ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ឱ្យ​មាន​មន្ត្រី​ជំនាញ​ពិសេស​ដើម្បី​ពិនិត្យ​លើ​ឯកសារ​ដែល​រឹបអូស​ពី​ភូមិគ្រឹះ​របស់​លោក


រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ចាកចេញ​ពី​អគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក ក្នុង​រយៈពេល​​ពីរ​ថ្ងៃ បន្ទាប់​ពី​ភ្នាក់ងារ FBI ​ឆ្មក់ឆែកឆេរ​ភូមិគ្រឹះ​ Mar-a-Lago របស់​លោក​នៅ​ក្នុងក្រុង Palm Beach ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ចាកចេញ​ពី​អគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក ក្នុង​រយៈពេល​​ពីរ​ថ្ងៃ បន្ទាប់​ពី​ភ្នាក់ងារ FBI ​ឆ្មក់ឆែកឆេរ​ភូមិគ្រឹះ​ Mar-a-Lago របស់​លោក​នៅ​ក្នុងក្រុង Palm Beach ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២។

ក្រុម​មេធាវី​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្នើ​តុលាការ​សហព័ន្ធ​ឱ្យ​រារាំង​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) ជា​បណ្ដោះ​អាសន្ន​កុំ​ឱ្យ​ពិនិត្យ​លើ​ឯកសារ​ដែល​បាន​រក​ឃើញ​នៅ​ឯ​ភូមិគ្រឹះ​របស់​លោក Trump នៅ​រដ្ឋ Florida រហូត​ទាល់តែ​ដល់​ពេល​ដែល​មន្ត្រី​ជំនាញ​ពិសេស​ត្រូវ​បាន​តែងតាំង​ដើម្បី​ដក​ចេញ​នូវ​ឯកសារ​ណា​ដែល​ការពារ​ដោយ​បុព្វសិទ្ធិ​របស់​ប្រធានាធិបតី​ក្នុង​ការ​មិន​បញ្ចេញ​ឯកសារ​សម្ងាត់​ដល់​តុលាការ។

អ្នក​ស៊ើប​អង្កេត​សហព័ន្ធ​កំពុង​ស៊ើប​អង្កេត​ថា​តើ​លោក Trump មាន​បាន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​ឯកសារ​ណា​មួយ បន្ទាប់ពី​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​កាលពី​ខែ​មករា ឆ្នាំ ២០២១ ដែរ​ឬ​ក៏​អត់។

ទីភ្នាក់ងារ FBI បាន​រឹបអូស​បណ្ដុំ​ឯកសារ​សម្ងាត់​ចំនួន ១១ ពី​ភូមិគ្រឹះ Mar-A-Lago របស់​លោក Trump នៅ​រដ្ឋ Florida កាលពី​ដើម​ខែ​នេះ។ ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ ឯកសារ​ខ្លះ​មាន​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់​បំផុត​របស់​ជាតិ ដែល​អាច​មើល​បាន​តែ​នៅ​ក្នុង​អាគារ​ពិសេស​ណា​មួយ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ប័ណ្ណសារដ្ឋាន​ជាតិ​សហរដ្ឋ​អាមេរិក​ក៏​បាន​ដក​ហូត​ប្រអប់​ឯកសារ​មួយ​ចំនួន​ពី​ភូមិគ្រឹះ​របស់​លោក Trump ផង​ដែរ​កាលពី​ដើម​ឆ្នាំ​នេះ ដែល​ឯកសារ​ទាំង​នោះ​គួរតែ​ត្រូវ​បាន​ប្រគល់​ជូន​ប័ណ្ណសារដ្ឋាន​ជាតិ​នេះ​នៅ​ពេល​ដែល​លោក Trump បញ្ចប់​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី។

លោក Trump បាន​រិះគន់​នីតិវិធី​នេះ ហើយ​នៅ​ក្នុង​ឯកសារ​របស់​លោក​ដែល​ដាក់​ជូន​តុលាការ លោក​បាន​ហៅ​ការ​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI លើ​ភូមិគ្រឹះ​របស់​លោក​កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា​កន្លង​ទៅ​នេះ​ថា​ជា «វិធានការ​បែប​គឃ្លើន​ដ៏​គួរ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត»។

ក្រសួង​យុត្តិធម៌​បាន​ឆ្លើយតប​ថា ចៅក្រម​សហព័ន្ធ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ឆែកឆេរ​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ទីភ្នាក់ងារ FBI បាន​បង្ហាញ​ភវនីយហេតុ​ដែល​ថា​អាច​មាន​ឧក្រិដ្ឋកម្ម​ប្រព្រឹត្តិ​ឡើង។

កាលពី​ថ្ងៃ​ចន្ទ កាសែត The New York Times បាន​រាយការណ៍​ថា រដ្ឋាភិបាល​អាមេរិក​បាន​រក​ឃើញ​និង​រឹបអូស​ឯកសារ​សម្ងាត់​ជាង ៣០០ ឯកសារ​ពី​ភូមិគ្រឹះ​របស់​លោក Trump ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ឯកសារ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA) ទីភ្នាក់ងារ​សន្តិសុខ​ជាតិ និង​ទីភ្នាក់ងារ FBI ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG