ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ អាហ្វ្រិក​​តតាំង​នឹង​ចំណោទ​ភូមិសាស្ត្រ​នយោបាយ​ ជាមួយ​ការ​រឹងប៉ឹង​ឡើង​វិញ និង​ឱកាស​សេដ្ឋកិច្ច


រូបឯកសារ៖ អ្នក​គ្រប់​គ្រង​ចរាចរណ៍​ដឹកនាំ​អ្នក​បើក​បរ​ឆ្លង​កាត់​ស្ថានីយ​គិតថ្លៃ​លើ​ផ្លូវ​ Expressway ដែល​ទើប​បើក​ថ្មី​​ដោយ​ក្រុមហ៊ុនផ្លូវ​និង​ស្ពាន​ចិន (CRBC) នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នក​គ្រប់​គ្រង​ចរាចរណ៍​ដឹកនាំ​អ្នក​បើក​បរ​ឆ្លង​កាត់​ស្ថានីយ​គិតថ្លៃ​លើ​ផ្លូវ​ Expressway ដែល​ទើប​បើក​ថ្មី​​ដោយ​ក្រុមហ៊ុនផ្លូវ​និង​ស្ពាន​ចិន (CRBC) នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហានិភ័យ​លើ​សាកលលោក​ឈាន​មុខ​គេ​មួយ​និយាយ​ថា បើ​ទោះ​បី​ជា​មាន​ផល​ប៉ះពាល់​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន អតិផរណា​លើ​សាកលលោក បញ្ហា​ប្រឈម​ផ្នែក​អាកាសធាតុ​និង​សន្តិសុខ​ ទ្វីប​អាហ្រ្វិក​នៅ​តែ​បន្តរឹងប៉ឹងឡើង​វិញ។ របាយការណ៍​ថ្មី​មួយ​ដោយ​ក្រុមហ៊ុន Control Risks និង​ដៃគូ​ពិគ្រោះ​យោបល់​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​គឺ ក្រុមហ៊ុន Oxford Economics Africa រក​ឃើញ​ថា ខណៈ​ភាព​តានតឹង​នៅ​លើ​សាកលលោក​បាន​បង្ក​ឱ្យ​មាន​ភាព​រអាក់រអួល​ជា​ច្រើន​ ការណ៍​នេះ​ក៏​បាន​បង្កើត​ជា​ឱកាស​ផ្សេងៗ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច និង​សន្តិសុខ​ ដល់​រដ្ឋាភិបាល​ប្រទេស​នៅ​អាហ្វ្រិក​មួយ​ចំនួន​ផង​ដែរ។

របាយការណ៍​ស្រាវជ្រាវ​មួយ ចេញ​កាល​ពី​ថ្ងៃ​អង្គារ ទី១៩ ខែ​កញ្ញា បាន​ពិនិត្យ​បែបផែន​ដែល​បណ្តា​ប្រទេស រដ្ឋាភិបាល និង​សាជីវកម្ម​នៅ​អាហ្វ្រិក​ មាន​ដំណើរការ​ទៅ​មុខ​ក្នុង​ពិភពលោក​មួយ​ ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង និង​ការ​ប្រកួតប្រជែង​លើ​ធនធាន​ធម្មជាតិ​និង​សម្ព័ន្ធភាព ជា​ពិសេស​នៅ​ក្នុង​ចំណោមប្រទេស​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក។

ដោយសារវិធានការ​សន្តិសុខ​ និង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុបច្ចុប្បន្ន​របស់​ទ្វីប​អាហ្វ្រិក ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្តោត​លើ​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​នៅ​អាហ្វ្រិក​ក្នុង​ការ​រក្សា​អព្យាក្រឹត្យ​ភាព​ ស្រប​ពេល​ស្ថិតក្រោម​សម្ពាធ​ឱ្យ​ចូលរួម​ជាមួយ​សាជីវកម្ម​បែប​ភូមិសាស្ត្រ​នយោបាយ​នៅ​លើ​សាកលលោក។

អ្នកស្រី Patricia Rodrigues អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Control Risks ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ហានិភ័យ​នយោបាយ សន្តិសុខ និង​សុចរិតភាព និយាយ​ថា អាហ្វ្រិក​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​ចង់បាន​ការ​គាំទ្រ​ និង​ទទួល​បាន​ឱកាស​សេដ្ឋកិច្ច​នៅ​ទ្វីប​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​ពី​តួអង្គ​ចម្បង​ក្នុងផ្នែក​ភូមិសាស្រ្ត​នយោបាយ មិន​ថា សហរដ្ឋអាមេរិក ចិន​ រុស្ស៊ី ឬ​សហភាព​អឺរ៉ុប​ជា​ប្លុក​មួយ គឺ​ថា ពួកគេគ្រប់​គ្នា​កំពុង​ចាត់ទុក​អាហ្វ្រិក​ជា​កន្លែង​មួយ​ ដែល​ពួកគេ​អាច​បញ្ចុះបញ្ចូល​ឱ្យ​មាន​ការ​សម្រប​ជាមួយ​ខ្លួន​លើ​ផ្នែក​កិច្ចការ​ភូមិសាស្រ្ត​នយោបាយ ឬ​កិច្ចការ​សាកល​សំខាន់ៗ។ ហើយក្នុង​ការ​ធ្វើ​ដូច្នេះ យ៉ាងហោច​ណាស់​នឹង​មាន​ការ​ប្តេជ្ញា​វិនិយោគ​ជា​ច្រើន​មាន​ទិសដៅ​មក​កាន់​ទ្វីប​អាហ្វ្រិក។ បន្ថែម​ពី​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នៅអាហ្វ្រិក​កំពុង​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី ​ដើម្បី​ទទួល​បាន​ការ​ប្តេជ្ញា​វិនិយោគ​ផ្សេងៗ»។

អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក​និង​អាហ្វ្រិក​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ប្តេជ្ញា​ផ្តល់​ប្រាក់​ ៥៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ ដោយ​ផ្តោត​លើ​បញ្ហា​សុខាភិបាល ពាណិជ្ជកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ស្រ្តី។

​ការ​ថមថយ​នៃ​ការ​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វ្រិក​បាន​បង្ក​ជា​ឱកាស​សម្រាប់ប្រទេស​ចិន ដែល​បាន​វិនិយោគ ១០​ពាន់​លាន​ដុល្លារ​នៅ​ទ្វីប​នេះ​ចាប់ពី​ឆ្នាំ ២០១៧ រហូត​ដល់​ឆ្នាំ ២០២២ ហើយ​ក៏​បាន​នាំ​ឱ្យ​មាន​ការ​កើនឡើង​ពាណិជ្ជកម្ម​រវាង​អាហ្រ្វិក​និង​រុស្ស៊ី ​ពី​ ៩,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៣ រហូត​ដល់ ១៧,៧ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២១។

​បណ្តា​ប្រទេស​មហាអំណាច​ទាំង​បីនេះ​កំពុង​ប្រកួត​ប្រជែងគ្នា​ដើម្បី​ទទួល​បាន​សិទ្ធិ​ទាញ​យក​ធនធាន​រ៉ែ​នៅ​អាហ្វ្រិក ដែល​មាន​សារៈសំខាន់​ចំពោះ​ការជំរុញ​ការ​វិវត្ត​ទៅ​មុខ​នៃ​បច្ចេកវិទ្យា​ថ្មីៗ។ ទ្វីប​អាហ្វ្រិក​មាន​ធនធាន​រ៉ែ​ជិត​មួយ​ភាគបី​នៃ​ធនធានរ៉ែ​សរុប​នៅ​លើ​ពិភពលោក ហើយ​មាន​ធនធាន​ឧស្ម័ន ប្រាំបី​ភាគរយ និង​ប្រេង​ដប់​ពីរ​ភាគរយនៅ​លើ​ពិភពលោក។

លោក Vincent Rouget គឺ​ជា ប្រធាន​ក្រុមហ៊ុន Control Risks។ លោក​និយាយ​ថា តម្រូវការធនធាន​រ៉ែនៅ​អាហ្វ្រិក​ក៏​បាន​បង្កើត​ជា​ការ​ជំរុញឧស្សាហូបនីយកម្ម​នៅទ្វីប​នេះ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុងក្រោយ​នេះ​គឺ​ជា ចំណាត់ការ​បែប​មុតមាំ​ជាង​មុន​សំណាក់​បណ្តា​ប្រទេស​មួយ​ចំនួន​ ដើម្បី​ព្យាយាម​ធានា​ថា កំណើន​ចំណាប់​អារម្មណ៍​នេះក៏​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់ប្រទេស​នៅ​អាហ្វ្រិក​ផង​ដែរ។ ហើយ​យើង​កំពុង​ឃើញ​អ្វី​ដែល​អ្នក​អាច​ហៅ​ថា ភាព​ជាតិនិយម​ផ្នែក​ធនធាន​សំខាន់​កើត​មាន​ឡើងមក​វិញ​នៅ​តាម​ប្រទេស​ខ្លះ ជា​ទី​ដែល​យើង​ឃើញ​មាន​ការ​ទទូច​លើ​វិស័យកែច្នៃ​ក្នុង​ស្រុក តម្រូវការ​ការ​សម្រឹតសម្រាំង​ក្នុង​ស្រុក​ខ្លាំង​ជាង​មុន និង​ការ​ព្យាយាម​រួម​បញ្ចូលខ្សែសង្វាក់​ផ្គត់ផ្គង់​ធនធាន​សំខាន់​ក្នុង​ការ​ជំរុញ​ទូលំទូលាយ​ជាង​មុខ​លើ​ផ្នែក​ឧស្សាហូបនីយកម្ម»។

នៅ​តាម​បណ្តា​ប្រទេស​អាហ្វ្រិក​ភាគ​ច្រើន មូលធន​ធម្មជាតិ​រ៉ាប់រង​រវាង ៣០​ភាគរយ ទៅ៥០​ភាគរយ​នៃ​ទ្រព្យធន​សរុប។

ទ្វីប​អាហ្វ្រិកខាត​បង់​ ១៩៥​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​នៃ​មូលធន​ធម្មជាតិ​របស់​ខ្លួន ដោយសារ​លំហូរ​ហិរញ្ញវត្ថុ​ខុសច្បាប់ អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ការ​នេសាទ​ខុស​ច្បាប់ និង​ការ​ខូចខាត​ផ្នែក​បរិស្ថាន។

ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា បណ្តា​ប្រទេស​នៅ​អាហ្វ្រិកភាគ​ខាង​ជើង​កំពុង​កំណត់​ខ្លួន​ជា​គោលដៅ​ផលិតកម្ម​ ស្រប​ពេល​បណ្តា​ប្រទេស​បស្ចិមលោក​កំពុង​សម្លឹង​រក​ការ​ដក​ខ្លួន​ចេញ​ពី​ការប្រឡូក​ជាមួយ​ចិន។

​លោក Jacque Nel ប្រធាន​ផ្នែក​ Africa Macro នៅ​ក្រុមហ៊ុន​ប្រឹក្សា Oxford Economics Africa និយាយ​ថា ប្រទេស​នៅ​អាហ្វ្រិក​នឹង​ជួប​បញ្ហា​ប្រឈម​ក្នុង​បរិយាកាស​ដែកាន់​តែមាន​ភាព​ប្រកួតប្រជែង​លើ​សាកលលោក។

លោក​ថ្លែង​ថា៖ «យើង​បន្ត​ឃើញ​មានការ​វិវត្ត​ទៅ​មុខ។ នេះ​មិនមែន​ជា​ការ​ជំរុញ​រយៈពេល​ខ្លី​ដើម្បី​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ ដូច​យើង​ធ្លាប់​បាន​ឃើញ​នោះ​ទេ។ យើងបន្ត​ឃើញ​ការ​ពង្រីក និង​ការ​ទទួល​បាន​ការ​លើកកម្ពស់​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ទ្វីប​នេះ ដែល​នេះពិត​ជា​សំខាន់ ពីព្រោះ​ ទីពីរ នេះ​ជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ទូលំទូលាយ​ជាង​មុន។ ការ​ទទួល​បាន​សេវាកម្មហិរញ្ញវត្ថុ​គឺ​ជា​តម្រូវការ និង​ផ្តល់​ការគាំទ្រដល់​ការ​ជឿនលឿន​នៃ​វិស័យ​នានា​នៅ​ក្នុង​សេដ្ឋកិច្ច»។

យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ សង្រ្គាម​នៅ​លើ​ទ្វីប​នេះ​មិនសូវ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​សហគមន៍​អន្តរជាតិ​នោះទេ បើ​ទោះ​បី​សង្រ្គាម​បាន​ប៉ះពាល់​ទ្វីប​ទាំង​មូល និង​ទាក់ទាញ​ក្រុមពី​ខាង​ក្រៅ​ផ្សេងៗ​ដូចជា ក្រុម​ទាហាន​ស៊ីឈ្នួល Wagner និង​ក្រុម​ភេរវកម្ម​ខ្លះ​ក៏ដោយ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG