ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្ដី​រាយការណ៍៖ ក្នុង​ចំណោម​ឯកសារ​ដែល​រឹបអូស​ពី​ភូមិគ្រឹះ​លោក Trump មាន​ឯកសារ​អំពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​មួយ


ឯកសារពីមន្ទីរយុត្តិធម៌មួយ​ដែល​ដាក់បញ្ជូន​នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​ពី​ក្រុមមេធាវី​របស់​លោក​អតីតប្រធានាធិបតី Donald Trump សម្រាប់​អ្នកជំនាញ​ពិសេស ពិនិត្យមើល​ឯកសារ​ដែល​រឹបអូស​បាន​ក្នុងអំឡុងពេល​ឆែកឆេរ​នៅ​ភូមិគ្រឹះ​ Mar-a-Lago នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
ឯកសារពីមន្ទីរយុត្តិធម៌មួយ​ដែល​ដាក់បញ្ជូន​នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​ពី​ក្រុមមេធាវី​របស់​លោក​អតីតប្រធានាធិបតី Donald Trump សម្រាប់​អ្នកជំនាញ​ពិសេស ពិនិត្យមើល​ឯកសារ​ដែល​រឹបអូស​បាន​ក្នុងអំឡុងពេល​ឆែកឆេរ​នៅ​ភូមិគ្រឹះ​ Mar-a-Lago នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

កាសែត The Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ក្នុង​ចំណោម​ឯកសារ​ដែល​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​រក​ឃើញ​នៅ​ឯ​ភូមិគ្រឹះ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​រដ្ឋ Florida កាលពី​ខែ​មុន មាន​ឯកសារ​មួយ​ដែល​រៀបរាប់​អំពី​ការ​ការពារ​ផ្នែក​យោធា​របស់​ប្រទេស​មួយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​នោះ​ផង​ដែរ។

កាសែត​នេះ​បាន​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​របស់​ខ្លួន​គឺ​ផ្អែក​លើ​ព័ត៌មាន​ដែល​បាន​មក​ពី​ប្រភព​ដែល​ដឹង​អំពី​រឿង​នេះ ប៉ុន្តែ​កាសែត​នេះ​មិន​បាន​លើកឡើង​អំពី​ឈ្មោះ​ប្រទេស​ដែល​បាន​បញ្ជាក់​ខាង​លើ​នេះ​ទេ។

សេចក្ដី​រាយការណ៍​របស់​កាសែត​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ឯកសារ​មួយ​ចំនួន​ដែល​រឹបអូស​បាន​នៅ​ក្នុង​ការ​ឆែកឆេរ​កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា នៅ​ឯ​ភូមិគ្រឹះ​របស់​លោក Trump នោះ រៀបរាប់​អំពី​ប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​លក្ខណៈ​សម្ងាត់​ខ្លាំង ដែល​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ​ជា​ច្រើន​មិន​ដឹង​អំពី​រឿង​នេះ។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​កំពុង​ស៊ើប​អង្កេត​លើ​ករណី​រក្សាទុក​ព័ត៌មាន​ផ្នែក​ការពារ​ជាតិ​ទាំង​នេះ និង​លើ​ករណី​នៃ​ការ​ប្រឹងប្រែង​ដើម្បី​បង្អាក់​ការ​ស៊ើប​អង្កេត​នេះ។

ក្នុង​អំឡុង​ការ​ឆែកឆេរ​កាលពី​ខែ​សីហា​នោះ ភ្នាក់ងារ FBI បាន​រឹបអូស​ឯកសារ​ប្រហែល ១១.០០០ ដែល​ក្នុង​នោះ​ឯកសារ​ចំនួន​ប្រហែល ១០០ មាន​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់។

លោក Trump ដែល​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​កាលពី​ខែ​មករា ឆ្នាំ ២០២១ បាន​ប្រគល់​ឯកសារ​រាប់​រយ​ជូន​រដ្ឋាភិបាល​វិញ​កាលពី​ខែ​មករា​និង​ខែ​មិថុនា​នៅ​ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​ដោយ​មាន​ការ​យល់ព្រម​ពី​ចៅក្រម​សហព័ន្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Merrick Garland បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ឆែកឆេរ​ភូមិគ្រឹះ​របស់​លោក Trump កាលពី​ខែ​សីហា បន្ទាប់ពី​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ខាង​ក្នុង​ដែល​ថា​មាន​ឯកសារ​បន្ថែម​ទៀត​ដែល​នៅ​រក្សា​ទុក​នៅ​ក្នុង​ភូមិគ្រឹះ​របស់​លោក Trump នោះ។

កន្លង​មក លោក Trump បាន​ជំទាស់​ទៅ​នឹង​ការ​ឆែកឆេរ​នេះ ហើយ​មេធាវី​របស់​លោក​បាន​ស្នើ​ចៅក្រម​សហព័ន្ធ​ឱ្យ​តែងតាំង​អ្នក​ជំនាញ​ពិសេស​ដើម្បី​ពិនិត្យ​លើ​បណ្ដុំ​ឯកសារ​ដែល​រឹបអូស​បាន​ទាំង​នោះ​ដើម្បី​កំណត់​ថា​តើ​ឯកសារ​ណា​ខ្លះ​ដែល​ជា​ឯកសារ​បុព្វសិទ្ធិ​ប្រធានាធិបតី​ដែល​គួរតែ​ប្រគល់​ជូន​លោក​វិញ។

ចៅក្រម​សហព័ន្ធ​បាន​យល់ព្រម​តាម​សំណើ​របស់​មេធាវី​លោក Trump នេះ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​កំណត់​ថ្ងៃ​ផុត​កំណត់​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​សម្រាប់​ភាគី​ខាង​លោក Trump និង​ភាគី​ខាង​ក្រសួង​យុត្តិធម៌​នៅ​ក្នុង​ការ​ផ្ដល់​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​អាច​ធ្វើ​ជា​អ្នក​ជំនាញ​ពិសេស​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG