ខណៈប្រទេសឥណ្ឌាធ្វើការបោះឆ្នោតតាមដំណាក់កាល នាង Pavni Mishra និស្សិតរៀនយកបរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ Delhi ចង់ឱ្យពួកមេដឹកនាំប្រទេសផ្តោតលើបញ្ហារបស់ក្រុមអ្នកបោះឆ្នោតវ័យក្មេងដូចនាង តែនាងបារម្ភថាបញ្ហាទាំងនោះមិនមានការយកចិត្តទុកដាក់នៅក្នុងយុទ្ធនាការមានការបែកបាក់គ្នា។
នាង Mishra បាននិយាយថា៖ «យើងគួរមានការប្រកួតប្រជែងគ្នាខាងនយោបាយដោយល្អប្រសើរជាជាងនិយាយអំពីសាសនា។ យើងគួរនិយាយអំពីការសិក្សាអប់រំ យើងគួរនិយាយអំពីការងារ អំពីធ្វើបែបណាដើម្បីផ្តល់អំណាចដល់ស្ត្រីនិងពង្រីកសហគ្រាសបង្កើតថ្មី startup នៅក្នុងប្រទេសនេះ»។
នៅពេលចាប់ផ្តើមការឃោសនាបោះឆ្នោតរបស់លោកកាលពីខែមេសា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយអំពីទស្សនវិស័យរបស់លោក ធ្វើប្រទេសឥណ្ឌាឱ្យក្លាយជាប្រទេសអភិវឌ្ឍមិនហួសពីឆ្នាំ ២០៤៧ និងអំពីកម្មវិធីសុខុមាលភាពក្នុងពេលមួយទសវត្សរ៍ដែលលោកកាន់អំណាចដែលបានជួយក្រុមជនក្រីក្រ។
តែនៅក្នុងការប្រជុំឃោសនាបោះឆ្នោតរបស់លោកកាលពីប៉ុន្មានសប្តាហ៍មកនេះ មេដឹកនាំជាតិនិយមហិណ្ឌូរូបនេះបានចោទប្រកាន់គណបក្សសមាជ Congress Party អំពីផែនការផ្តល់អត្ថប្រយោជន៍ថែមទៀតឱ្យក្រុមអ្នកកាន់សាសនាអ៊ិស្លាម ប្រសិនបើខ្លួនជាប់ឆ្នោតឡើងកាន់អំណាច។ លោកក៏បានព្រមានស្ត្រីថា ក្រុមប្រឆាំងនឹងរឹបអូសយកមាសពួកគេនិងចែកចាយទៅឱ្យក្រុមជនភាគតិចធំបំផុតនៃប្រទេសឥណ្ឌា។ គេឃើញថា វោហារសាស្ត្របំបែកបំបាក់នេះជាការប្រឹងប្រែងឱ្យមានការគាំទ្រពីក្រុមជនភាគច្រើនហិណ្ឌូនៅឥណ្ឌា នៅពេលលោកខិតខំឱ្យបានកាន់តំណែងសម្រាប់អាណត្តិទី ៣។
គណបក្ស Bharatiya Janata ឬ BJP របស់លោក Modi ប្រកួតប្រជែងជាមួយសម្ពន្ធភាពមួយនៃក្រុមប្រឆាំងដែលមានរួមគណបក្សសមាជដែរ ដែលមេដឹកនាំគឺលោក Rahul Gandhi ជាគូប្រជែងធំបំផុតរបស់លោកនាយករដ្ឋមន្ត្រី។
លោក Modi បានច្រានចោលការរិះគន់ថា លោកបំបែកបំបាក់ពួកហិណ្ឌូនិងពួកអ្នកកាន់សាសនាអ៊ិស្លាមដើម្បីឱ្យឈ្នះឆ្នោត។ ចំណែកឯលោក Gandhi វិញបា នបដិសេធការចោទរបស់លោក Modi ថា លោកមានផែនការអនុគ្រោះក្រុមជនមូស្លីម ដែលជាក្រុមជនភាគតិចធំបំផុតនៅឥណ្ឌា។
ក្រុមអ្នកបោះឆ្នោតលើកដំបូង ១៨ លាននាក់នៅឥណ្ឌា នៅក្នុងការបោះឆ្នោតទូទៅ មានរួមនិស្សិតរៀនយកបរិញ្ញាប័ត្ររាប់លាននាក់។ សម្រាប់និស្សិតជាច្រើន បញ្ហាសំខាន់បំផុតគឺថា តើរដ្ឋាភិបាលក្រោយការបោះឆ្នោតនឹងបង្កើតការងារច្រើនជាងមុនដោយបែបណា នៅក្នុងប្រទេសមួយដែលទោះជាមានសេដ្ឋកិច្ចលូតលាស់ក៏ដោយ ក៏ការរកការងារធ្វើសម្រាប់និស្សិតរៀនចប់បរិញ្ញាប័ត្របានក្លាយជាបញ្ហាធំមួយ។
យុវជន Shreyas Sood អាយុ ១៩ ឆ្នាំបានថ្លែងថា៖ «ខ្ញុំចង់បានរដ្ឋាភិបាលមួយមានយុត្តិធម៌ដែលរកការងារសម្រាប់មនុស្សគ្រប់ៗគ្នា»។
និស្សិតម្នាក់ទៀត ដែលមិនចង់បញ្ចេញឈ្មោះបាននិយាយថា នាងក៏មានការពិបាកដែរក្នុងការសុំហត្ថការការងារ។
នាងបានពោលថា៖ «ខ្ញុំយល់ថា កង្វល់គឺអំពីការធ្វើឱ្យមានការងារបានប្រាក់បៀវត្សរ៍សមរម្យដើម្បីរស់។ មនុស្សគ្រាប់គ្នាតប់ប្រមល់ក្នុងចិត្ត»។
និស្សិតទាំងនេះមានហេតុផលនាំឱ្យព្រួយបារម្ភ។ បើតាមរបាយការណ៍មួយកាលពីពេលថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិថា អត្រានិស្សិតមានបរិញ្ញាប័ត្រគ្មានការងារធ្វើគឺ ២៩,១% គឺ ៩ ដងច្រើនជាងអត្រារបស់អ្នកមានការសិក្សាអប់រំតិចជាងនេះ។
ទោះជាមានកង្វល់បែបនេះក៏ដោយ ក៏រូបភាពដែលលោក Modi ជាមេដឹកនាំខ្លាំងក្លាម្នាក់ប្រកបដោយសាច់ការ ហើយបានកែលម្អមុខមាត់ឥណ្ឌានៅក្រៅប្រទេសបាននាំឱ្យលោកទទួលបានការគាំទ្រច្រើនពីនិស្សិតវ័យក្មេងជាច្រើន។
B. Prerna និស្សិតរៀនយកបរិញ្ញាប័ត្របាននិយាយថា៖ «លោកអ្នកអាចទុកចិត្តលោក Modi។ ខ្ញុំយល់ថា ជាមួយលោក ប្រទេសមានសុវត្ថិភាព»។
និស្សិតមួយចំនួនទៀតក៏មានអារម្មណ៍ស្រដៀងគ្នានេះដែរ។
ការស្ទង់មតិមួយនៃក្រុមអ្នកបោះឆ្នោតលើកដំបូងដោយវិទ្យាស្ថានស្រាវជ្រាវ Lokniti និងមជ្ឈមណ្ឌលសម្រាប់សង្គមកំពុងអភិវឌ្ឍ បញ្ជាក់ថា លោក Modi ជាជម្រើសទី ១ សម្រាប់មនុស្សច្រើននាក់ដែលយល់ថា លោកអាចដោះស្រាយបញ្ហារបស់យុវជនដូចជាការបង្កើតការងារជាដើម។ ចំនួន ២ភាគ៣ នៃក្រុមអ្នកបោះឆ្នោតដំបូងថា ពួកគេបោះឆ្នោតឱ្យគណបក្ស Bharatiya Janata របស់លោក Modi ហើយថា លោក Modi ស័ក្តិសមបំផុតដើម្បីដឹកនាំរដ្ឋាភិបាលជាតិ។
បើតាមលោក Rasheed Kidwai ថា៖ «ក្នុងចំណោមក្រុមយុវជន មាននិន្នាការធម្មជាតិងាករេទៅនរណាដែលលេចមុខច្រើន ខ្លាំងក្លានិងត្រូវឃើញថា ជាឥស្សរជនល្បីឈ្មោះ ដែលជាមនុស្សប្រឹងប្រែងធ្វើឱ្យមានលទ្ធផល។ ក្នុងករណីនេះលោក Modi ត្រូវលក្ខណៈសម្បត្តិជាច្រើន»។
និស្សិតខ្លះថា ក្រុមប្រឆាំងដែលខ្សោយបានកម្រិតជម្រើសរបស់ពួកគេ។ លោក Rahul Gandhi មេដឹកនាំគណបក្សសមាជបានលើកយកបញ្ហាការងារមកនិយាយនៅក្នុងការប្រជុំឃោសនាបោះឆ្នោតរបស់លោក ហើយបានសន្យាបង្កើតឱ្យមានការហត្ថការសម្រាប់និស្សិតមហាវិទ្យាល័យ។ លោកបាននិយាយដែរថា គណបក្សលោកនឹងចាត់វិធានការដើម្បីដោះស្រាយវិសមភាពសេដ្ឋកិច្ចកើនជាងមុននៅក្នុងប្រទេស។
តែនិស្សិតជាច្រើនយល់ថា គណបក្សសមាជ ដែលត្រូវដកចេញដោយគណបក្ស BJP ជាបក្សធំបំផុតរបស់ឥណ្ឌាកាលពីទសវត្សរ៍មុន ថាជាបក្សមួយមានជំងឺដែលមិនបានធ្វើខ្លួនឯងឱ្យទំនើបទាន់សម័យកាល។
យុវជន Satvik Sharma និស្សិតមហាវិទ្យាល័យបានថ្លែងថា៖ «យើងត្រូវតែបោះឆ្នោតឱ្យរដ្ឋាភិបាលលោក Modi ពីព្រោះនៅពេលនេះ លោកជាឥស្សរជនតែម្នាក់គត់ដែលឃើញថាជាមនុស្សល្អត្រឹមត្រូវ។ និយាយដោយត្រង់ទៅ នៅពេលនេះក្រុមប្រឆាំងខ្សោយណាស់»។
ក្រុមអ្នកវិភាគនិយាយថា អ្នកបោះឆ្នោតវ័យក្មេងជាច្រើនមិនឃើញមានជម្រើសណាមួយក្រៅពីលោក Modi ទេ។
លោក Kidwai បានចង្អុលបង្ហាញថា៖ «ក្រុមប្រឆាំងបែកបាក់គ្នា ហើយទោះជាគណបក្សមួយចំនួនមានមេដឹកនាំខ្លាំងក៏ដោយ ក៏ពួកគេមិនមែនជាមេដឹកនាំមានការគាំទ្រនៅទូទាំងឥណ្ឌាឡើយ។ លោក Rahul Gandhi មិនមែនជាបេក្ខជននាយករដ្ឋមន្ត្រីទេ»។
តែយ៉ាងណាក៏ដោយ ក៏ក្រុមនិស្សិតដូចជា Sharma ជាដើមបារម្ភអំពីវោហារសាស្ត្របំបែកបំបាក់និងការបែកបាក់គ្នាខ្លាំងជាងមុននៅពេលបក្ស BJP កាន់អំណាចយូរ។
យុវជននេះថា៖ «ប្រទេសនិងក្រុមយុវជនមានភាពជ្រុលនិយមខ្លាំងណាស់ខាងសាសនា ទោះជាសាសនាណាក៏ដោយ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលមានភាពសេរីនិយមជាងនេះបន្តិច ចង់ឱ្យយុវជនមានភាពសេរីនិយមបន្តិចដែរ ហើយគិតអំពីប្រទេសទាំងមូលហើយមិនត្រូវគិតថាសាសនាពួកគេខ្ពស់ខ្ពស់ជាងគេឡើយ»។
ការប្រើបញ្ហានានាដូចជាវណ្ណៈនិងសាសនាជាដើមដោយគណបក្សនយោបាយនានាបាននាំឱ្យនិស្សិតខ្លះស្រងាកចិត្តខ្លាំង។
យុវជន Amaldev K បាននិយាយថា៖ «យើងនៅតែប្រយុទ្ធគ្នាអំពីសត្វលោកដែលមានក្នុងទេវកថា អំពីអាទិទេពនិងសាសនា។ យើងគួរផ្តោតលើការអភិវឌ្ឍន៍ប្រទេសវិញ»។
យុវជនរូបនេះមិនអាចធ្វើដំណើរទៅបោះឆ្នោតក្នុងរដ្ឋ Kerala ជារដ្ឋកំណើតរបស់គាត់បានទេ។ តែគាត់ថ្លែងថា បើគាត់អាចបោះឆ្នោតបានវិញនោះ គាត់នឹងយកជម្រើសមួយដែលឥណ្ឌាអនុញ្ញាតឱ្យមានលើសន្លឹកឆ្នោតគឺ NOTA ឬ ”None of the Above” មានន័យ «មិនជ្រើសរើសគណបក្សណាមួយទេ»ដែលបញ្ជាក់អំពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោតម្នាក់នេះដល់ពួកបេក្ខជនទាំងអស់ឥណ្ឌា៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ