សមាជិកសភាសហរដ្ឋអាមេរិកសំខាន់ៗមួយចំនួនបានអំពាវនាវកាលពីថ្ងៃអាទិត្យឱ្យមានការពិនិត្យឱ្យបានដិតដល់បន្ថែមទៀតលើមូលហេតុនៃការឆែកឆេរភូមិគ្រឹះរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅរដ្ឋ Florida និងពិនិត្យមើលថា តើលោកមានបានធ្វើឱ្យខូចខាតដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែរឬក៏អត់នៅពេលដែលលោកយកឯកសារសម្ងាត់ទៅជាមួយលោកក្រោយពីលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីកាលពីដើមឆ្នាំ ២០២១។
សមាជិករដ្ឋសភាលោក Mike Turner ដែលជាមេដឹកនាំគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការស៊ើបការណ៍សម្ងាត់ បានបញ្ជាក់នៅក្នុងកម្មវិធី «State of the Union» របស់បណ្ដាញព័ត៌មាន CNN ថា៖ «យើងមានការព្រួយបារម្ភមួយចំនួន។ ការព្រួយបារម្ភមួយគឺថាតើការឆែកឆេរនោះមានយុត្តិកម្មឬក៏អត់»។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland បានថ្លែងថា លោកជាអ្នកបញ្ជាឱ្យធ្វើដូច្នេះមុនពេលចៅក្រមសហរដ្ឋអាមេរិកផ្តល់ការយល់ព្រម។
លោក Turner បាននិយាយថា៖ «យើងបានបញ្ជីនេះពីទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) [អំពីអ្វីដែលគេបានរកឃើញនៅភូមិគ្រឹះ Mar-A-Lago របស់លោក Trump] ប៉ុន្តែយើងមិនមានភ័ស្តុតាងដើម្បីសន្និដ្ឋានថាតើនេះពិតជាឯកសារសម្ងាត់មែនឬក៏អត់ និងថាតើឯកសារទាំងនេះត្រូវបានចាត់ទុកថាជាឯកសារសម្ងាត់កម្រិតខ្ពស់ឬក៏យ៉ាងណានោះ»។
បន្ទាប់ពីបានឆែកឆេរភូមិគ្រឹះរបស់លោក Trump កាលពីសប្តាហ៍មុនមក ភ្នាក់ងារ FBI បានរឹបអូសប្រអប់ចំនួន ២០ ដែលពួកគេបាននិយាយថា មានផ្ទុកឯកសារសម្ងាត់ចំនួន ១១ ដោយឯកសារខ្លះមានដាក់ស្លាកថា «ព័ត៌មានសម្ងាត់ផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត» ដែលជាឯកសារដែលអាចមើលបានតែនៅក្នុងទីតាំងរដ្ឋាភិបាលណាដែលមានសុវត្ថិភាពខ្ពស់តែប៉ុណ្ណោះ។
ភូមិគ្រឹះ Mar-A-Lago របស់លោក Trump នោះ មិនមែនជាកន្លែងដែលអាចមើលឯកសារបែបនេះទេ បើទោះបីជាលោក Trump បានអះអាងថា លោកបានចាត់ទុកឯកសារទាំងនោះថាលែងសម្ងាត់មុនពេលលោកបញ្ចប់អាណត្តិរបស់លោកក៏ដោយ។
នៅពេលនោះ វាជាសិទ្ធិរបស់លោក Trump នៅក្នុងការសម្រេចដូច្នេះ។ ប៉ុន្តែតាំងពីពេលនោះមក មន្ត្រីអាមេរិកបានបញ្ជាក់ថា គ្មានឯកសារណាមួយដែលបង្ហាញថា លោក Trump បានចាត់ទុកឯកសារដែលភ្នាក់ងារ FBI បានរកឃើញនោះថាលែងជាឯកសារសម្ងាត់នោះឡើយ៕
សមាជិកសភាអាមេរិកស្នើឱ្យមានការពិនិត្យដិតដល់លើការឆែកឆេរភូមិគ្រឹះលោក Trump និងលើឯកសារដែលភ្នាក់ងារ FBI បានរកឃើញ
វ៉ាស៊ីនតោន —