ពួកជនសកម្មប្រយុទ្ធ Boko Haram នៃប្រទេសនីហ្សេរីយ៉ា (Nigeria) បានផ្សព្វផ្សាយវីដេអូមួយបង្ហាញពីការកាត់ក្បាលបុរសពីរនាក់។
ក្រុមស៊ើបការសម្ងាត់ SITE បានរាយការណ៍អំពីការផ្សព្វផ្សាយវីដេអូនេះកាលពីថ្ងៃច័ន្ទនៅក្នុងបណ្តាញ Twitter របស់ផងខ្លួន។ រូបនៅនឹងថ្កល់ពីវីដេអូនេះបង្ហាញឲ្យឃើញពួកជនសកម្មប្រយុទ្ធដែលពាក់របាំងមុខកាន់កាំបិតវែង ឈរនៅពីក្រោយបុរសពីរនាក់អង្គុយនៅនឹងដី។
គេមិនទាន់បានដឹងច្បាស់លាស់ភ្លាមៗទេថា តើការកាត់ក្បាលជនទាំងនេះបានកើតមានទ្បើងនៅពេលណាឬនៅកន្លែងណាទេ ហើយគេក៏មិនដឹងច្បាស់អំពីសញ្ជាតិរបស់បុរសទាំងពីរនាក់នោះទេ។
អង្គការ SITE បាននិយាយថា វីដេអូនេះមានចំណងជើងថា «ការច្រូតកាត់ពួកចារបុរស»។
ពួក Boko Haram បានសម្លាប់មនុស្សរាប់ពាន់នាក់ហើយចាប់តាំងពីពួកគេបានចាប់ផ្តើមបះបោរកាលពីឆ្នាំ២០០៩ ហើយបានត្រួតត្រាក្រុងជាច្រើននៅក្នុងប៉ែកឦសាននៃប្រទេសនីហ្សេរីយ៉ា (Nigeria)។ ប្រទេសនីហ្សេរីយ៉ា (Nigeria) ប្រទេសឆាដ (Chad) ប្រទេសនីហ្សេ (Niger) និងប្រទេសកាមេរូន (Cameroon) បានបើកធ្វើការវាយលុកមួយប្រឆាំងនឹងក្រុមនេះកាលពីចុងខែមករា ហើយបានវាយយកបានមកវិញនូវក្រុងមួយចំនួន៕