កាលពីថ្ងៃចន្ទ ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលស្នើឱ្យមានការតែងតាំងអ្នកជំនាញពិសេសឯករាជ្យដើម្បីពិនិត្យលើឯកសារផ្នែកសន្តិសុខជាតិរាប់ពាន់ទំព័រនិងឯកសារផ្សេងៗទៀតដែលរឹបអូសបានពីភូមិគ្រឹះ Mar-a-Lago របស់លោកនៅក្នុងរដ្ឋ Florida ដើម្បីកំណត់ថាតើឯកសារមួយចំនួនក្នុងចំណោមនោះគួរតែប្រគល់ជូនលោកវិញ ឬក៏យ៉ាងណានោះ។
ចៅក្រមសហព័ន្ធអ្នកស្រី Aileen Cannon នៅក្នុងរដ្ឋ Florida បានអនុញ្ញាតឱ្យមានការតែងតាំងអ្នកជំនាញពិសេសនេះ បើទោះបីជាក្រសួងយុត្តិធម៌ធ្លាប់បានជំទាស់ក៏ដោយ។ ក្រសួងយុត្តិធម៌បានប្រាប់អ្នកស្រីចៅក្រម Cannon កាលពីសប្ដាហ៍មុនថា ខ្លួនបានបញ្ចប់រួចរាល់ហើយនូវការពិនិត្យលើឯកសារសម្ងាត់ខ្លាំងនិងឯកសារផ្សេងៗទៀតដែលបានរឹបអូសពីភូមិគ្រឹះរបស់លោក Trump តាមដីកាឆែកឆេររបស់តុលាការកាលពីថ្ងៃទី ៨ ខែសីហា។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងចំណោមឯកសារទាំង ១១.០០០ ទំព័រ ដែលខ្លួនបានរឹបអូស ខ្លួនបានរកឃើញឯកសារចំនួនប្រហែល ៥០០ ទំព័រដែលអាចជាឯកសារបុព្វសិទ្ធិប្រធានាធិបតីដែលគួរតែអាចប្រគល់ជូនលោក Trump វិញ។ អ្នកស្រីចៅក្រម Cannon បានបញ្ជាក់នៅក្នុងសេចក្ដី សម្រេចថា ឯកសារបុព្វសិទ្ធិទាំងនោះរួមមានព័ត៌មានផ្នែកសុខភាព ព័ត៌មានផ្នែកគណនេយ្យ និងសារឆ្លើយឆ្លងពាក់ព័ន្ធនឹងពន្ធជាដើម។
អ្នកស្រី Cannon បានបញ្ជាមេធាវីរបស់ក្រសួងយុត្តិធម៌និងមេធាវីរបស់លោក Trump ឱ្យប្រគល់ជូនអ្នកស្រីនៅត្រឹមថ្ងៃសុក្រសប្ដាហ៍នេះនូវបញ្ជីឈ្មោះបេក្ខជនដែលអាចធ្វើជាអ្នកជំនាញពិសេសឯករាជ្យដើម្បីពិនិត្យលើឯកសារដែលរឹបអូសបានពីភូមិគ្រឹះរបស់លោក Trump។
អ្នកស្រីបានបន្ថែមថា មេធាវីភាគីទាំងសងខាងក៏គួរតែចរចាផងដែរអំពី «កាតព្វកិច្ចនិងលក្ខខណ្ឌកំណត់» សម្រាប់អ្នកជំនាញពិសេសដែលត្រូវតែងតាំងនោះ និងគួរតែស្នើនូវពេលវេលាជាក់លាក់សម្រាប់ការបញ្ចប់ការត្រួតពិនិត្យនេះ។
ដោយតម្រូវឱ្យ «រង់ចាំឱ្យមានការបញ្ចប់រួចរាល់ជាមុនសិននូវការពិនិត្យរបស់អ្នកជំនាញពិសេស» ឬក៏បទបញ្ជាថ្មីពីតុលាការ អ្នកស្រីចៅក្រម Cannon ក៏បានបញ្ជាផងដែរឱ្យក្រសួងយុត្តិធម៌បញ្ឈប់ការស៊ើបអង្កេតព្រហ្មទណ្ឌរបស់ខ្លួនលើករណីថាតើហេតុអ្វីបានជាលោក Trump យកឯកសារសម្ងាត់ខ្លាំងទៅជាមួយលោកនៅពេលលោកបញ្ចប់អាណត្តិជាប្រធានាធិបតីកាលពីខែមករា ឆ្នាំ ២០២១ ជាជាងប្រគល់ឯកសារទាំងនោះជូនប័ណ្ណសារដ្ឋានជាតិដូចដែលច្បាប់តម្រូវ។
ប៉ុន្តែ អ្នកស្រីបាននិយាយថា ទោះបីជាមានការផ្អាករឿងការស៊ើបអង្កេតព្រហ្មទណ្ឌនេះក៏ដោយ ក៏អ្នកជំនាញផ្នែកស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលនៅតែអាចបន្តពិនិត្យថាតើផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកមានបានរងការប៉ះពាល់ដោយសារការរក្សាទុករបស់លោក Trump នូវឯកសារទាំងនេះនៅឯភូមិគ្រឹះរបស់លោកឬក៏អត់៕
ចៅក្រមអនុញ្ញាតឱ្យមានការពិនិត្យដោយឯករាជ្យលើឯកសារដែលរកឃើញនៅភូមិគ្រឹះលោក Trump
វ៉ាស៊ីនតោន —