លិខិតបញ្ជាក់មូលហេតុដែលទីភ្នាក់ងារ FBI បានប្រើ ដើម្បីស្នើសុំដីកាឆែកឆេរនៅភូមិគ្រឹះ Mar-a-Lago របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានចេញផ្សាយជាសាធារណៈ។
លិខិតនោះមានកម្រាស់ ៣៨ ទំព័រ ដែលអក្សរចំនួនប្រមាណពាក់កណ្តាលត្រូវបានលុបពីលើដោយទឹកថ្នាំពណ៌ខ្មៅដើម្បីបិទបាំងព័ត៌មានសម្ងាត់មួយចំនួន។ ក្នុងចំណោមឯកសារដែលលោក Trump បានរក្សាទុក មានឯកសារចំនួន ១៨៤ ដែលមានចំណារថាជាឯកសារសម្ងាត់ ហើយលោកបានសរសេរអក្សរពីលើឯកសារខ្លះក្នុងចំណោមឯកសារទាំងអស់នោះ។
ព័ត៌មានសម្ងាត់អំពីការការពារជាតិដែលមាននៅក្នុងឯកសារជាច្រើនដែលលោក Trump បានរក្សាទុកបានធ្វើឱ្យពួកអ្នកជំនាញខាងសន្តិសុខជាតិ និងខាងស៊ើបការណ៍សម្ងាត់ភ្ញាក់ផ្អើល និងបង្ហាញការព្រួយបារម្ភ។
លោក David Laufman គឺជាអតីតប្រធានផ្នែកប្រឆាំងចារកម្មនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
លោកបាននិយាយជាមួយវីអូអេតាមរយៈ Zoom ថា៖ «តាមដែលយើងបានដឹងរហូតមកដល់ពេលនេះ គឺមិនដែលមានពីមុនមកទេដែលអតីតប្រធានាធិបតីម្នាក់បានបន្ទាបតម្លៃខ្លួនឯង ដោយយកឯកសារដែលមានចែងច្បាស់លាស់ថាជាការសម្ងាត់កម្រិតខ្ពស់បំផុត មានពាក្យសម្ងាត់បំផុតដែលជាពាក្យសម្ងាត់យោងដល់ការគ្រប់គ្រងបន្ថែមជាពិសេសលើជនទាំងឡាយណាដែលអាចមើលឯកសារទាំងនោះបានពីព្រោះវាមានទាក់ទិននឹងកម្មវិធីរសើបបំផុតមួយចំនួនដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិករបស់យើងប្រើ ហើយសូម្បីតែព័ត៌មានសម្រាប់ចូលមើលកម្មវិធីពិសេសក៏មានរួមបញ្ចូលនៅក្នុងឯកសារទាំងស្រុងនោះដែរ ដែលត្រូវបានបញ្ជូនទៅកាន់បណ្ណសារដ្ឋានជាតិកាលពីប៉ុន្មានខែមុននេះ...ហើយខ្ញុំគិតថាពួកគេមានការភ្ញាក់ផ្អើលនៅពេលរកឃើញព័ត៌មានសម្ងាត់នៅក្នុងឯកសារទាំងនោះ។ ហេតុដូច្នេះហើយបានជាពួកគេបញ្ជូនករណីនេះទៅក្រសួងយុត្តិធម៌»។
នៅតាមបណ្តាញព័ត៌មានសង្គម លោក Trump បានថ្កោលទោសការឆែកឆេរនេះថាជារឿងមិនត្រឹមត្រូវតាមច្បាប់និងជា«ការបោកបញ្ឆោត»។ ប៉ុន្តែអ្នកជំនាញខាងច្បាប់ម្នាក់បាននិយាយប្រាប់វីអូអេថា ទាំងលោក Trump និងទាំងពួកអ្នកការពារលោកមិនបានពន្យល់អំពីថាហេតុអ្វីបានជាលោករក្សាទុកឯកសារសម្ងាត់កម្រិតខ្ពស់យ៉ាងច្រើនបែបនេះទេ ហើយពួកគេមានជំនឿថា អតីតប្រធានាធិបតីរូបនេះមានបញ្ហាខាងផ្លូវច្បាប់ធ្ងន់ធ្ងរ។
លោកស្រី Kim Wehle ជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ American University។ លោកស្រីបានប្រាប់វីអូអេតាមរយៈ Skype ថា៖ «ដូច្នេះតាមដែលយើងបានដឹងរហូតមកដល់ពេលនេះគឺថាគ្មានការបង្ហាញអត្ដសញ្ញាណរបស់លោក Trump ទេ។ ហើយក្នុងពេល១៨ខែមកនេះ គេបានសុំឱ្យលោកប្រគល់ឯកសារទាំងនោះមកវិញ តែលោកមិនព្រម»។
លោកស្រី Wehle បានសម្តែងកង្វល់មួយដែលត្រូវបានបង្ហាញដូចគ្នាដែរនៅក្នុងលិខិតរបស់ FBI ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ថា ហេតុផលមួយក្នុងចំណោមហេតុផលឯទៀតៗដែលទីភ្នាក់ងារ FBI ប្រមូលយកឯកសារទាំងនោះមកវិញគឺដោយសារតែមានការបារម្ភថាអ្នកផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់អាមេរិកាំងអាចរងគ្រោះថ្នាក់។
លោកស្រី Wehle បានថ្លែងប្រាប់វីអូអេទៀតថា៖ «តើឈ្មោះមនុស្សដែលមានទាក់ទិនជាមួយកិច្ចប្រតិបត្តិការសម្ងាត់ក្នុងនាមសហរដ្ឋអាមេរិក ក្នុងនាមការពារជាតិ អាចមានគ្រោះថ្នាក់ឬទេ? តើមានមនុស្សដែលបម្រើប្រជាជននិងសាធារណជនអាមេរិកាំងឬទេ? តើនៅពេលនេះពួកគេស្ថិតក្នុងគ្រោះថ្នាក់ដោយសារព័ត៌មានទាំងនេះស្ថិតក្នុងកណ្តាប់ដៃសត្រូវបរទេសរបស់យើងដែរឬទេ?»។
លោក David Laufman បាននិយាយប្រាប់វីអូអេថា ក្រសួងយុត្តិធម៌នឹងសម្រេចថានឹងចោទប្រកាន់លោក Trump ឬមួយក៏យ៉ាងណា ហើយសេចក្តីសម្រេចនេះទាក់ទិននឹងការថ្លឹងថ្លែងលើកត្តាជាច្រើន។
លោក Laufman បាននិយាយប្រាប់វីអូអេទៀតថា៖ «ក្នុងចំណោមកត្តានានាដែលក្រសួងយុត្តិធម៌អាចពិនិត្យមើល គឺកត្តាដែលនាំឱ្យមានកំណើនភាពតានតឹង អាចជាការប្រឹងប្រែងលាក់បាំងពីរដ្ឋាភិបាលដែលឯកសារសម្ងាត់មានរក្សាទុកនៅឯ Mar-a-Lago និងមានការបញ្ជាក់តាមការរាយការណ៍ជាសាធារណៈថា យ៉ាងហោចណាស់តាមរយៈក្រុមមេធាវីរបស់លោក លោក Trump បានប្រឹងប្រែងលាក់ឯកសារសម្ងាត់ដែលនៅសេសសល់នៅទីនោះ។ មានការរាយការណ៍មួយចំនួនថា ប្រអប់ខ្លះត្រូវបានយកពីកន្លែងមួយទៅកន្លែងមួយទៀត ដែលនាំឱ្យមានសំណួរអំពីថាតើពួកគេព្យាយាមធ្វើអ្វី»។
លោកប្រធានាធិបតី Joe Biden ដែលត្រូវបានគេសួរកាលពីថ្ងៃសុក្រ ទី ២៦ ខែសីហា ថា តើលោកខ្វល់ខ្វាយឬទេថាអ្នកកាន់តំណែងមុនលោកដាក់ឱ្យមានការគំរាមកំហែងដល់សន្តិសុខជាតិនោះ បានមានប្រសាសន៍ថា លោកនឹងឱ្យក្រសួងយុត្តិធម៌ជាអ្នកធ្វើការលើរឿងនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ