មន្ត្រីនានានៅប្រទេស Nigeria និយាយថា ក្រុមសកម្មប្រយុទ្ធ Boko Haram បានដោះលែងចំណាប់ខ្មាំងជិត២០០នាក់ ដែលពួកគេបានចាប់ពង្រាត់នៅរដ្ឋ Yobe ភាគឦសាន កាលពីដើមខែមករានេះ។ អាជ្ញាធរនានានិយាយថា មនុស្សជាង១៩០នាក់ ដែលភាគច្រើនជាស្ត្រី ត្រូវបានដោះលែងកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ក្រោយពីត្រូវបានចាប់ជាចំណាប់ខ្មាំងអំឡុងពេលមានការវាយប្រហារកាលពីថ្ងៃទី៦ខែមករាទៅលើភូមិ Katarko។ អំឡុងពេលមានការវាយប្រហារនោះ ក្រុមប្រដាប់អាវុធ Boko Haram បានដុតភូមិសឹងតែទាំងអស់។ មន្ត្រីនានានិយាយថា មានមនុស្សខ្លះប្រហែលនៅបន្តជាប់ជាចំណាប់ខ្មាំងនេះនៅឡើយ។
ក្រុមសកម្មប្រយុទ្ធ Boko Haram បានធ្វើការចាប់ពង្រាត់មនុស្សយ៉ាងច្រើនក្នុងពេលកន្លងមក។ កាលពីឆ្នាំទៅ ក្រុមនេះបានចាប់សិស្សសាលាជិត៣០០នាក់ពីទីក្រុង Chibok។
ក្នុងព្រឹត្តិការណ៍មួយទៀត ក្រុមសកម្មប្រយុទ្ធ ដែលគេសង្ស័យថា ជាក្រុម Boko Haram និងកម្លាំងរដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា បានប្រយុទ្ធគ្នានៅថ្ងៃអាទិត្យនេះនៅក្នុងទីក្រុង Maiduguri នៅភាគឦសាន។ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីមនុស្សស្លាប់និងរងរបួសទេ។
ក្នុងពេលជាមួយគ្នានេះដែរ លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.បានទៅប្រទេស នីហ្សេរីយ៉ា នៅថ្ងៃអាទិត្យនេះ ដើម្បីជួបជាមួយបេក្ខជនឈានមុខពីរនាក់ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនោះ ហើយលោក Kerry នឹងជំរុញឲ្យមានការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌៕