​ប្រដាប់​ទៅ​ដោយ​អាវុធ។ លោក​បាន​បន្ត​ថា បញ្ហា​នេះ​ធ្លាប់​បាន​កើត​ឡើង​កាល​ពី​គ្រា​មុនៗ​មក ប៉ុន្តែ​មិន​ញឹកញាប់​ដូចនេះ​ឡើយ ហើយ​នេះ​អាច​ពាក់​ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ជួរ​យោធា។


លោក​ Chun Ki-won ​គឺ​ជាអ្នក​បួស​នៅ​ក្នុង​វិហារ​គ្រិស្ត​ឈ្មោះ​ Durihana ​ដែល​ជួយ​ពួកជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង។ លោក​បាននិយាយ​ថា​ កាល​ពី​មុន​ ពួក​អ្នក​រត់​ចោល​ស្រុក​មិន​ត្រូវ​ការ​ជំនួយ​ពី​ពួក​ទាហាន​ទេ ​ដើម្បី​ឆ្លង​កាត់​ព្រំដែន​នោះ​ ប៉ុន្តែ​អ្វី​ៗទាំង​អស់បាន​ផ្លាស់​ប្តូរ​នៅ​ក្នុង​ឆ្នាំ​២០១០ ​នៅ​ពេល​ដែល​ប្រទេស​ចិន​ និងកូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​រឹត​បន្តឹង។


លោក​ Chun​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ទោះ​បី​ជា​ទាហាន​មាន​តួនាទី​ការពារ​ព្រំដែន​ក៏​ដោយ​ ពួក​គេ​ក៏ត្រូវ​ការ​រក​ប្រាក់​ចំណូល​ដែរ។ ពួក​ឈ្មួញ​កណ្តាល​ត្រូវ​ការ​ស្ត្រី​ពី​កូរ៉េ​ខាង​ជើង​ ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​បាន​ក្លាយ​ជា​ស្រី​ពេស្យា​ ឬ​កូន​ក្រមុំ​សម្រាប់​បុរស​ជន​ជាតិ​ចិន​ ហើយ​ក៏​មាន​អ្នក​ដែល​ចង់​ចូល​ក្នុង​ប្រទេស​ចិន​ដោយ​ខ្លួន​ឯង​ផង​ដែរ។ លោក​ Chun បន្ត​ថា​ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​គិត​ពី​ផល​ប្រយោជន៍ដូចៗ​គ្នា។


លោក​ Chun ក៏​បាន​បន្ថែម​ដែរ​ថា​ ​ខណៈដែល​ឧបទ្ទវហេតុ​នេះ​ មិន​ទំនង​នឹង​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដោយ​ ប៉ុន្តែ​មតិ​របស់​សាធារណ​ជនទំនង​ជា​កាន់​តែ​អាក្រក់​ទៅ​ៗ។


ឧបទ្ទវហេតុ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ដ៏​ទូលំ​ទូលាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ប្រទេស​ចិន​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង​ថា​ កំពុង​ព្យាយាម​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ។ អ្នក​ប្រើ​ប្រាស់​បណ្តាញ​ Weibo​ ម្នាក់​បាន​អះ​អាង​ថា​ ការ​កើន​ឡើង​នៃ​ឧបទ្ទវហេតុ​ជា​ច្រើន​បន្ត​បន្ទាប់​គ្នា​ មិន​ត្រឹម​តែ​គូស​បញ្ជាក់​ពី​កង្វះស្បៀង​អាហារ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បង្ហាញ​ថា​នៅ​មាន​ចន្លោះ​ប្រហោងលើ​ការ​ចំណាយ​ក្នុង​ការ​ការពារ​ជាតិ​របស់ចិន​ ដែល​បាន​ចំណាយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់។


កាសែត​ចិន និង​បទ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​មួយ​ចំនួន​ បាន​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​នៃ​ការ​សម្លាប់​ដោយ​មាន​ការ​ស្រងាក​ចិត្ត​ មិន​ត្រឹម​តែ​ដោយ​សារ​តែ​អំពើ​ហិង្សា​នោះ​ទេ​ ប៉ុន្តែ​ក៏​ដោយ​សារ​តែពួក​គេ​បាន​ដឹង​ពី​ឧបទ្ទវហេតុ​នោះ​ដំបូង​បង្អស់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស។


ឮក្នុង​វិចារណកថា​ថ្មី​មួយ​ ដែល​និយាយ​ពី​ការ​សម្លាប់​នេះ​ កាសែត​ Beijing News ​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ និង​ការ​ព្រួយ​បារម្ភ​ថា​ ការ​សម្លាប់​នៅ​តែ​បន្ត​កើត​ឡើង។ បទ​វិចារណកថា​នេះ​បាន​បន្ត​សរសេរ​ថា​ មិន​ថា​មាន​អ្វី​បាន​កើត​ឡើង​ទេ​ អាជ្ញាធរ​គួរ​តែ​ចាត់​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ និង​សន្តិសុខ​របស់​ពលរដ្ឋ​ចិន​ដែល​រស់​នៅ​ក្បែរ​តំបន់​ព្រំដែន៕


ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង




XS
SM
MD
LG